(ភ្នំពេញ)៖ នៅក្នុងឱកាសអញ្ជើញចុះសួរសុខទុក្ខ និងលើកទឹកចិត្តដល់ក្រុមស្រាវជ្រាវ និងចងក្រងរបាំព្រះរាជទ្រព្យ ឬរបាំក្បាច់បុរាណខ្មែរ កាលពីព្រឹកថ្ងៃព្រហស្បត៍ ទី៣ ខែកញ្ញា លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី បានបញ្ជាក់ថា ការចងក្រងឯកសាររបាំព្រះរាជទ្រព្យ ឬរបាំក្បាច់បុរាណខ្មែរ គឺជាការអភិរក្ស និងរួមគ្នាថែរក្សាកេរ្តិ៍ដំណែលដ៏ពិសិដ្ឋ របស់ដូនតាខ្មែរយើងបានបន្សល់ទុកឱ្យកូនចៅជំនាន់ក្រោយ និងមនុស្សជាតិទាំងអស់ តាំងតែពីសម័យបុព្វកាលរហូតមកដល់បច្ចុប្បន្ន និងគ្រប់ជំនាន់។

លោកស្រីបន្តថា ស្នាដៃសិល្បៈដ៏ពិសិដ្ឋមួយនេះ បានបញ្ជាក់យ៉ាងជាក់ច្បាស់នូវការច្នៃប្រឌិត និងវិចិត្រកម្មដ៏ខ្ពង់ខ្ពស់អស្ចារ្យប្រកបដោយការប៉ិនប្រសព្វ ភាពវៃឆ្លាត ការតស៊ូប្រឹងប្រែង ភាពរុងរឿងជឿនលឿន និងសេចក្តីថ្លៃថ្នូរ របស់ពូជសាសន៍ខ្មែរ។

ពិធីសំណេះសំណាលនេះ បានធ្វើឡើងនៅក្នុងបរិវេណសាលារចនា ដោយមានការចូលរួមពីសិល្បករ សិល្បការិនី៣ជំនាន់ និងអ្នកជំនាន់ក្រោយប្រមាណ១៥០នាក់។ ជាមួយគ្នានេះ ក៏មានការសម្តែងរបាំព្រះរាជទ្រព្យ និងមានការបង្ហាញក្បាច់ក្បួនដែលក្រុមស្រាវជ្រាវបានសរសេរចងក្រងឯកសារជាសំណេរទុកសម្រាប់បច្ចុប្បន្ន និងអ្នកជំនាន់ក្រោយយកទៅសិក្សាដូចជា៖

*ទី១៖ ក្បាច់ពត់ដៃ ពត់ជើងរបស់តួនាង តួនាយរោង តួយក្ស និងតួស្វា
*ទី២៖ ក្បាច់បាតខ្លីរបស់តួនាង តួនាយរោង តួយក្ស និងស្វា
*ទី៣៖ ចងក្រងក្រាំងភ្លេង និងចម្រៀងរបាំព្រះរាជទ្រព្យ។

លោកស្រី ម៉ែន សំអន បានផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលជានិច្ចកាល សម្តេចទាំងពីរតែងតែយកចិត្តទុកដាក់ខ្ពស់ក្នុងការលើកស្ទួយវិស័យវប្បធម៌ ដោយបានកំណត់យកថ្ងៃទី៣ ខែមីនា ជារៀងរាល់ឆ្នាំ ជាថ្ងៃប្រារព្ធទិវាវប្បធម៌ជាតិ និងសំណេះសំណាលជាមួយសិល្បៈករ ក៏ដូចជាលោកគ្រូ អ្នកគ្រួនៃវស័យសិល្បៈ ក្នុងន័យជួយផ្សព្វផ្សាយ ជួយការការពារ អភិរក្ស និងអភិវឌ្ឍបេតិកភណ្ឌវប្បធម៌ជាតិ ប្រកបដោយចីរភាព ដោយឈរលើគោលការណ៍ «អភិរក្សដើម្បីអភិវឌ្ឍ និងអភិវឌ្ឍលើមូលដ្ឋានអភិរក្ស» សំដៅទាញយកប្រយោជន៍សមស្របសម្រាប់ការអភិវឌ្ឍប្រទេសជាតិ និងផ្ទេរមរតកដ៏មានតម្លៃនេះដល់យុវជនជំនាន់ក្រោយៗទៀត។

ទន្ទឹមនឹងនេះ លោកស្រីបានរំលឹកថា នៅក្នុងទិវាវប្បធម៌ជាតិ ៣ មីនា លើកទី២២ សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា របាំព្រះរាជទ្រព្យជាមរតកដូនតាមិនត្រូវទុកឲ្យអាប់ឱននោះទេ។ តាមរយៈនេះ លោកស្រី ម៉ែន សំអន បានកោតសរសើរក្រុមស្រាវជ្រាវ និងចងក្រងជាសំណេរអំពីរបាំព្រះរាជទ្រព្យដែលដឹកនាំដោយលោកស្រីបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ដែលបានធ្វើឲ្យការងារមួយនេះក្លាយជាការងារងារអាទិភាព ក្នុងនយោបាយអភិរក្ស និងអភិវឌ្ឍន៍វប្បធម៌ជាតិ។

ជាមួយគ្នានេះ លោកស្រី ម៉ែន សំអន បានបញ្ជាក់ថា អ្វីៗអាចធ្វើទៅបាននាពេលនេះ គឺដោយសារប្រទេសមានសុខសន្តិភាព ប្រជាជនកម្ពុជាកំពុងរស់នៅយ៉ាងសុខុដុមរមនាក្រោមពន្លឺនៃសន្តិភាព ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឲ្យមានការអភិវឌ្ឍន៍លើគ្រប់វិស័យ។ ដូចដែលយើងធ្លាប់បានឆ្លងកាត់អតីតកាលដ៏ឈឺចាប់ និងខ្មៅងងឹត ដែលបណ្តាលមកពីភ្លើងសង្គ្រាម និងអំពើប្រល័យពូជសាសន៍ ក្នុងរបប ប៉ុល ពត ដែលបានធ្វើប្រទេសជាតិត្រូវបានបំផ្លិចបំផ្លាញខ្ទេចខ្ទីរស្ទឺរ ទាំងស្រុង ក្នុងនោះវិស័យវប្បធម៌ និងសិល្បៈក៏ត្រូវបានបំផ្លិចបំផ្លាញផងដែរ។

ប៉ុន្តែដោយសារគុណបុណ្យរណសិរ្សសាមគ្គីសង្រ្គោះជាតិកម្ពុជា ដឹកនាំដោយសម្តេចទាំងបីគឺ សម្តេចធម្មពោធិសាល ជា ស៊ីម អតីតប្រធានព្រឹទ្ធសភា, សម្តេចពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា និងសម្តេចតេជោ ហ៊ុន សែន ព្រមទាំងឥស្សរជនផ្សេងទៀតបានក្រោកឈរឡើងតស៊ូ និងបូជានូវអ្វីៗគ្រប់បែបបយ៉ាង ដើម្បីរំដោះប្រទេសជាតិ និងសាសនា ឱ្យរួចផុតពីរបបខ្មៅងងឹតនេះ នៅថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩។ ក្រោយថ្ងៃរំដោះ ៧មករា ឆ្នាំ១៩៧៩ អ្វីៗគ្រប់យ៉ាងត្រូវបានរស់ឡើងវិញ សិល្បៈ វប្បធម៌ របាំទាំងសម័យ និងបុរាណគ្រប់ទម្រង់ទាំងអស់ក៏បានរស់រានឡើងវិញផងដែរ។

គួររំលឹកថា របាំព្រះរាជទ្រព្យ ឬរបាំក្បាច់បុរាណខ្មែរត្រូវបានដាក់បញ្ចូលក្នុងបេតិកភណ្ឌ អរូបីយ៍នៃមនុស្សជាតិរបស់អង្គការយូណេស្កូនៅឆ្នាំ២០០៣ តាមរយៈគុណតម្លៃយ៉ាងខ្ពង់ខ្ពស់លើផ្នែកឆ្នៃ ប្រឌិតដ៏ល្អឯក និងនៅលើផ្នែកអប់រំ (ទាំងផ្លូវចិត្តនិងផ្លូវកាយផងដែរ)។ ទម្រង់របាំព្រះរាជទ្រព្យ ឬរបាំក្បាច់បុរាណខ្មែរមានចែកជាពីរផ្នែកធំៗគឺ របាំ (ដូចជារបាំអប្សរា ទេពមនោរម្យ) និងរបាំរឿង (របាំព្រះថោង នាងនាគ)។ នៅក្នុងនោះមានតួរសំខាន់ៗ ចំនួន ៤ ដែលរួមមាន៖ តួនាង (តួស្រី) តួនាយរោង (តួប្រុស) តួយក្ស និងតួអង្គស្វា (តួសត្វ)។

ទម្រង់នេះសម្ដែងដោយសិល្បៈការិនីទាំងអស់លើកលែងតែតួស្វា។ ចុងបញ្ចប់លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានឧបត្ថម្ភព្រឹទ្ធសាស្ត្រារចារ្យ សិល្បៈករ សិល្បការិនីវ័យចំណាស់ម្នាក់ៗ២០០ដុល្លា និងអ្នកចូលរួមប្រមាណ១៥០នាក់ ម្នាក់ៗសំពត់សឹង១ និងថវិកា១០ម៉ឺនរៀល៕