(ភ្នំពេញ)៖ នៅថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២០នេះ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានទទួលជួបសន្ទនាតាមទូរស័ព្ទជាមួយ លោក មូហាម៉ាត់ សាឌីក សាន់ច្រានី (Muhammad Sadiq Sanjrani) ប្រធានព្រឹទ្ធសភាប៉ាគីស្ថាន ដោយមានការលើកឡើងអំពីការពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិបត្តិការរវាងប្រទេសទាំងពីរ។

ក្នុងជំនួបសន្ទនាតាមទូរស័ព្ទនេះ ប្រធានស្ថាប័នសភាប្រទេសទំាងពីរបានលើកឡើងពីកិច្ចសហប្រតិបត្តិការដ៏ល្អរវាងស្ថាប័ននីតិប្បញ្ញត្តិប្រទេសទំាងពីរ នាពេលកន្លង និងបានសន្យាថា នឹងខិតខំពង្រឹងពង្រីកទំនាក់ទំនងការទូតសភាប្រទេសទំាងពីរ ឲ្យកាន់តែរឹងមាំថែម ទៀត ទាំងទ្វេភាគី និងពហុភាគី ដូចជាក្នុងក្របខណ្ឌ សហភាពអន្តរសភា (IPU) សភាតំបន់អាស៊ី (APA) និង វេទិកាសភាតំបន់អាស៊ីប៉ាស៊ីហ្វិក (APPF) ជាដើមនោះ។

លោក មូហាម៉ាត់ សាឌីក សាន់ច្រានី បានកោតសរសើរចំពោះសម្តេចប្រធានរដ្ឋសភាកម្ពុជា ដែលមានបទពិសោធន៍ច្រើនក្នុងភាពជាអ្នកដឹកនាំ ស្ថាប័ននីតិប្បញ្ញត្តិ ដែលបានធ្វើឱ្យប្រទេសកម្ពុជា មានការអភិវឌ្ឍជឿនលឿន និងជាពិសេសទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការល្អរវាងសភា នៃប្រទេសទាំងពីរ។ លោកបានស្នើសុំរដ្ឋសភាកម្ពុជា គាំទ្របេក្ខភាពសភាប៉ាគីស្ថាន ជាប្រធាន IPU ក្នុងអាណត្តិ ២០២០-២០២៣ និងជំរុញឲ្យមានការផ្លាស់ប្តូរដំណើរទស្សនកិច្ចរបស់រដ្ឋសភាប្រទេសទំាងពីរនៅគ្រប់កម្រិត។

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានគាំទ្រចំពោះការលើកឡើងរបស់ លោកប្រធានព្រឹទ្ធសភាប៉ាគីស្ថាន។ សម្តេច នឹងជំរុញក្រុមសភាជាតិកម្ពុជា IPU ពិចារណា និងគាំទ្រចំពោះសំណើរបស់សភាប៉ាគីស្ថាននេះ។ ជាមួយគ្នានេះ សម្តេចប្រធានរដ្ឋសភា បានបញ្ជាក់ថា រដ្ឋសភាកម្ពុជា បានគំាទ្រសភាប៉ាគីស្ថាន ជាសមាជិកសង្កេតការណ៍របស់អន្តរសភាអាស៊ាន (AIPA) ដែលរដ្ឋសភាវៀតណាម ទទួលធ្វើជាម្ចាស់ផ្ទះ នាដើមខែកញ្ញា ខាងមុខនេះ ផងដែរ៕