(កំពង់ធំ)៖ លោក ជា ចាន់តូ ទេសាភិបាលធនាគារជាតិនៃកម្ពុជា បានឲ្យដឹងថា ការរក្សាគម្លាត និងការអនុវត្តអនាម័យដែលជាការណែនាំរបស់ក្រសួងសុខាភិបាលនៅក្នុងជីវភាពរស់នៅប្រចាំថ្ងៃ និងការប្រារព្ធផ្សេងៗពិសេស ក្នុងពិធីបុណ្យភ្ជុំបិណ្ឌរយៈពេល១៥ថ្ងៃនេះ នៅតែជាបញ្ហាអាទិភាព ដើម្បីរួមគ្នាការការពារពីជំងឺកូវីដ១៩ បើទោះបីកម្ពុជាមិនមានអ្នកស្លាប់ ដោយសារជំងឺនេះក៏ដោយ។

ការលើកឡើងរបស់លោក ជា ចាន់តូ ធ្វើឡើងនៅថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២០ ក្នុងឱកាសដែលលោក និងលោកស្រី ព្រមទាំងមន្ត្រីបុគ្គលិកធនាគារជាតិនៃកម្ពុជា ចូលរួមកាន់បិណ្ឌទី១ ដែលបានប្រារព្ធធ្វើនៅវត្តចំនួន៣ស្ថិតនៅស្រុកសន្ទុក ខេត្តកំពង់ធំ។

លោក ជា ចាន់តូ ឲ្យដឹងថា «ទោះបីនៅតាមសហគមន៍មិនទាន់មានករណីឆ្លងជំងឺកូវីដ១៩នេះក៏ដោយ តែយើងត្រូវអនុវត្តការធ្វើអនាម័យ ដើម្បីការពារកុំឲ្យមានការឆ្លងជំងឺនេះដោយស្ដាប់តាមការណែនាំរបស់ក្រសួងសុខាភិបាលកម្ពុជា ឲ្យបានជាប់ជាប្រចាំ ដើម្បីរួមគ្នាទប់ស្កាត់កុំឲ្យមានការឆ្លងនៅក្នុងសហគមន៍ព្រោះថា ជំងឺកូវីដ១៩នេះវាមិនទាន់ផុតរលុតពីលោកយើងនៅឡើយទេ»

លោក ជា ចាន់តូ និងលោកស្រី ព្រមទាំងថ្នាក់ដឹកនាំ មន្ត្រី បុគ្គលិកបានឧទ្ទិសដល់ជីដូន ជីតា មាតា បិតា និងញ្ញាត្តិតិកាទាំង៧សណ្ដាន និងបានឧទ្ទិសចំពោះដួងវិញ្ញាក្ខ័ន្ខ សម្តេចអគ្គមហាធម្មពោធិសាល ជា ស៊ីម វិរៈយុទ្ធជន យុទ្ធនារី ដែលស្នេហាជាតិដែលបានបូជាអាយុជីវិត ដើម្បីបុព្វហេតុជាតិមាតុភូមិ និង សូមឧទ្ទិសជូនដល់វិញាណក្ខ័ន្ធប្រជាជានកម្ពុជាស្លូតត្រង់ ដែលស្លាប់ក្នុងបរបប្រល័យពូជសាសន៍ ប៉ុល ពត ផងដែរ ។

ទន្ទឹមនឹងនេះក៏បានបួងសួង សូមឲ្យមនុញ្ញផលទាំអស់ ដែលកើតចេញពីការធ្វើបុណ្យក្រោមកម្លាំងសុទ្ធាជ្រះថ្លា នៃមហាកម្លាំងសាមគ្គីរបស់ថ្នាក់ដឹកនាំ និងមន្ត្រី បុគ្គលិកធនាគារជាតិ សូមផ្ដល់នូវសេចក្ដីសុខចម្រុងចម្រើនដល់ថ្នាក់នាំជាតិគ្រប់ៗរូប ប្រជាជន និងមាតុភូមិកម្ពុជាឲ្យទទួលបានតែសេចក្ដីសុខមានសន្តិភាពព្រមទាំងមានការអភិវឌ្ឍរីកចម្រើនសម្បូររុងរឿងពិសេសឲ្យរួចចាកផុតពីជំងឺកូវីដ១៩។

ក្នុងឱកាសថ្ងៃកាន់បិណ្ឌទី១នេះ លោក ជា ចាន់តូ និងលោកស្រី បានវេបច្ច័យចំនួន៩លាន២សែនរៀល ដែលកើតចេញពីទឹកចិត្តប្រកបដោយសុទ្ធានាឱកាសនេះប្រគេនចំពោះព្រះ សង្ឃ សម្រាប់ទ្រទ្រង់ក្នុងពិធីបុណ្យកាន់បិណ្ឌ និងបានប្រគេនទ័យ្យវត្ថុនិងបច្ច័យមួយចំនួនដល់ព្រះសង្ឃគង់ក្នុងអារាមទាំង៣នេះផងដែរ៕