(ភ្នំពេញ)៖ រដ្ឋលេខាធិការប្រចាំការនៃក្រសួងទេសចរណ៍ លោក ទិត ចន្ថា បានឱ្យដឹងថា កាលពីកំលុងពេលជួបបញ្ហាជំងឺកូវីដ-១៩ មូលដ្ឋានអាជីវកម្មសេវាកម្មទេសចរណ៍ស្ទើរតែ ៩០% នៅទូទាំងប្រទេសត្រូវបានផ្អាកដំណើរការជាបន្តបន្ទាប់។ ប៉ុន្តែដោយសារនៅរយៈពេលចុងក្រោយនេះ ភ្ញៀវទេសចរផ្ទៃក្នុងមានភាពល្អប្រសើរឡើងវិញ បានជំរុញឱ្យមូលដ្ឋានអាជីវកម្មសេវាកម្មទេសចរណ៍ប្រមាណ ៣០% បើកដំណើរការឡើងវិញ។

ការថ្លែងរបស់ថ្នាក់ដឹកនាំជាន់ខ្ពស់ក្រសួងទេសចរណ៍យ៉ាងដូច្នេះ ត្រូវបានធ្វើឡើងក្នុងសន្និសីទសារព័ត៌មាន ស្ដីពីស្ថានភាពវិស័យទេសចរណ៍នាកំលុងពេលវិបត្តិជំងឺកូវីដ១៩ ដែលរៀបចំដោយអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល នាព្រឹកថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២០ នៅទីស្ដីការគណៈរដ្ឋមន្ដ្រី។

នៅទូទាំងប្រទេសកម្ពុជាមានមូលដ្ឋានអាជីវកម្មសេវាកម្មទេសចរណ៍សរុបចំនួន ៩,៦៨៩ទីតាំង ក្នុងនោះមានសណ្ឋាគារ ផ្ទះសំណាក់ ភោជនីយដ្ឋាន ម៉ាស្សា ស្ប៉ា ទីភ្នាក់ងារទេសចរណ៍ ខារ៉ាអូខេ រង្គសាល ឌីស្កូតែក បៀហ្គាឌិន កីឡាទេសចរណ៍ជាដើម។

នាឱកាសនោះ លោក ទិត ចន្ថា បានឱ្យដឹងថា នាកំលុងពេលដែលកម្ពុជាជួបវិបត្តិជំងឺកូវីដ១៩ សណ្ឋាគារ ផ្ទះសំណាក់ ភោជនីយដ្ឋាន អាហារដ្ឋាន ក៏ដូចជាមូលដ្ឋានអាជីវកម្មសេវាកម្មទេសចរណ៍ដទៃទៀតស្ទើរតែ ៩០% ត្រូវបានផ្អាកសកម្មភាពអាជីវកម្មរបស់ខ្លួនជាបណ្ដោះអាសន្ន ដោយសារការទប់ស្កាត់ការរីករាលដាលជំងឺកូវីដផង និងដោយសារពុំមានភ្ញៀវទេសចរមកទទួលសេវាកម្មផង។

លោកបានបន្តថា នាពេលបច្ចុប្បន្ននេះ ទោះបីសកម្មភាពទេសចរអន្តរជាតិត្រូវបានផ្អាកសកម្មភាពស្ទើរតែទាំងស្រុង ក៏ចលនាទេសចរផ្ទៃកំពុមានសកម្មភាពល្អប្រសើរឡើងវិញដែរ ក្នុងនោះមូលដ្ឋានអាជីវកម្មសេវាកម្មទេសចរណ៍សរុបប្រមាណ ៣០% នៅទូទាំងប្រទេសបានបើកដំណើរការឡើងវិញ។

ចំណែកមូលដ្ឋានអាជីវកម្មសេវាកម្មទេសចរណ៍ដទៃទៀត ដែលបានផ្អាកដំណើរការកាលពីកន្លងទៅ ហើយមិនទាន់បានបើកដំណើរការផងនោះ ក៏ត្រៀមនឹងបើកដំណើរការឡើងវិញនាពេលខាងមុខផងដែរ។

បើតាមការមើលឃើញរបស់ក្រសួងទេសចរណ៍ ការបើកដំណើរឡើងវិញនូវមូលដ្ឋានអាជីវកម្មសេវាកម្មទេសចរណ៍ខាងលើនេះ បានជួយសម្រាលដល់ការលំបាករបស់កម្មករ និយោជិត និងបុគ្គលិកបម្រើការក្នុងវិស័យទេសចរណ៍ឱ្យត្រលប់មកមានការធ្វើឡើងវិញមួយចំនួនធំ ទោះបីមិនបានពេញលេញទូទាំងប្រទេសក៏ដោយ។

ជាក្ដីរំពឹងទុករបស់លោក ទិត ចន្ថា នាពេលខាងមុខ ប្រសិនបើបញ្ហាជំងឺកូវីដ-១៩ កាន់តែមានការថមថយ ឬកាន់តែមានការគ្រប់គ្រងបានល្អប្រសើរ នោះទេសចរអន្តរជាតិ នឹងត្រលប់មកទស្សនាប្រទេសកម្ពុជាវិញជាបណ្ដើរៗ ហើយមូលដ្ឋានអាជីវកម្មសេវាកម្មទេសចរណ៍នានា ក៏នឹងដំណើរការពេញលេញនៅទូទៅប្រទេសឡើងវិញ ឬអាចមានការរីកចម្រើនតទៅមុខទៀតផងដែរ៕