(ភ្នំពេញ)៖ ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង និងលោកស្រី រួមជាមួយពុទ្ធបរិស័ទចំណុះជើងវត្ត នាព្រឹកថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២០នេះ បានអញ្ជើញកាន់បិណ្ឌវេនទី១ នៅវត្តទួលសង្កែ ស្ថិតក្នុងខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ដោយបានធ្វើកិច្ចនមស្សការបង្សុកុល ព្រមទាំងបាននាំយកនូវបច្ច័យទេយ្យទាន គ្រឿងឧបភោគបរិភោគ ភេសជ្ជ ផ្លែឈើ បាយសំឡ នំចំណី ជាច្រើនមុខទៅវេរប្រគេនព្រះសង្ឃ ដើម្បីឧទ្ទិសនូវផល្លារអានិសង្ឃ ជូនទៅដល់វិញ្ញានក្ខ័ន្ធបុព្វការីជនមានមាតាបិតា ជីដូនជីតាញាតិការ ទាំង៧សណ្ដាន។

ក្នុងឱកាសនោះលោកឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង ព្រមទាំងពុទ្ធបរិស័ទចំណុះជើងវត្ត បានបួងសួង និងឧទ្ទិសនូវមហាកុសលផលបុណ្យ ដែលបានធ្វើក្នុងថ្ងៃបុណ្យ កាន់បិណ្ឌវេនទី១ ជូនដល់បុព្វការីជន មានមាតា បីតា ជីដូនជីតា ញាត្តិការទាំង៧សណ្តាន ដែលបានចែកឋានទៅកាន់លោកខាងមុខ ពិសេសក៏នឹងឧទ្ទិសមហាកុសលនេះ ផងដែរ ជូនដល់ដួងវិញ្ញាណខ័ន្ធបុព្វបុរសអ្នកស្នេហាជាតិ និងវីរយុទ្ធជន យុទ្ធនារី ដែលបានបូជាជីវិត លះបង់សាច់ស្រស់ ឈាមស្រស់ ក្នុងបុព្វហេតុការពារជាតិមាតុភូមិ និងទឹកដីកម្ពុជានាពេលកន្លងមក សូមឱ្យបុណ្យកុសលដែលបានធ្វើក្នុងថ្ងៃបុណ្យកាន់បិណ្ឌវេនទី១នេះ បានដល់អ្នកទាំងអស់គ្រប់ៗគ្នា។

សូមបញ្ជាក់ថា ជារៀងរាល់ឆ្នាំនៅក្នុងរដូវនៃពិធីបុណ្យដាក់បិណ្ឌភ្ជុំបិណ្ឌ ប្រជាពុទ្ធបរិស័ទតែង តែរួមគ្នាធ្វើបុណ្យធ្វើទានតាមទីអារាម ដោយមាននាំយកនូវគ្រឿងសក្ការបូជា មានទៀនធូប ផ្កាភ្ញី បូជាចំពោះព្រះពុទ្ធអង្គ និងព្រះរតនត្រ័យ និងទេយ្យទាន មានគ្រឿងឧបភោគ-បរិភោគជាច្រើនមុខ រួមនិងបច្ច័យយកមកប្រគេន ព្រះសង្ឃ និងរាប់បាត្រ បង្សុកូល ដើម្បីធ្វើបុណ្យឧទ្ទិសកុសលដល់បុព្វការីជន ជីដូន ជីតា ញាត្តិការទាំង៧សណ្តាន ដែលបានចែកឋានទៅកាន់បរិលោកខាងមុខ សូមឱ្យមកទទួលនូវផល្លានិសង្ឃ ដែលកូនចៅបានឧទ្ទិស ជូនតាមរយៈព្រះសង្ឃនាបុណ្យកាន់ បិណ្ឌ និងភ្ជុំបិណ្ឌនេះឱ្យបានទៅសោយសុខនៅទីស្ថានបរមសុខគ្រប់ៗជាតិ៕