(ភ្នំពេញ)៖ ម្ចាស់ក្សត្រី នរោត្តម ម៉ារី តំណាងសម្តេចក្រុមព្រះនរោត្តម រណឬទ្ធិ ព្រះប្រធានគណបក្សហ៊្វុនស៊ិនប៉ិច បានប្រារព្ធពិធីរាប់បាត និងបង្សុកូលថ្វាយកុសលផលបុណ្យដល់ព្រះបរមរតនកោដ្ឋ រាជវង្សានុវង្ស និងបុព្វបុរសខ្មែរអ្នកស្នេហាជាតិ និងអ្នករាជានិយមក្នុងឱកាសបុណ្យកាន់បិណ្ឌទី១ នៅវត្តនួនមណី ហៅវត្តថាន់ នៅថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២០នេះ ។

លោក សាយ ហាក់ អនុប្រធានគណបក្សហ៊្វុនស៊ិនប៉ិច បានថ្លែងថា ការប្រារព្ធពិធីបង្សុកូល និងប្រគេនទេយ្យទានដល់ព្រះសង្ឈមួយចំនួនគឺ ដើម្បីថ្វាយព្រះរាជកុលសដល់ ព្រះករុណា ព្រះបាទ សម្តេច ព្រះនរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ សម្តេចព្រះមហាក្សត្រីយានី ស៊ីសុវត្ថិ មុនីវង្ស កុសមៈនារីរតន៍ សិរី វឌ្ឍនា ព្រះរាជវង្សានុវង្ស និងបុព្វបុរសខ្មែរអ្នករាជានិយមសីហនុនិមយ ដែលលោកបានពលីជីវិតដោយបុព្វហេតុជាតិ ដែលតែងតែធ្វើជារៀងរាល់ឆ្នាំ តាមប្រពៃណីព្រះពុទ្ធសាសនា ដើម្បីថ្វាយកុសលផលបុណ្យជូនដល់អតីតព្រះមហាក្សត្រ អ្នកស្នេហាជាតិ និងក៏ដើម្បីបួងសួងសូមសេចក្តីសុខជូនដល់ប្រទេសជាតិឲ្យបន្តមានសុខសន្តិភាព និងការអភិវឌ្ឍជារៀងរហូតផងដែរ។

សូមបញ្ជាក់ថា បុណ្យភ្ជុំបិណ្ឌ ជាពិធីបុណ្យមួយដែលធំជាងគេ នៅក្នុងចំណោមពិធីបុណ្យទាំងអស់ ចំពោះអ្នកកាន់ព្រះពុទ្ធសាសនា។ ជារៀងរាល់ឆ្នាំនៅពេលដល់ថ្ងៃខែ ដែលត្រូវប្រារព្ធ ពិធីបុណ្យភ្ជុំបិណ្ឌ គ្រប់បងប្អូនកូនចៅ សាច់ញាតិសន្ដានទាំងអស់ ទោះនៅទីជិត ឬទីឆ្ងាយ តែងតែធ្វើដំណើរទៅជួបជុំគ្នា ជាពិសេសឪពុកម្ដាយនៅស្រុកកណើត ដើម្បីរៀបចំម្ហូបអាហារ បាយសម្ល ចង្ហាន់យកទៅប្រគេនព្រះសង្ឃ ដែលគង់នៅវត្តអារាម។ ទាំងនេះ គឺជាទម្លាប់មួយដែលគេនិយមធ្វើតៗគ្នា របស់ជនជាតិខ្មែរជាយូរមកហើយ។

ពិធីបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌឆ្នាំ២០២០នេះ ប្រព្រឹត្តទៅចាប់ពីថ្ងៃ១រោច ដល់ថ្ងៃ ១៤រោច ខែភទ្របទ ត្រូវនឹងថ្ងៃទី០៣ ដល់ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២០៕