(បន្ទាយមានជ័យ)៖ ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ នៅថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២០នេះ បានចេញសេចក្ដីបំភ្លឺមួយ ពាក់ព័ន្ធករណីមន្ដ្រីនគរបាលប៉ុស្ដិ៍រដ្ឋបាលនិមិត្ដ នៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត ឃាត់មុខសញ្ញាធ្លាប់ប្រើប្រាស់ និងចែកចាយគ្រឿងញៀន រហូតផ្ទុះអាវុធបណ្ដាលឲ្យជនសង្ស័យម្នាក់រងរបួស។

ក្នុងសេចក្ដីបំភ្លឺនេះ ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានរៀបរាប់ដូចខាងក្រោម៖

កាលពីថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២០ វេលាម៉ោង ២៣៖២០នាទី កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលនិមិត្ត នៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានចេញល្បាតតាមគោលដៅកំណត់ និងបានជួបជនសង្ស័យចំនួន០២នាក់ ជិះម៉ូតូ០១គ្រឿង ដែលជាមុខសញ្ញាចាស់ធ្លាប់ប្រើប្រាស់ និងចែកចាយគ្រឿងញៀន និងបង្កហិង្សាដោយផ្ទុះអាវុធកាលអំឡុងឆ្នាំ២០១៦ ដែលបានរត់គេចខ្លួន។

អំឡុងពេលល្បាត លោកអនុសេនីយ៍ទោ ប្ញទ្ធី ពិសិដ្ឋ នាយរងប៉ុស្តិ៍រដ្ឋបាលនិមិត្ត បានធ្វើការឃាត់ដំណើរជនសង្ស័យខាងលើ ដើម្បីសួរនាំ និងធ្វើការពិនិត្យ ប៉ុន្តែជនសង្ស័យទាំង០២នាក់មិនព្រមសហការ ថែមទាំងបានទូរស័ព្ទហៅបក្ខពួកចំនួន០២នាក់ផ្សេងទៀត ជិះម៉ូតូ០១គ្រឿងមកជួយអន្តរាគមន៍ និងបានឈានដល់ប្រព្រឹត្តអំពើហិង្សា។

ជនសង្ស័យទាំង៤នាក់ ដើរចូលមកប៉ុនប៉ងវាយលើលោកអនុសេនីយ៍ទោ ប្ញទ្ធី ពិសិដ្ឋ ខណៈនោះលោកអនុសេនីយ៍ទោ ប្ញទ្ធី ពិសិដ្ឋ បានដកកាំភ្លើងម៉ាក K៥៩ លេខ.៣៣៦០ អាមេបំណងបាញ់ឡើងលើ ដើម្បីការពារខ្លួន និងបំបែកហ្វូងមុខសញ្ញានេះ ប៉ុន្តែចៃដន្យកាំភ្លើងរេលកៃផ្ទុះ០១គ្រាប់ ត្រូវចំខ្នងចំហៀងខាងឆ្វេង ឈ្មោះ នាង មករា អាយុ២១ឆ្នាំ រស់នៅភូមិនិមិត្ត១ សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ និងត្រូវបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យស្រុកមង្គលបូរី (ពុំមានគ្រោះថ្នាក់ដល់ជីវិតនោះទេ)។ ដោយឡែកជនសង្ស័យចំនួន០៣នាក់ទៀត បានរត់គេចខ្លួន។

ក្រោយមកជំនាញបានកំណត់មុខសញ្ញា និងបានកោះហៅជនទាំង០៣នាក់នោះ មានឈ្មោះ កែម ឆៃយ៉ា អាយុ១៦ឆ្នាំ, ឈ្មោះ ហួន រដ្ឋា ហៅខួច អាយុ១៦ឆ្នាំ និងឈ្មោះ ម៉ាប់ នីត អាយុ១៨ឆ្នាំ រស់នៅភូមិនិមិត្ត១ សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ មកធ្វើការសាកសួរ និងបានយកទឹកនោម ទៅពិនិត្យរកសារធាតុញៀន លទ្ធផលគឺវិជ្ជមាន។ អនុវត្តតាមមតិណែនាំរបស់ព្រះរាជអាជ្ញា អមសាលាដំបូងខេត្ត សមត្ថកិច្ចជំនាញបានកសាងសំណុំរឿង ចាត់ការតាមនីតិវិធី។

ដោយឡែក នៅថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២០ ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានកសាងសំណុំរឿងលើករណីលោកអនុសេនីយ៍ទោ ប្ញទ្ធី ពិសិដ្ឋ បញ្ជូនទៅសាលាដំបូងខេត្ត ដើម្បីចាត់ការតាមនីតិវិធីច្បាប់ផងដែរ៕