(ភ្នំពេញ)៖ ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២០នេះ បានចេញសេចក្ដីជូនព័ត៌មាន ស្តីពីករណីវិជ្ជមានវីរុសកូវីដ-១៩ ថ្មី ចំនួន០១នាក់ លើបុរសជនជាតិបារាំង។

នៅថ្ងៃនេះ ក្រសួងសុខាភិបាលក៏ប្រកាសពីការព្យាបាលជាសះស្បើយ អ្នកជំងឺកូវីដ១៩ម្នាក់ផងដែរ។

សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាលដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅព្រឹកថ្ងៃទី៣១ ខែសីហានេះបានបញ្ជាក់ថា បុរសជនជាតិបារាំងដែលទើបរកឃើញវិជ្ជមានជំងឺកូវីដ១៩នេះ មានអាសយដ្ឋានស្នាក់នៅផ្លូវ២៩៤ រាជធានីភ្នំពេញ ជាអ្នកធ្វើដំណើរមកពីប្រទេសបារាំង បន្តជើងហោះហើរនៅប្រទេសចិន (តៃវ៉ាន់) មកដល់រាជធានីភ្នំពេញ នៅថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២០។ លទ្ធផលវិភាគវត្ថុសំណាករបស់គាត់ ទទួលបានលទ្ធផលវិជ្ជមាន វីរុសកូវីដ-១៩ បច្ចុប្បន្ន អ្នកជំងឺត្រូវបានដាក់ឱ្យសម្រាកព្យាបាល នៅមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត។

ក្រសួងបន្តថា ជើងហោះហើរដែលរកឃើញបុរសជនជាតិបារាំងមានកូវីដ១៩នេះ មានអ្នកដំណើរសរុបចំនួន៨១នាក់ ក្នុងនោះមាន៖

* ជនជាតិខ្មែរ ២៩នាក់ (ស្ត្រី ១៧នាក់ កុមារី ០១នាក់)
* បុរសជនជាតិចិន ០១នាក់ និងចិន (តៃវ៉ាន់) ១១នាក់ (ស្ត្រី ០២នាក់)
* ជនជាតិអាមេរិកកាំង ១៦នាក់ (ស្ត្រី០៦នាក់ កុមារ ០៣នាក់)
* ជនជាតិបារាំង ១៧នាក់ (ស្ត្រី ០៥នាក់ កុមារ ០១នាក់)
* បុរសជនជាតិអៀរឡង់ ០១នាក់
* បុរសជនជាតិរុស្ស៊ី ០១នាក់
* ជនជាតិកាណាដា ០៥នាក់ (ស្ត្រី០១នាក់)

បើតាមក្រសួងសុខាភិបាល អ្នកដំណើរតាមជើងហោះហើរនេះ ដែលមានលទ្ធផលអវិជ្ជមានវីរុសកូវីដ-១៩ ត្រូវបានដាក់ឱ្យធ្វើចត្តាឡីស័កចំនួន១៤ថ្ងៃ នៅសណ្ឋាគារមួយចំនួនក្នុងរាជធានីភ្នំពេញ និងមណ្ឌលចត្តាឡីស័កវិទ្យាល័យបូរី ១០០ ខ្នង ដើម្បីតាមដានស្ថានភាពបន្ត។

ដោយឡែកសម្រាប់អ្នកជំងឺម្នាក់ជាសះស្បើយ គឺជាបុរសជនជាតិចិនអាយុ២៨ឆ្នាំ មានអាសយដ្ឋានស្នាក់នៅសណ្ឋាគារមួយ ក្នុងរាជធានីភ្នំពេញ ជាអ្នកធ្វើដំណើរពីប្រទេសហ្វីលីពីន តាមជើងហោះហើរ មកដល់កម្ពុជា នៅថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២០ ត្រូវបានព្យាបាលជាសះស្បើយ ដោយទទួលបានលទ្ធផលតេស្ត អវិជ្ជមានវីរុសកូវីដ-១៩ ចំនួន ០២ដង និងត្រូវបានអនុញ្ញាតឱ្យចេញពីមណ្ឌលសុខភាពចាក់អង្រែ រាជធានីភ្នំពេញ។

សូមជម្រាបថា គិតត្រឹមម៉ោង០៧៖០០ព្រឹក ថ្ងៃទី ៣១ ខែសីហា ឆ្នាំ២០២០នេះ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ១៩ មានចំនួនសរុប ២៧៤នាក់ (ស្រី្ត ៥៤នាក់ និងបុរស ២២០នាក់) ក្នុងនោះចំនួនអ្នកព្យាបាលជាសះស្បើយសរុបទូទាំងប្រទេស មានចំនួន ២៦៦នាក់ (ស្រី៥៤នាក់ និងបុរស ២១២នាក់) និងអ្នកកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យរដ្ឋ ចំនួន០៨នាក់៕