(ក្រចេះ)៖ លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភាព្រឹទ្ធសភា និងអធិការកិច្ច នៅថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២០នេះ បានអញ្ជើញប្រារព្វពិធីបួងសួងសុំសេចក្តីសុខ ប្រគេនស្គរ និងគងដល់វត្តភ្នំសំបុក ស្រុកចិត្របុរី ខេត្តក្រចេះ។

លោកស្រីបានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខដោយក្តីនឹករលឹកពីសំណាក់ សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជូនប្រជាពលរដ្ឋពុទ្ធបរិស័ទទាំងអស់គ្នានៅទូទាំងខេត្តក្រចេះ ដោយសម្តេចទាំងទ្វេរតែងតែគិតគូរខ្ពស់ចំពោះជីវភាពប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ គ្រប់ពេលវេលា ទោះបីជាកាលៈទេសៈណាក៏ដោយ គឺបាននាំមកនូវសុខសន្តិភាព ស្ថិរភាពនយោបាយសង្គមជាតិ និងការអភិវឌ្ឍន៍លើគ្រប់វិស័យជូនជាតិមាតុភូមិ ជាពិសេសវិស័យសេដ្ឋកិច្ចតែម្តង។

លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានបន្តថា «ក្នុងពេលនេះដែរក៏មានការជួបជុំ និងធ្វើកិច្ចការរួមគ្នាបានបែបនេះ គឺមកពីកត្តាសុខសន្តិភាព ក្រោមការដឹកនាំប្រកបដោយកិត្តិបណ្ឌិត របស់សម្តេចតេជោ ក្រោមទស្សនវិស័យវែងឆ្ងាយ បានធ្វើជាស្នូលនៃសាមគ្គីភាពជាតិ ឯកភាពជាតិតែមួយ និងសន្តិភាព ហើយដឹកនាំប្រទេសឈានទៅមុខជានិច្ច តាមទិសដៅដ៏ត្រឹមត្រូវ និងបានបំពេញតួរនាទីដឹកនាំប្រទេសប្រកបដោយ ការទទួលខុសត្រូវខ្ពស់បំផុត ដោយធានាគ្រប់ដំណើរការ នយោបាយ សេដ្ឋកិច្ច សង្គមជាតិ ប្រព្រឹត្តទៅយ៉ាងល្អ ធានាបាននូវសន្តិភាព ស្ថិរភាព ឯកភាពជាតិ និងការរស់នៅដ៏សុខដុមរមនារបស់ប្រជាជនទូទាំងប្រទេស។ ដូច្នេះយើងទាំងអស់គ្នា ត្រូវចូលរួមគ្នាជាមួយរាជរដ្ឋាភិបាល ក្នុងការថែរក្សាសុខសន្តិភាពរបស់ប្រទេសជាតិយើង ឲ្យបានផុលផុស និងគង់វង្សតទៅមុខជានិច្ច»

ក្រោយពីលោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានបួងសួងបួងសួងថ្វាយព្រះពរជ័យ សុំឲ្យប្រជាពលរដ្ឋក្នុងខេត្តក្រចេះ ក៏ដូចជានៅទូទាំងប្រទេស សូមឲ្យជួបសេចក្តីសុខសន្តិភាព និងសេចក្តីចម្រើនគ្រប់ៗគ្នាជារៀងរហូតរួចមក លោកជំទាវ ក៏បានក្រើនរំលឹកដល់បងប្អូនប្រជាពលរដ្ឋ លោកយាយលោកតា ពុទ្ធបរិស័ទទាំងអស់ឲ្យបន្តការប្រុងប្រយ័ត្នខ្ពស់ ពីជំងឺឆ្លងដ៏កាចសាហាវកូវីដ១៩ ដោយបង្កើនការធ្វើអនាម័យ ដើម្បីសុខភាពរស់នៅឲ្យបានល្អ ជាពិសេសត្រូវពាក់ម៉ាស ឬក្រម៉ា និងត្រូវដុសលាងសម្អាតដៃឲ្យបានស្អាតជាប្រចាំ ជាមួយសាប៊ូ ទឹកអាល់កុល ឬជែលកម្ចាត់មេរោគ និងចូលរួមគោរពច្បាប់ចរាចរណ៍ឲ្យបាលគ្រប់ៗគ្នា៕