(កំពង់ចាម)៖ អាជ្ញាធរខេត្តកំពង់ចាម បានរៀបចំសណ្ដាប់ធ្នាប់ទីប្រជុំជនផ្សារផ្អាវបានដោយជោគជ័យ ក្រោយពេលអភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា បានរៀបចំគណៈកម្មការដឹកនាំដោយ លោក អ៊ុភឿន គុណវុឌ្ឍ អភិបាលរងខេត្ត និងលោក សំ ពិសិដ្ឋ នាយករងរដ្ឋបាលខេត្ត រួមនិងកងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ សហការជាមួយអាជ្ញាធរស្រុកបាធាយ ចុះធ្វើកិច្ចការនេះអស់រយៈពេល ៣៣ថ្ងៃ។

បើតាមអភិបាលស្រុកបាធាយ លោក ផេន សុផល បានប្រាប់ឲ្យដឹងថា នៅថ្ងៃទី៣០ ខែសីហាឆ្នាំ ២០២០នេះ អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា បានប្រគល់កិច្ចការថែរក្សាសណ្ដាប់ធ្នាប់ ទីប្រជុំជនផ្សារផ្អាវ មកឲ្យអាជ្ញាធរស្រុកបាធាយ ជាអ្នកធ្វើកិច្ចការនេះបន្ត។

លោក ផេន សុផល បានបញ្ជាក់ថា ការរៀបចំសណ្ដាប់ធ្នាប់ទីប្រជុំជនផ្សារផ្អាវនេះ បានប្រព្រឹត្តទៅដោយរលូនក្នុងរយ:ពេល៣៣ថ្ងៃ ដោយក្នុងប្រតិបត្តិការនោះ ប្រជាពលរដ្ឋនៅតាមអមសងខាងផ្លូវ នៃទីប្រជុំជនផ្សារមានការសហការល្អជាមួយនឹងអាជ្ញាធរមានសមត្ថកិច្ច ពេលចុះធ្វើការឈូសឆាយរៀបចំសម្អាតដីចំណីផ្លូវទាំងសងខាងផ្លវនោះ។

លោកអភិបាលស្រុកបាធាយបានបន្តថា កិច្ចការរៀបចំសណ្ដាប់ធ្នាប់ទីប្រជុំជនផ្សារផ្អាវបន្ត លោកនឹងរៀបចំបង្កើតគណៈកម្មការ ដើម្បីធ្វើការរៀបចំបន្តដូចជា ការថែរក្សាសណ្ដាប់ធ្នាប់ឲ្យបានល្អ និងមិនអនុញ្ញាតឲ្យអាជីវករលក់ដូរលើចិញ្ចើមផ្លូវ ដែលហួសគំនូស ដែលអាជ្ញាធរបានកំណត់។

ដោយឡែក ប្រសិនបើប្រជាពលរដ្ឋ ដែលចង់សាងសង់ចាក់សាបឬកែសោភ័ណភាព មុខផ្ទះរបស់ខ្លួនត្រូវរង់ចាំគណៈកម្មការបច្ចេកទេសមកត្រួតពិនិត្យសិន ទើបអនុញ្ញាតឲ្យពួកគាត់អនុវត្តការសាងសង់ដោយស្ម័គ្រចិត្ត ដោយមិនអនុញ្ញាត ឲ្យសាងសង់ខ្ពស់ទាបជាងគ្នា ឬការសាងសង់ខុសបទដ្ឋានបច្ចេកទេសរួមនោះទេ៕