(ព្រះវិហារ)៖ ប្រជាពលរដ្ឋជាច្រើនរស់នៅភូមិកំពង់ស្រឡៅ ឃុំកំពង់ស្រឡៅមួយ ស្រុកឆែប ខេត្តព្រះវិហារ ជាប់នឹងព្រំដែនប្រទេសឡាវ បានបង្ហាញនូវអារម្មណ៍ភ័យព្រួយ ដោយសារខ្លាចឆ្លងជំងឺឆ្លងផ្សេងៗ បន្ទាប់ពីមានក្រុមឈ្មួញមួយក្រុមបាននាំចូលសត្វជ្រូក គោ ក្របី ពពែ ពីប្រទេសឡាវ ដោយពុំមានការត្រួតពិនិត្យត្រឹមត្រូវពីមន្ត្រីជំនាញ។

ប្រជាពលរដ្ឋរស់នៅភូមិកំពង់ស្រឡៅ បានប្រាប់ភ្នាក់ងារអង្គភាពព័ត៌មាន Fresh News ឲ្យដឹងនៅថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២០នេះថា ក្នុងមួយថ្ងៃៗសត្វជ្រូក(ជ្រូកកណ្តុរ) គោ ក្របី ពពែ រាប់រយក្បាល ត្រូវបានក្រុមឈ្មួញមួយក្រុមនាំចូលពីប្រទេសឡាវ តាមកាណូត យកមកស្តុកទុកនៅផ្ទះប្រជាពលរដ្ឋជាប់របងវត្តកំពង់ស្រឡៅ ដោយពុំឃើញមានមន្ត្រីជំនាញពេទ្យសត្វចុះមកពិនិត្យនោះទេ ដែលករណីនេះពួកគាត់សង្ស័យថាក្រុមឈ្មួញនាំចូលដោយខុសច្បាប់។

ប្រជាពលរដ្ឋបានបន្តថា ស្របពេលដែលជំងឺកូវីដ១៩ កំពុងរាតត្បាតនោះ ពួកគាត់មានការព្រួយបារម្ភពីជំងឺឆ្លងផ្សេងៗពិសេស ជំងឺឆ្លងពីសត្វទៅសត្វ និងពីសត្វទៅមនុស្ស។ ការព្រួយបារម្ភនេះ ដោយសារតែការនាំសត្វជ្រូក គោ ក្របី ពពែ ដែលនាំចូលពីប្រទេសឡាវ គឺពុំមានការត្រួតពិនិត្យឲ្យបានត្រឹមត្រូវពីមន្ត្រីជំនាញពេទ្យសត្វនោះទេ ហើយសត្វទាំងនេះត្រូវបានគេដឹកបន្តយកទៅចែកចាយតាមគោលដៅផ្សេងៗក្នុងខេត្តឫក្រៅខេត្ត។

ទាក់ទងនឹងការនាំចូលសត្វជ្រូក គោ ក្របី ពពែពីប្រទេសឡាវ ចូលមកប្រទេសកម្ពុជាតាមកាណូតនៅភូមិកំពង់ស្រឡៅនេះ ប្រធានការិយាល័យផលិតកម្ម បសុព្យាបាលនៃមន្ទីរកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទ ខេត្តព្រះវិហារ មិនអាចទាក់ទងបំភ្លឺបានទេដោយទូរស័ព្ទពុំអាចទាក់ទងបាន។

ជាមួយគ្នានេះដែរ ប្រជាពលរដ្ឋបានសំណូមពរទៅ លោក ប្រាក់ សុវណ្ណ អភិបាលខេត្តព្រះវិហារ និងលោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទ មេត្តាជួយពិនិត្យករណីនេះផង ពិសេសគឺសូមជួយលុបបំបាត់ការនាំសត្វពីក្រៅប្រទេស ដើម្បីលើកកម្ពស់តម្លៃសត្វដែលប្រជាពលរដ្ឋចិញ្ចឹមជាលក្ខណៈគ្រួសារនៅក្នុងស្រុកវិញផងដែរ៕