(ភ្នំពេញ)៖ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន នៅព្រឹកថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២០នេះ បានដឹកនាំគណៈប្រតិភូជិះកង់ចុះសួរសុខទុក្ខ និងជួបសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋក្នុងឃុំកំពង់កុង និងឃុំលើកដែក ស្រុកកោះធំ ខេត្តកណ្ដាល ដើម្បីស្វែងយល់សុខទុក្ខ និងជីវភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋក្នុងអំឡុងពេលពិភពលោករួមទាំងកម្ពុជាផងដែរ កំពុងទទួលរងគ្រោះពីការរាតត្បាតនៃជំងឺកូវីដ១៩។

ថ្លែងទៅកាន់ប្រជាពលរដ្ឋលោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានណែនាំប្រជាពលរដ្ឋឲ្យយកចិត្តទុកដាក់ចំពោះសុខភាពផ្ទាល់ខ្លួន និងការណែនាំរបស់ក្រសួងសុខាភិបាលទាក់ទងនឹងការរាតត្បាតនៃជំងឺកូវីដ១៩ ដោយហេតុថាជំងឺនេះជាជំងឺដ៏កាចសាហាវ និងអាចចម្លងពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀតបានយ៉ាងឆាប់រហ័ស។

ជាមួយគ្នានោះផងដែរ លោកទេសរដ្ឋមន្ត្រី បាននាំយកក្រមា ម៉ាស់ ទឹកអាកុល និងសាប៊ូលាងដៃ ទៅចែកជូនប្រជាពលរដ្ឋប្រមាណ ៣៦០គ្រួសារ នៅភូមិទាំង២៤ ក្នុងឃុំកំពង់កុង និងឃុំលើកដែក ឋិតក្នុងស្រុកកោះធំ ដើម្បីចូលរួមចំណែកក្នុងការបង្ការ និងទប់ស្កាត់ជំងឺកូវីដ១៩ កុំឱ្យកេីតមាននៅក្នុងសហគមន៍៕