(សៀមរាប)៖ លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្នុងស្ថានភាពនៃជំងឺឆ្លងកូវីដ-១៩ បានស្នើប្រជាពលរដ្ឋខិតខំប្រឹងប្រែងបន្ថែមទៀត លើការងារបង្កបង្កើនផល ធ្វើយ៉ាងណាបង្កើនបរិមាណផលិត ធានាគុណភាព លើកកម្ពស់សមត្ថភាពកែច្នៃវេចខ្ចប់ ដើម្បីធ្វើការប្រកួតប្រជែង ឆ្លើយតបតាមសេចក្តីត្រូវការទីផ្សារ និងចំណង់ចំណូលចិត្តអ្នកបរិភោគ កំណើនចំណូលគ្រួសារ និងកាត់បន្ថយភាពក្រីក្រ ជាពិសេសកាត់បន្ថយការនាំចូល ។

ការស្នើរបស់លោករដ្ឋមន្ដ្រី ធ្វើឡើងក្នុងឱកាសបានអញ្ជើញមកពិនិត្យសកម្មភាពផលិតកម្មបន្លែរបស់ សហគមន៍កសិកម្មសំរោងមានជ័យ នៅកសិដ្ឋានបន្លែរបស់លោក ឈាវ ហុង នៅភូមិសំរោងត្បូង ឃុំសំរោង ស្រុកសូត្រនិគម សៀមរាប។

លោក ទា គឹមសុទ្ធ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តសៀមរាប បានឲ្យដឹងថា ខេត្តមាន៥៥ សហគមន៍កសិកម្មបានចុះបញ្ជីរួច (សហគមន៍ផលិតស្រូវពូជ ស្រូវចំណី ចិញ្ចឹមសត្វ ផលិតចំណីសត្វ បន្លែ វារីវប្បកម្ម និងសេវាកម្មធាតុចូលកសិកម្ម) ដោយមានទុនសរុប ៣,៧៧៣លានរៀល មានសមាជិក ៧,៩៧៩នាក់ ស្រ្តី៦,៣៤៦នាក់។ ដោយឡែក ស្រុកសូត្រនិគម មានសហគមន៍កសិកម្មចំនួន៧ ក្នុងនោះមានសហគមន៍២ ផលិតបន្លែសុវត្ថិភាព មានសមាជិក១,០៦២នាក់ ស្រ្តី៨៦៨នាក់ ទុនសរុប៥២០លានរៀល។

លោក ឈាវ ហុង ដែលជាកសិករគំរូជាប់ចំណាត់ថ្នាក់លេខ២ ទូទាំងប្រទេសផ្នែកដំណាំបន្លែ បានរៀបរាប់ជូនលោករដ្ឋមន្រ្តី បានជ្រាបអំពីប្រវត្តិ នៃការប្រកាន់យកអាជីពដាំបន្លែ ជីគ្រប់មុខ ផលិតស្រូវពូជ ចិញ្ចឹមមាន់ បណ្តុះផ្សិត និងចិញ្ចឹមត្រីជាបន្តបន្ទាប់។ ពីមួយឆ្នាំទៅមួយឆ្នាំអាជីវកម្មនេះ មានការវិវឌ្ឍន៍រីកចម្រើនជាបន្ត បន្ទាប់ដោយសារមានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អង្គការ និងគម្រោងកម្មវិធីផ្សេងៗ បានមកជួយជាបច្ចេកទេស និងសម្ភារចាំបាច់សម្រាប់ដោលរុញឲ្យផលិតកម្មបន្លែសុវត្ថិភាព ការចិញ្ចឹមមាន់ ត្រី និងស្រូវពូជទទួលបានជោគជ័យដូចបានឃើញនាពេលនេះ។

ពីផ្ទៃដី១ហិកតា នៅពេលចាប់ផ្តើម បច្ចុប្បន្នផ្ទៃដី ៥ហិកតា ពោរពេញដោយផ្ទះសំណាញ់ រោងមាន់ និងស្រះចិញ្ចឹមត្រី ដោយបានរៀបចំផែនការដាំ និងចិញ្ចឹមប្រចាំថ្ងៃ ខែ និងឆ្នាំ មានបច្ចេកទេសដាំ ចិញ្ចឹម យកចិត្តទុកដាក់ឧស្សាហ៍ព្យាយាម មានគោលដៅច្បាស់លាស់ និងក្តាប់បានពីតម្រូវការទីផ្សារ ធ្វើឲ្យគាត់ទទួលបានជោគជ័យ។

ត្រង់ចំណុចនេះ លោក ឈាវ ហុង បានផ្តាំទៅកសិករដែលកំពុងផលិតគួរអនុវត្តតាមគាត់ ដើម្បីទទួលបានភាពជោគជ័យ ក្នុងវិស័យកសិកម្មស្របពេលដែល វិស័យមួយចំនួន កំពុងរងផលប៉ះពាល់ដោយសារជំងឺឆ្លងកូវីដ-១៩។ លោកបានជម្រាបជូនលោករដ្ឋមន្រ្តីដោយទឹក មុខសប្បាយរីករាយថា កន្លងមកលោកបានទទួលសិស្ស មកពីវិទ្យាល័យសំរោង មកធ្វើទស្សនកិច្ចសិក្សារៀងរាល់ខែ ហើយថែមទាំងបានទៅចូលរួមចែករំលែកបទពិសោធន៍ ជូនសហគមន៍កសិកម្មជាច្រើនទូទាំងខេត្តទៀតផង។

ជាមួយគ្នានេះ លោករដ្ឋមន្ដ្រី វេង សាខុន បានគូសបញ្ជាក់អំពីអ្វីដែល បានឃើញកសិដ្ឋានទទួលបានជោគជ័យទាំងបន្លែ ចិញ្ចឹមមាន់ ចិញ្ចឹមត្រី និរន្តរភាពនៃការផ្គត់ផ្គង់ ប្រាក់ចំណូល សមត្ថភាពនៃការ ផលិត និងការចែករំលែកបទពិសោធន៍។ល។

លោកបានសម្តែងនូវទឹកចិត្តសប្បាយរីករាយ និងចូលរួមអបអរចំពោះសមិទ្ធផល ដែលលោក ឈាវ ហុង ទទួលបាននាពេលនេះ ហើយពិតណាស់ស្របទៅនឹងឆន្ទៈ និងបំណងប្រាថ្នារបស់រាជរដ្ឋាភិបាល ចង់បាន ចង់ឃើញប្រជាពលរដ្ឋយើងមានជីវភាពសម្បូរសប្បាយ រស់នៅជួបជុំគ្រួសារ សុខក្សេមក្សាន្ត មានសុភមង្គល ក្រោមម្លប់សុខសន្តិភាព ហើយរួមគ្នាខិតខំបន្តទៀតដើម្បីដើរឆ្ពោះទៅរកគោលដៅនាឆ្នាំ២០៣០ និងឆ្នាំ២០៥០។

រដ្ឋមន្ត្រីក្រសួងកសិកម្ម បានបញ្ជាក់ជូនសមាជិកសហគមន៍ថា សមិទ្ធផលទាំងអស់នេះ គឺកើតចេញពីការខិតខំប្រឹងប្រែង យកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល តាមរយៈក្រសួង និងមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ម្ចាស់ជំនួយ ដៃគូអភិវឌ្ឍ អ្នកអនុវត្តគម្រោង រួមផ្សំជាមួយការយកចិត្តទុកដាក់អនុវត្តបច្ចេកទេស បានត្រឹមត្រូវរបស់លោក ឈាវ ហុង។

បន្ថែមពីនេះ លោក វេង សាខុន បានណែនាំឲ្យមន្ទីរជួយធ្វើការបណ្តុះបណ្តាលបច្ចេកទេសបន្ថែម លើការអនុវត្តតាមការធ្វើកសិកម្មល្អ (GAP) ការអនុវត្តផលិតកម្ម កសិកម្មតាមកិច្ចសន្យា ធ្វើយ៉ាងណាបង្កើនការជឿទុកចិត្តពីអតិថិជន តាមរយៈគុណភាព សុវត្ថិភាព នៃផលិតផល និងបង្កើនតម្លៃបន្ថែម ហើយក៏គួរពង្រឹងបច្ចេកទេសវេចខ្ចប់ និងផ្តល់ស្លាកសញ្ញាសម្គាល់ច្បាស់លាស់ចៀសវាងការបន្លំគុណភាព។

ជាមួយគ្នានេះ លោករដ្ឋមន្ត្រី ក៏បានចែកកូនកង្កែបពូជបន្លែ ចំណី និងថវិកាមួយចំនួនជូនដល់សមាជិកសហគមន៍ផងដែរ៕