(ភ្នំពេញ)៖ ថ្ងៃឈប់សម្រាកនៅថ្ងៃអាទិត្យទី៣០ ខែសីហា ឆ្នាំ២០២០នេះ លោក ថេង សុថុល អភិបាលខណ្ឌចំការមន បានដឹកនាំមន្រ្តីចុះត្រួតពិនិត្យលូនៅផ្លូវ៤៩០ កែង១៣៥ ដែលមានការកកស្ទះ និងពិនិត្យវឌ្ឍនៈភាព នៃការបន្តបុកសៀផាយប្រឡាយបឹងត្របែក ដែលស្ថិតនៅសង្កាត់ផ្សារដើមថ្កូវ និងពិនិត្យការបាក់ស្រុតផ្លូវ នៅមហាវិថីព្រះនរោត្តមត្រង់ចំណុចគល់ស្ពានអាកាសក្បាលថ្នល់ ស្ថិតនៅសង្កាត់ទន្លេបាសាក់។

ជាមួយគ្នានេះ លោកអភិបាលខណ្ឌ បានណែនាំដល់ក្រុមការងារទទូចឲ្យភាគីពាក់ព័ន្ធ ពន្លឿនដំណោះស្រាយឲ្យឆាប់រួចរាល់ ដើម្បីឲ្យប្រជាពលរដ្ឋរស់នៅ លើប្រឡាយដែលបានរុះរើផ្ទះ ឆាប់បានសាងសង់ផ្ទះស្នាក់នៅឡើងវិញ តាមកន្លែងរៀងៗខ្លួន ព្រោះជារដូវវស្សាដែលប្រជាពលរដ្ឋខ្វះទីស្នាក់នៅផងដែរ។

លោក ថេង សុថុល បានបញ្ជាក់ថា បើតាមគម្រោងការបុកស៊ីផាយប្រើរយៈពេលប្រមាណ៣០ថ្ងៃប៉ុណ្ណោះ នឹងរួចរាល់ហើយ ស្មើចំងាយ២៧១ម៉ែត្រ។ លោកថា មកដល់ពេលបានធ្វើរួចរាល់ហើយ ស្មើ១៥៣ម៉ែត្រ ក៏បានជួបស្ថានភាពបាក់ទ្រេតបែបនេះ តែយ៉ាងណាការងារចំពោះមុខដែលត្រូវដោះស្រាយ ហើយអាជ្ញាធរ នឹងបង្កើតគណៈកម្មាការ ដើម្បីចុះពិនិត្យលើបញ្ហាបច្ចេកទេស ដើម្បីធ្វើការដោះស្រាយឲ្យបានឆាប់ទាន់ពេលវេលាតាមតែអាចធ្វើទៅបាន៕