(ត្បូងឃ្មុំ)៖ លោក ប្រាជ្ញ ចន្ទ អ្នកតំណាងរាស្ត្រមណ្ឌលខេត្តត្បូងឃ្មុំ និងជាអនុប្រធានក្រុមការងារចុះមូលដ្ឋានស្រុកត្បូងឃ្មុំ នាថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២០ បានដឹកនាំក្រុមការងារចុះជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាឃុំ ស្មៀនឃុំ នាយប៉ុស្តិ៍ ថ្នាក់ដឹកនាំភូមិ ប្រធានមណ្ឌលសុខភាព ជនបង្គោល និងតំណាងប្រជាពលរដ្ឋ ប្រមាណជាង១៥០នាក់ នៅឃុំរកាពប្រាំ និងឃុំថ្មពេជ្រ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ដើម្បីស្វែងយល់អំពីស្ថានភាពរស់នៅតម្រូវការ បញ្ហាប្រឈមនានានៅមូលដ្ឋាន ក៏ដូចជាទិសដៅការងារសម្រាប់អនុវត្តបន្ត។

ថ្លែងនាឱកាសនោះ លោក ប្រាជ្ញ ចន្ទ បានឲ្យដឹងថា សុខសន្តិភាព ស្ថិរភាពនយោបាយ ដែលយើងមានសព្វថ្ងៃនេះ គឺបានមកពីការខិតខំប្រឹងប្រែងរបស់ឥស្សរជនដែលជាថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា ជាពិសេសសម្តេចតេជោ ហ៊ុន សែន ប្រធានគណក្ស និងជានាយករដ្ឋមន្រ្តីនៃកម្ពុជា ដែលតែងតែបានគិតគូរយកចិត្តទុកដាក់ខ្ពស់ចំពោះជាតិមាតុភូមិ និងសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋនៅគ្រប់កាលៈទេសៈ។

លើមូលដ្ឋាននៃសុខសន្តិភាពនេះហើយ និងដោយមានការដឹកនាំដ៏ត្រឹមត្រូវឈ្លាសវៃរបស់រាជរេដ្ឋាភិបាលកម្ពុជា ដឹកនាំដោយគណបក្សប្រជាជនកម្ពុជា ទើបប្រទេសជាតិយើងមានការអភិវឌ្ឍន៍រីកចម្រើនលើគ្រប់វិស័យជាបន្តបន្ទាប់ ជីវភាពប្រជាជនក៏កាន់តែរីកចម្រើនថ្កុំថ្កើង ជាមួយនឹងអត្រាកំណើនសេដ្ឋកិច្ចល្អប្រសើរ គួរឲ្យកត់សម្គាល់ ក្នុងក្របខណ្ឌទូទាំងប្រទេស និយាយជារួម និងនិយាយដោយឡែក ជីវភាពបងប្អូនប្រជាពលរដ្ឋក្នុងខេត្តត្បូងឃ្មុំក៏ត្រូវបានលើកកម្ពស់ គួបផ្សំនឹងការអភិវឌ្ឍន៍លើពហុវិស័យ។

លោក ប្រាជ្ញ ចន្ទ បានធ្វើការគូសបញ្ជាក់ផងដែរថា ជំងឺកូវីដ១៩ បាននិងកំពុងរាតត្បាតជាសកល បង្កឲ្យមានការប៉ះពាល់ខ្លាំងដល់បណ្តាប្រទេសជាច្រើនក្នុងពិភពលោក។ ស្ថិតក្នុងស្ថានភាពនេះ រាជរដ្ឋាភិបាលកម្ពុជា ដោយមានក្រសួងសុខាភិបាលជាសេនាធិការ បានដាក់ចេញនូវវិធានការបង្ការទប់ស្កាត់ការរីករាលនៃជំងឺកូវីដ១៩ ហើយយើងបានរួមគ្នាខិតខំអនុវត្តយ៉ាងខ្ជាប់ខ្ជួននូវវិធានការអប់រំផ្សព្វផ្សាយទូលំទូលាយដល់ស្រទាប់មហាជននៅគ្រប់មូលដ្ឋាន។

លោកបន្ថែមថា ជាលទ្ធផលហើយជាអំណោយផលផងដែរ ប្រទេសកម្ពុជាមិនទទួលរងផលប៉ះពាល់ធ្ងន់ធ្ងរទេ ពោលគឺមិនមានអ្នកជំងឺកូវីដ១៩ នៅកម្ពុជាណាម្នាក់បាត់បង់អាយុជីវិតឡើយ ហើយភាគច្រើននៃការឆ្លងមេរោគនេះ មានប្រភពពីប្រទេសដទៃ។ ទោះជាយ៉ាងនេះក្តី យើងទាំងអស់គ្នា ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ជានិច្ច និងអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល និងរួមគ្នាការពារទប់ស្កាត់ការរីករាលនៃជំងឺកូវីដ១៩នេះ។

ក្នុងឱកាសនោះដែរ លោក ប្រាជ្ញ ចន្ទ បានថ្លែងនូវការកត់សម្គាល់ ចំពោះរដ្ឋបាលឃុំទាំង២ ក្រោមការជួយជ្រោមជ្រែង របស់ក្រុមការងារចុះជួយមូលដ្ឋាន ក៏ដូចជាថ្នាក់ដឹកនាំខេត្ត និងអ្នកពាក់ព័ន្ធដទៃទៀត បានខិតខំក្នុងការបម្រើសេវាជូនពលរដ្ឋនៅមូលដ្ឋាន ជាពិសេសសេវាសាធារណៈដែលជាកិច្ចការដ៏មានសារសំខាន់ដែលអាជ្ញាធរត្រូវផ្តល់ជូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានរបស់ខ្លួន។

លោក ប្រាជ្ញ ចន្ទ ក៏បានអំពាវនាវដល់គ្រប់ថ្នាក់ដឹនាំ ពិសេសក្នុងមូលដ្ឋានឃុំ និងភូមិត្រូវបន្តយកចិត្តទុកដាក់ក្តាប់ឲ្យបានសុខទុក្ខប្រជាពលរដ្ឋ និងត្រូវដោះស្រាយបញ្ហាប្រឈមឲ្យបានទាន់ពេលវេលា និងមានប្រសិទ្ធិភាព។

ក្នុងពិធីសំណេះសំណាលនេះដែរ លោក ប្រាជ្ញ ចន្ទ បានឧបត្ថម្ភក្រមាចំនួន១៥០ និងប្រគល់ថវិកាជូនដល់សាលាឃុំរការប្រាំ និងឃុំថ្មពេជ្រ ចំនួន២លាន សាលាស្រុកត្បូងឃ្មុំ ចំនួន១លានរៀលផងដែរ៕