(ភ្នំពេញ)៖ ក្នុងវេទិកាពិភាក្សាលើបញ្ហាប្រឈមផ្នែកសេដ្ឋកិច្ច និងការប្រជែងឥទ្ធិពលរបស់មហាអំណាច របស់រាជបណ្ឌិតសភាកម្ពុជា នៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២០ លោកបណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិកម្ពុជា បានលើកឡើង ៩ចំណុច ថាតើកម្ពុជាត្រូវដើរបែបណា ត្រៀមខ្លួនយ៉ាងដូចម្តេច គួរប្រកាន់ជំហរ និងឥរិយាបទបែបណា ដើម្បីឆ្លើយតបចំពោះបញ្ហា ដែលកំពុងកើតមានទាំងក្របខណ្ឌតំបន់ ទាំងក្របខណ្ឌសកលលោក ក៏ដូចជាក្របខណ្ឌនៃនយោបាយផ្ទៃក្នុង។

គំនិតទាំង ៩ចំណុចនោះ រួមមាន៖

* ទី១៖ ការរក្សាស្ថិរភាពនយោបាយ

លោក គិន ភា បានលើកឡើងថា ការរក្សាឲ្យបាននូវស្ថិរភាពនយោបាយ គឺជារឿងដែលសំខាន់បំផុត ព្រោះជាបុព្វលក្ខខណ្ឌ ដែលមិនអាចខ្វះបានសម្រាប់កម្ពុជា។ លោកថ្លែងថា បើគ្មានសន្តិភាព កុំនិយាយពីការអភិវឌ្ឍ កុំនិយាយពីសិទ្ធិមនុស្ស កុំនិយាយពីលទ្ធិប្រជាធិបតេយ្យ កុំនិយាយពីរឿងយុត្តិធម៌ កុំនិយាយពីនីតិរដ្ឋ គឺវាមិនអាចទៅរួចទេ។

លោកបណ្ឌិតបានរំលឹកថា មេរៀនដែលកម្ពុជាយើងបានឃើញ និងរៀនរួចហើយ គឺប្រវត្តិសាស្ត្រកម្ពុជាបានឆ្លងកាត់ តាំងពីក្រោយរដ្ឋប្រហារឆ្នាំ១៩៧០ ដល់ទសវត្សឆ្នាំ៩០។ លោកចាត់ទុកថា នោះជាមេរៀនប្រវត្តិសាស្ត្រដ៏ឈឺចាប់បំផុត ដោយសារតែគ្មានស្ថិរភាពនយោបាយ។

* ទី២៖ ការអនុវត្តឲ្យបានខ្ជាប់ខ្ជួន នូវគោលនយោបាយការបរទេស ដូចក្នុងរដ្ឋធម្មនុញ្ញ

លោក គិន ភា បានឲ្យដឹងថា ការអនុវត្តដោយខ្ជាប់ខ្ជួននូវគោលនយោបាយការបរទេស របស់កម្ពុជាដូចបានកំណត់នៅក្នុងរដ្ឋធម្មនុញ្ញ គឺអព្យាក្រឹត អចិន្ត្រៃយ៍ មិនចូលបក្សសម្ព័ន្ធ គឺជារឿងត្រឹមត្រូវ។ ប៉ុន្តែ ការធ្វើនយោបាយការបរទេសវៃឆ្លាត ជានយោបាយដែលទាញចំណេញ ពីប្រទេសអ្នកមាន ពីប្រទេសមហាអំណាច តាមដែលអាចធ្វើទៅបាន ក៏កាន់តែជារឿងល្អប្រសើរ។

លោកបណ្ឌិតបន្ថែមថា កម្ពុជាយើងអត់មានការរើសអើង ថាលោកសេរី ឬកុំមុយនីស្តទេ គឺរាប់អានទាំងអស់។ ជាមួយគ្នានេះ លុយក៏អត់មានក្លិនសេរី អត់មានក្លិនកុំមុយនីស្តដែរ គឺវាអត់មាននិន្នាការទេ។ អញ្ចឹង អ្វីដែលជាប្រយោជន៍ជាតិ គឺយើងត្រូវតែទាញឲ្យបានសម្រាប់ប្រយោជន៍ជាតិរបស់យើង។

លោក គិន ភា បន្តថា ប្រទេសអ្នកមាន ប្រទេសមហាអំណាច ក៏គេធ្វើដូចយើងនេះដែរ គឺគេធ្វើដើម្បីប្រយោជន៍របស់គេ ដូច្នេះកម្ពុជាគ្មានហេតុផលអ្វីត្រូវបដិសេធ នូវទំហំនៃការវិនិយោគដ៏ធំពីចិនចូលមកកម្ពុជាទេ។ គ្មានហេតុផលអ្វី ដែលយើងត្រូវបដិសេធពាណិជ្ជកម្មសេរី កម្ពុជា-ចិននោះទេ។

លោកថា ចិនសព្វថ្ងៃបានក្លាយជាក្បាលម៉ាស៉ីនអូសទាញសេដ្ឋកិច្ចតំបន់ និងពិភពលោកយ៉ាងសំខាន់។ យើងអាចនិយាយបានថា ពិភពលោកបើអត់ចិននឹងត្រូវក្រឡាប់ចាក់។ អញ្ចឹងកម្ពុជា ស្វាគមន៍ជានិច្ចទាំងការវិនិយោគចិន និងអាមេរិក ដោយគ្មានការរើសអើងទេ ឲ្យតែគេមកវិនិយោគ។

* ទី៣៖ ពង្រឹងទំនាក់ទំនងការបរទេសកម្ពុជាជាមួយបរទេស

លោក គិន ភា បានលើកឡើងថា ទំនាក់ទំនងការបរទេសកម្ពុជានេះ គួរផ្តោត ៣សំខាន់ៗ។ ទី១ គឺជាមួយប្រទេសជិតខាង, ទី២ ជាមួយមហាអំណាចមធ្យមទាំងក្នុងតំបន់ និងទី៣ ជាមួយមហាអំណាចក្រៅតំបន់។

*ការបរទេសជាមួយប្រទេសជិតខាង៖ លោក គិន ភា បានឲ្យដឹងថា បើនិយាយពីទំនាក់ទំនងរបស់ប្រទេសយើងជាមួយប្រទេសជិតខាង ទាំងឡាវ ថៃ និងវៀតណាម យើងគួរតែរក្សាទំនាក់ទំនងនេះជាបងប្អូន ពីព្រោះយើងដឹងថា កម្ពុជាមិនអាចលើកព្រំដែនរបស់ខ្លួន ទៅឆ្ងាយពីប្រទេសទាំង៣នោះទេ។ កម្ពុជាមិនអាចយកអ្នកជិតខាងខ្លួនឯង ជាសត្រូវបានទេ ក៏ប៉ុន្តែកម្ពុជាក៏មិនអាចអោនក្បាល ជាមួយនឹងអ្នកជិតខាងណាដែរ។ យើងត្រូវមានការឆ្លើយតប ដោយស្មើមុខនិងស្មើសិទ្ធិ។ ការឈ្លានពានណាមួយ យើងត្រូវឆ្លើយតបដោយភាសារបស់គេ។

*ការបរទេសជាមួយមហាអំណាចមធ្យមក្នុងតំបន់៖ លោក គិន ភា លើកឡើងដែរថា ការរក្សាអំណាចជាមួយមហាអំណាចមធ្យមនៅក្នុងតំបន់ មានន័យថា ត្រូវធ្វើយ៉ាងណាឲ្យកម្ពុជាយើង ក្លាយជាដៃគូយុទ្ធសាស្ត្រជាមួយពួកគេ តួយ៉ាងដូចជា ឥណ្ឌា ជប៉ុន និងកូរ៉េជាដើម ដើម្បីហេតុផលនយោបាយ យុទ្ធសាស្ត្រ និងសេដ្ឋកិច្ច។

*រក្សាតុល្យភាពការបរទេសជាមួយមហាអំណាចក្រៅតំបន់៖ លោក គិន ភា បានឲ្យដឹងទៀតថា ជាមួយមហាអំណាចក្រៅតំបន់ ក៏យើងត្រូវរក្សាតុល្យភាពទំនាក់ទំនងយើងដែរ ដើម្បីធ្វើពិពិធកម្មការទូតរបស់យើង និងធ្វើពិពិធកម្មទីផ្សាររបស់យើង។

* ទី៤៖ ពង្រឹងទំនាក់ទំនងជាមួយមហាអំណាច៣ គឺរុស្ស៉ី អាមេរិក និងចិន

លោក គិន ភា បានផ្តល់ជាគំនិតថា ចំពោះទំនាក់ទំនាក់ជាមួយមហាអំណាចរុស្ស៉ី អាមេរិក និងចិន ត្រូវតែផ្តោតសំខាន់ ព្រោះដើម្បីទាញយកប្រយោជន៍នានា តាមដែលអាចធ្វើបាន។

* ៥៖ ពង្រឹងខឿនឯកភាពជាតិ

លោក គិន ភា បានឲ្យដឹងថា ការពង្រឹងខឿនឯកភាពជាតិជាងរឿងសំខាន់ ដែលមជ្ឈដ្ឋាននយោបាយ ទាំងមជ្ឈដ្ឋានប្រជាពលរដ្ឋសាមញ្ញ ចាំបាច់ត្រូវតែរួមសាមគ្គីគ្នា ត្រូវតែបញ្ចេញថាមពល បញ្ញាញាណ កម្លាំង ដើម្បីរួមចំណែកកសាងប្រទេសជាតិទាំងអស់គ្នា។ លោកបណ្ឌិតថ្លែងថា ពលរដ្ឋខ្លះមិនអាចស្រែកជេរប្រទេសខ្លួនឯងហើយ ហៅខ្លួនឯងថាជាអ្នកស្នេហាជាតិទេ។

* ៦៖ ការអភិវឌ្ឍធនធាមនុស្ស

លោក គិន ភា បានរំលេចថា ការអភិវឌ្ឍធនធានមនុស្សរបស់យើង ជាវិស័យអាទិភាពរបស់កម្ពុជា ហើយនៅតែជាចំណុចយុទ្ធសាស្ត្ររបស់កម្ពុជា ក្នុងក្របខណ្ឌគោលនយោបាយ យុទ្ធសាស្ត្រចតុកោណ។ មានធនធានមនុស្សខ្លាំង ទើបការអភិវឌ្ឍប្រទេសរីកចម្រើនក៏ខ្លាំងដែរ។

* ៧៖ ការពង្រឹងនូវវិស័យពាណិជ្ជកម្ម

លោក គិន ភា បានឲ្យដឹងដែរថា ការពង្រឹងពាណិជ្ជកម្មទាំងក្នុងតំបន់អាស៊ាន ពាណិជ្ជកម្មក្រៅតំបន់ ជាពិសេសពាណិជ្ជកម្មផ្ទៃក្នុង មិនគួរមើលរំលងឡើង។ ជាពិសេសការពង្រឹង SME គឺការពង្រឹងសហគ្រាសធុនតូច និងមធ្យម ត្រូវតែផ្តោតការយកចិត្តទុកដាក់ ដើម្បីយើងចាប់យកឱកាស នៃយុគសម័យបដិវត្តន៍ឧស្សាហកម្មទី៤ ក៏ដូចជាការពង្រឹងសេដ្ឋកិច្ចឌីជីថល និងការតភ្ជាប់សេដ្ឋកិច្ចទូលំទូលាយ។

* ៨៖ ពង្រីក ឬបន្តវប្បធម៌ដាំដុះ និងការចិញ្ចឹមសត្វ

លោក គិន ភា រំលឹកថា កាលពីសម័យសាធារណរដ្ឋប្រជាមានិតកម្ពុជា និងសម័យរដ្ឋកម្ពុជា គឺកម្ពុជាបានស្ថិតនៅក្នុងគំនៀបនយោបាយ និងប្រឈមនូវបញ្ហាជាច្រើន ប៉ុន្តែយើងអាចដោះស្រាយបាន នូវសន្តិសុខស្បៀង ដោយសារតែរដ្ឋាភិបាល សម័យសាធារណរដ្ឋប្រជាមានិតកម្ពុជា បានដាក់ចេញផលិតកម្មស្បៀងជាលក្ខណៈគ្រួសារ ដោយមានការប្រឡងប្រណាំង និងចិញ្ចឹមសត្វ។ ពេលនោះ យើងធានាបានសន្តិសុខស្បៀង យ៉ាងល្អប្រសើរ។

* ៩៖ ពួកមហាអំណាចមួយចំនួនធ្វើអ្វីៗ ដើម្បីចំណេញនយោបាយ

លោក គិន ភា បានបញ្ចប់គំនិតរបស់ខ្លួន ដោយចុងក្រោយ លើកឡើងថា ពិភពលោក ពិតជាឃោរឃៅ។ យើងត្រូវដឹងថា ពួកមហាអំណាចមួយចំនួន គេធ្វើនយោបាយដើម្បីផលចំណេញរបស់គេទេ គឺគេមិនមែនធ្វើដើម្បីប្រជាធិបតេយ្យឲ្យយើង ដើម្បីសិទ្ធិមនុស្ស ដើម្បីនីតិរដ្ឋ ដើម្បីយុត្តិធម៌អ្វីនោះទេ ពោលបើមានផលចំណេញដល់ពួកគេ ពាក្យប្រជាធិបតេយ្យ សិទ្ធិមនុស្ស នីតិរដ្ឋ និងយុត្តិធម៌ មិនត្រូវបានប្រើឡើយ៕