(កំពង់ធំ)៖ ក្រសួងទេសចរណ៍បានបង្ហាញការលើកទឹកចិត្តជាថ្មីថា ប្រសិនបើមូលដ្ឋានអាជីវកម្មណាអនុវត្តតាមត្រឹមត្រូវតាមវិធានសុវត្ថិភាព និងក្រមប្រតិបត្តិសម្រាប់អាជីវកម្មរបស់ខ្លួន ក្រសួងនឹងប្រគល់បណ្ណបញ្ជាក់គុណភាពសុវត្ថិភាពទេសចរណ៍ ឬហៅថា Label ជូនភ្លាមៗ សម្រាប់បិទផ្សព្វផ្សាយជាសាធារណៈនៅទីតាំងមូលដ្ឋានអាជីវកម្មរបស់ពួកគេ។

ការរំឭកជាថ្មីនេះត្រូវបានធ្វើឡើងក្នុងកម្មវិធីបណ្តុះបណ្តាលស្តីពី ការអនុវត្តវិធានសុវត្ថិភាពអនាម័យម្ហូបអាហារ ការរៀបចំកន្លែងលក់ឱ្យមានអនាម័យ និងបដិសណ្ឋារកិច្ចភ្ញៀវដល់អាជីវករលក់ដូរនៅតាមផ្លូវ (Food Street) ដែលបានធ្វើឡើងក្រោមអធិបតីភាពលោក ប្រាក់ សុខុម រដ្ឋលេខាធិការក្រសួងទេសចរណ៍ និងលោក សុខ លូ អភិបាលខេត្តកំពង់ធំ នាថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២០ នៅសាលាខេត្តកំពង់ធំ។

លោក ប៉ាក់ សុខុម បានថ្លែងថា វិធានសុវត្ថិភាពទេសចរណ៍ និងក្រមប្រតិបត្តិថ្មីៗសម្រាប់អាជីវកម្មទេសចរណ៍ធំៗចំនួន ៤ ដែលកំពុងធ្វើសកម្មភាព រួមមាន៖ អាជីវកម្មសេវាកម្មស្នាក់នៅ អាជីវកម្មភោជនីយដ្ឋាន-អាហារដ្ឋានទេសចរណ៍ អាជីវកម្មរមណីយដ្ឋានទេសចរណ៍ និងសហគមន៍ទេសចរណ៍ អាជីវកម្មដឹកជញ្ជូនទេសចរណ៍ផ្លូវគោក និងផ្លូវទឹក គឺត្រូវផ្សព្វផ្សាយបញ្ជ្រាបឱ្យមានការអនុវត្តនៅគ្រប់រាជធានី-ខេត្តទូទាំងប្រទេស។

លោកស្នើសុំរដ្ឋបាលខេត្តត្រូវរៀបចំក្រុមការងារតាមដានការអនុវត្តវិធានសុវត្ថិភាពទេសចរណ៍ ដែលមានអភិបាល ឬអភិបាលរងខេត្តជាប្រធាន ប្រធានមន្ទីរទេសចរណ៍ ជាអនុប្រធានអចិន្ត្រៃយ៍ និងជាលេខាធិការដ្ឋាន ដោយមានសមាជិកពីអង្គភាពពាក់ព័ន្ធ និងលើកទឹកចិត្តឱ្យមានក្រុមការងារនេះដល់ថ្នាក់មូលដ្ឋាន ដើម្បីតាមដានការអនុវត្តវិធានសុវត្ថិភាពទេសចរណ៍នេះ។

មួយវិញទៀត ត្រូវចុះណែនាំផ្សព្វផ្សាយអំពីវិធានការដល់គ្រប់មូលដ្ឋានអាជីវកម្ម និងត្រូវរាយការណ៍ជាប្រចាំ ពិសេសត្រូវអប់រំប្រជាពលរដ្ឋ និងទេសចរ បុគ្គលបម្រើការនៅតាមគោលដៅទេសចរណ៍នីមួយៗ និងប្រតិបត្តិករទេសចរណ៍ដែលជាដៃគូសហការ ដើម្បីពង្រឹងការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩។

លោកបានបញ្ជាក់ថា «ប្រសិនបើមូលដ្ឋានអាជីវកម្មណាអនុវត្តតាមត្រឹមត្រូវតាមវិធានសុវត្ថិភាព និងក្រមប្រតិបត្តិសម្រាប់អាជីវកម្មរបស់ខ្លួន ក្រសួងទេសចរណ៍នឹងប្រគល់ជូននូវបណ្ណបញ្ជាក់គុណភាពសុវត្ថិភាពទេសចរណ៍ ឬហៅថា Label សម្រាប់បិទផ្សព្វផ្សាយជាសាធារណៈនៅទីតាំងមូលដ្ឋានអាជីវកម្មរបស់ពួកគេ»

លោក សុខ លូ បានឱ្យដឹងថា ក្នុងដំណាក់កាលវិបត្តិជំងឺកូវីដ-១៩ ដែលនៅតែបន្តអូសបន្លាយពេលវេលាកាន់តែយូរ ធ្វើឱ្យមានផលប៉ះពាល់យ៉ាងច្រើនដល់វិស័យទេសចរណ៍នៅកម្ពុជា ក្នុងនោះអាជីវកម្មសេវាកម្មទេសចរណ៍នៅខេត្តកំពង់ធំ ក៏បានរងផលប៉ះពាល់ជាច្រើនផងដែរ។

លោកបានបន្តថា ក្នុងនាមរដ្ឋបាលខេត្ត ដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ រក្សាឱ្យបាននូវសុវត្ថិភាពមានទំនុកចិត្តផ្តល់ភាពកក់ក្តៅជូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរ ដែលបានធ្វើឲ្យដំណើរកម្សាន្តនៅក្នុងខេត្ត និងអនុវត្តតាមសេចក្តីណែនាំរបស់ក្រសួងទេសចរណ៍ ស្តីពីការអនុវត្តវិធានសុវត្ថិភាពទេសចរណ៍ ក្នុងដំណាក់កាលទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ ដំណាក់កាលទី១ ក្រុមការងារបានចុះផ្សព្វផ្សាយ និងណែនាំអនុវត្តវិធានសុវត្ថិភាពទេសចរណ៍ដល់ប្រតិបត្តិករទេសចរណ៍នៅតាមបណ្ដាក្រុង ស្រុក អាជីវកម្មស្នាក់នៅទេសចរណ៍ អាជីវកម្មភោជនីយដ្ឋាន និងអាហារដ្ឋានទេសចរណ៍ ព្រមទាំងរមណីយដ្ឋានទេសចរណ៍ បន្ទាប់ពីបានចុះផ្សព្វផ្សាយណែនាំអនុវត្តវិធានសុខវត្ថិភាពទេសចរណ៍ ក្រុមការងារបានបន្តចុះវាយតម្លៃសុវត្ថិភាពទេសចរណ៍ តាមមូលដ្ឋានអាជីវកម្មទេសចរណ៍ជាបន្តទៀត។

ជាមួយគ្នានេះ លោកបានសំណូមពរដល់ប្រតិបត្តិការទេសចរណ៍ទាំងអស់ ដែលបានចូលរួមក្នុងវគ្គបណ្តុះបណ្តាលនេះ ត្រូវខិតខំយកចិត្តទុកដាក់ និងចូលរួមអនុវត្តតាមវិធានសុវត្ថិភាពទេសចរណ៍ ដើម្បីរក្សាបានសុវត្ថិភាព ផ្តល់ទំនុកចិត្ត ផ្តល់ភាពកក់ក្តៅជូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរដែលបានមកទទួលសេវាកម្មរបស់ខ្លួន៕