(ភ្នំពេញ)៖ សហរដ្ឋអាមេរិក និងមហាអំណាចចិន បានប៉ះទង្គិចគ្នាលើសង្រ្គាមពាណិជ្ជកម្មយ៉ាងខ្លាំងក្លា រហូតដល់រដ្ឋបាលរបស់លោក ដូណាល់ ត្រាំ ប្រកាសបិទ និងតម្លើងពន្ធចំពោះទំនិញដែលនាំចូលប្រទេសចិន។ នៅពេលនេះរឹតតែខ្លាំងក្លាបន្ថែមទៀតនោះគឺឈានដល់សង្រ្គាមពាណិជ្ជកម្មតិចណូឡូជី។

ដូចដែលយើងបានដឹងហើយថា ជំនួញបច្ចេកវិទ្យា ជាជំនួញមួយដែលទូលំទូលាយធំធេងណាស់នៅលើពិភពលោក និងរកចំណូលបានរាប់ពាន់លានដុល្លារ, ដូចជា Google Facebook Alibaba Amazon Wechat TikTok និងផ្សេងៗជាច្រើនទៀត។ ប៉ុន្តែនៅពេលនេះសហរដ្ឋអាមេរិក បានប្រកាសបិទកម្មវិធីកំសាន្ត Tiktok ដែលជាក្រុមហ៊ុនរបស់ចិន ក្រោមហេតុផលមិនសុវត្ថិភាព មិនអនុញ្ញាតឲ្យដំណើរការនៅសហរដ្ឋអាមេរិក (មិនប៉ះពាល់ដល់ប្រទេសដទៃនោះ)។

សំណួររបស់អង្គភាពព័ត៌មាន Fresh News បានចោទសួរថា «ចុះប្រសិនបើនៅពេលខាងមុខ សហរដ្ឋអាមេរិក ប្រកាសបិទកម្មវិធីល្បីៗរបស់ចិន Tiktok, Wechat, Alibaba និងកម្មវិធីផ្សេងៗរបស់ចិនចេញពី «App Store» របស់ក្រុមហ៊ុន Apple និង «Play Store» របស់ក្រុមហ៊ុន Google (ដែល OS ទាំងពីរនេះសុទ្ធសឹងរបស់ក្រុមហ៊ុនអាមេរិក) តើពេលនោះពិភពលោក នឹងមានផលប៉ះពាល់យ៉ាងណា ហើយកម្ពុជាគួរត្រៀមខ្លួនអ្វីខ្លះលើបញ្ហាដ៏ធ្ងន់ធ្ងរនេះ?

លោក គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិកម្ពុជានៃរាជបណ្ឌិត្យសភាកម្ពុជា លើកឡើងថា ការធ្វើបែបនេះជាចរន្តដើរបញ្ច្រាសនិន្នាការពិភពលោក ដែលកំពុងលើកកម្ពស់ប្រព័ន្ធឌីជីថល និងកំពុងធ្វើដំណើរទៅកាន់បដិវត្តន៍ឧស្សាហកម្មជំនាន់ទី៤។

លោកបណ្ឌិត គិន ភា បានសង្កត់ធ្ងន់ថា ទង្វើរបស់ប្រទេសមហាអំណាចដែលមានឧត្តមភាពខាងបច្ចេកវិទ្យា ហាក់កំពុងតែមិនធ្វើឱ្យមានចរន្តរីកចម្រើនខាងបច្ចេកវិទ្យា ខាងឌីជីថល និងខាងសេដ្ឋកិច្ចឌីជីថល។ លោកបានមើលឃើញទៀតថា ប្រសិនបើអាមេរិកឈានដល់បិទមិនឱ្យកម្មវិធី App ល្បីៗរបស់ចិនដូចជា Tiktok, Wechat, Alibaba និងកម្មវិធីដទៃទៀតនោះនឹងធ្វើឱ្យពិភពលោកក្រឡាប់ចាក់ ជួបកោឡាហល ហើយអាមេរិកក៏មិនទទួលបានប្រយោជន៍អ្វីនោះដែរ។

លោក គិន ភា បានអះអាងដូច្នេះ «បើសិនជាមានការបិទបែបនោះ គឺសេដ្ឋកិច្ចពិភពលោកមានការក្រឡាប់ចាក់ និងមានកោឡាហល ពីព្រោះយើងដឹងថាឥឡូវនេះ គឺភាពពឹងអាស្រ័យខ្លាំងក្នុងការធ្វើពាណិជ្ជកម្មអន្តរជាតិ គឺពឹងផ្អែកលើឌីជីថល។ ដូច្នេះការបិទមិនបានផ្តល់ផលប្រយោជន៍អ្វី សម្រាប់សហរដ្ឋអាមេរិកខ្លួនឯង សម្រាប់ប្រទេសចិន និងបណ្តាប្រទេសនានា»

ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិរូបនេះ ក៏បានគូសបញ្ជាក់ផងដែរថា ការប្រកាន់ឥរិយាបទឯកតោភាគីនិយម ឬគាំពារនិយមនៅក្នុងការប្រកួតប្រជែងនៃការប្រជែង ឥទ្ធិពលរវាងមហាអំណាច គឺមិនផ្តល់ផលប្រយោជន៍សម្រាប់វឌ្ឍនភាពរបស់សេដ្ឋកិច្ចពិភពលោកទេ ហើយក៏មិនបានផ្តល់នូវវឌ្ឍនភាព ឬក៏ការអភិវឌ្ឍន៍សម្រាប់សេដ្ឋកិច្ចពិភពលោកនោះឡើយ។

សូមបញ្ជាក់ថា TikTok ជាកម្មវិធីទូរស័ព្ទមួយដ៏ពេញនិយមពាសពេញពិភពលោក។ គិតត្រឹមខែឧសភា ឆ្នាំ២០២០ មានអ្នកប្រើរហូតដល់ជាង ៨០០លាននាក់ និងមានការទាញយក App ចេញពី App Store និង Play Store សរុបចំនួន ១.៥ពាន់លានដង។

TikTok ឬ Douyin ត្រូវបានបង្កើតឡើងកាលពីខែកញ្ញា ឆ្នាំ២០១៦ ដោយក្រុមហ៊ុនចិន ByteDance ហើយនៅពេលនោះមានឈ្មោះដើមថា «A.me» ប៉ុន្តែក្រោយមកនៅខែធ្នូ ឆ្នាំ២០១៦ ទើបប្ដូរមកជា TikTok វិញ។ កម្មវិធី TikTok ត្រូវបានបង្កើតឡើងដោយប្រើរយៈពេលតែ២០០ថ្ងៃប៉ុណ្ណោះ ហើយអ្វីដែលអស្ចារ្យនោះគឺថា ក្រោយពីដាក់ឱ្យដំណើរការបានមួយឆ្នាំ មានអ្នកប្រើរហូតដល់១០០លាន និងមានការទស្សនាវីដេអូរហូតដល់ ១ពាន់លានដងក្នុងមួយថ្ងៃ។

បច្ចុប្បន្នកម្មវិធី Tik Tok របស់ក្រុមហ៊ុនចិន បាននឹងកំពុងរងការធ្វើទុក្ខបុកម្នេញយ៉ាងខ្លាំងពីសហរដ្ឋអាមេរិក ព្រមទាំងប្រទេសឥណ្ឌាផងដែរ។ ប្រទេសឥណ្ឌា បានបិទមិនឱ្យពលរដ្ឋខ្លួនប្រើប្រាស់កម្មវិធីនេះឡើយ បន្ទាប់ពីមានជម្លោះព្រំដែនជាមួយចិន។

ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ហាមពលរដ្ឋមិនឱ្យប្រើកម្មវិធីនេះ ហើយហាមក្រុមហ៊ុន ByteDance មិនឱ្យធ្វើប្រតិបត្តិការនៅអាមេរិកថែមទៀតផង។

ដោយមិនឱ្យចាញ់ចិត្តប្រធានាធិបតីអាមេរិក នៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២០នេះ ក្រុមហ៊ុន ByteDance ក៏បានបញ្ជាឱ្យក្រុមវិស្វករ TikTok ត្រូតពិនិត្យតាម បែបបច្ចេកទេស ដើម្បីបិទប្រតិបត្តិការនៅសហរដ្ឋអាមេរិក។

សង្គ្រាមរវាងអាមេរិក ជាមួយក្រុមរបស់ Tik Tok ត្រូវបានគេមើលឃើញថាជាសង្គ្រាមថ្មីមួយទៀត នៃការប្រជែងឥទ្ធិពលរវាងអាមេរិក និងចិននៅលើពិភពលោក៕