(តៃប៉ិ)៖ កោះតៃវ៉ាន់ បានធ្វើសមយុទ្ធយោធាក្នុងទ្រង់ទ្រាយធំ ស្ទើរតែមិនធ្លាប់មានពីមុនមក បន្ទាប់ពីមានមានការ គំរាមពីណាក់ មហាយក្សចិន និងក្រោយពេលដែលគណបក្សប្រឆាំង នៅតៃវ៉ាន់ឈ្នះឆ្នោត នេះបើយោងតាមការ​ចេញ​ផ្សាយរបស់សារព័ត៌មាន AFP នៅថ្ងៃទី២៨ ខែមករា។

សមយុទ្ធយោធានេះ ត្រូវបានគេមើលឃើញថា ជាការធ្វើសមយុទ្ធទ្រង់ទ្រាយធំ ព្រោះកងកម្លាំងយោធា​របស់​តៃវ៉ាន់​តាំងអស់បានចេញ មកធ្វើសមយុទ្ធ មិនថាជើងទឹក ជើងគោក ឬដែនអាកាសនោះទេ ជាពិសេសគឺ​សព្វាវុធ​ដែល​​ប្រើ នៅក្នុងពេលសមយុទ្ធនោះ គឺសុទ្ធសឹងតែជាអាវុធថ្មីៗ ដែលទើបនឹងទិញ ដូចជា កាំភ្លើង T-91 assault rifles, Sniper Rapid Engagement Rifles, និង Barrett anti-material sniper rifles។ ក្បួនយន្តហោះចម្បាំង F-16 ត្រូវបានបង្ហាញ ខណៈដែលវាមានផ្ទុកមីស៊ីល AIM-9 Sidewinder និងមីស៊ីលបាញ់នៅលើអាកាស AIM-120។

គួរបញ្ជាក់ផងដែរថា កោះតៃវ៉ាន់បានដាច់ចេញពីចិន កាលពីឆ្នាំ​ ១៩៤៩ ដោយសារសង្គ្រាមស៊ីវិល ប៉ុន្តែ​ចាប់តាំងពី​ពេលនោះមក តៃវ៉ាន់ មិនដែលហ៊ានប្រកាសថា ខ្លួនឯងជាកោះឯករាជឡើយ ខណៈដែល​រដ្ឋាភិបាលក្រុងប៉េកាំង នៅតែបន្តឃ្លាំមើល​ ដោយចាត់ទុកថា កោះតៃវ៉ាន់ជាទឹកដីរបស់ខ្លួន​ ដែលនឹងត្រូវបង្រួបបង្រួម៕