(បន្ទាយមានជ័យ)៖ ដើម្បីផ្តល់ឱកាសជូនសមាជិកក្រុមប្រឹក្សាឃុំ ស្មៀន និងនាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ សង្កាត់ លើកឡើងអំពីបញ្ហាប្រឈម តម្រូវការ និងសំណូមពរជុំវិញការអនុវត្តតួនាទី ភារកិច្ចរបស់ខ្លួន នារសៀលថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២០ ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៤ ដឹកនាំដោយលោក ប៉ុល លឹម ប្រធានក្រុម និងជាអនុប្រធានគណៈកម្មការទី៤ ព្រឹទ្ធសភា បានចុះជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាឃុំ ស្មៀន និងនាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ ក្នុងស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ និងដោយមានការទទួលស្វាគមន៍ពីលោក ខេង ស៊ុម ប្រធានក្រមប្រឹក្សាខេត្ត លោក លី សារី អភិបាលរងខេត្ត តំណាងលោក អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ នៅសាលប្រជុំសាលាស្រុកព្រះនេត្រព្រះ។

ថ្លែងក្នុងឱកាសនោះពិធីសំណេះសំណាលនោះ លោក ប៉ុល លឹម ប្រធានក្រុម និងជាអនុប្រធានគណៈកម្មការទី៤ ព្រឹទ្ធសភា បានលើកឡើងលើគោលបំណងដែលមានប្រធានបទចំនួន០៥ ចំណុចទី១៖ ការផ្តល់សេវារដ្ឋបាល, ទី២៖ ការងារអត្រានុកូល-ដ្ឋាន (សៀវភៅស្នាក់នៅ សៀវភៅគ្រួសារ), ទី៣៖ ការកែតម្រូវអក្ខរាវិរុទ្ធក្នុងអត្រានុកូលដ្ឋាន (អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ) ទី៤៖ មូលនិធិអភិវឌ្ឍន៍ឃុំ សង្កាត់ និងទី៥៖ ការអនុវត្តគោលនយោ-បាយភូមិ ឃុំមានសុវត្ថិភាព។

បន្ទាប់ពីសំណេះសំណាល និងផ្លាស់ប្តូរបទពិសោធន៍គ្នាអស់រយៈពេលមួយរសៀលនេះ លោក ប៉ុល លឹម បានថ្លែងការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះអាជ្ញាធរស្រុកព្រះនេត្រព្រះ ដែលបានខិតខំបំពេញតួនាទី ភារកិច្ចរបស់ខ្លួនយ៉ាងល្អ ជាពិសេសការងារដែលពាក់ព័ន្ធនឹងការផ្តល់សេវារដ្ឋបាល ការងារអត្រានុកូលដ្ឋាន ការកែតម្រូវអក្ខរាវិរុទ្ធក្នុងអត្រានុកូលដ្ឋាន មូលនិធិអភិវឌ្ឍន៍ឃុំ សង្កាត់ ការអនុវត្តគោលនយោបាយភូមិ ឃុំមានសុវត្ថិភាព។

ជាពិសេសចំពោះបញ្ហាប្រឈម និងសំណូមពរនានារបស់ដែលក្រុមប្រឹក្សាឃុំ ស្មៀន នាយប៉ុស្តិ៍នគរបាលឃុំ បានលើកឡើង រដ្ឋបាលថ្នាក់ស្រុក និងខេត្តក៏បានចូលរួមដោះស្រាយមួយចំនួនផងដែរ។

ចំណែកឯបញ្ហាប្រឈម និងសំណូមពរដែលនៅសេសសល់ ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៤ នឹងរាយការណ៍ជូនថ្នាក់ដឹកនាំព្រឹទ្ធសភា និងគណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា ដើម្បីលើកជាអនុសាសន៍ជម្រាបដល់ក្រសួង ស្ថាប័នពាក់ព័ន្ធធ្វើការដោះស្រាយ។

ក្រៅពីនោះ លោក ប៉ុល លឹម បានផ្តាំផ្ញើដល់ក្រុមប្រឹក្សាឃុំ អាជ្ញាធរមានសមត្ថកិច្ចទាំងអស់ សូមចូលរួម និងអំពាវនាវដល់ប្រជាពលរដ្ឋត្រូវអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល ត្រូវឧស្សាហ៍ដុសលាងសម្អាតដៃជាមួយនឹងសាប៊ូ ជែលសម្លាប់មេរោគ ឬទឹកអាល់កុល និងប្រើប្រាស់ម៉ាសឱ្យបានជាប្រចាំគ្រប់ទីកន្លែង ដើម្បីកុំឱ្យឆ្លងជំងឺកូវីដ-១៩ ចូលក្នុងគ្រួសារ និងសហគមន៍របស់ខ្លួន៕