(បាត់ដំបង)៖ នារសៀលថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២០ លោក ផេង សុធី អភិបាលក្រុងបាត់ដំបង បានដឹកនាំក្រុមការងារចុះបញ្ចប់បញ្ហាកាយប្រឡាយបាត់បង់ផ្លូវដើរ (ដីរដ្ឋ) រវាងលោកឧកញ៉ា លឹម ទាឡេង ប្រធានសមាគមចិន ខ្មែរ (សាលារៀនភាសារចិន) ប្រចាំខេត្តបាត់ដំបង និងប្រជាពលរដ្ឋជាង១០គ្រួសារ នៅចំណុចផ្លូវបេតុងក្រោយផ្សារ ភួ ពុយ ក្នុងសង្កាត់ចំការសំរោង ក្រុងបាត់ដំបង។

បើតាមភាគីសាលារៀនសមាគមចិន ខ្មែរ ប្រចាំខេត្តបាត់ដំបង ដោយលោកឧកញ៉ា លឹម ទាឡេង បានអះអាងថា ដីផ្លូវចូលសាលារៀនចិន លាង ហួរដែលជាទីតាំង​ថ្មីហើយត្រូវធ្វើពិធីបញ្ចុះបឋមសិលានាចុងខែនេះ គឺលោកបានទិញពីប្រជាពលរដ្ឋជាបន្តបន្ទាប់ជាយូរមកហើយ ព្រមទាំងបានចាក់ដី ធ្វើផ្លូវ ដែលនឹងត្រូវកសាងសាលារៀន​ចិន លាហួរ ថ្មី ហើយបានធ្វើរបងនៅលើដីរបស់លោកតែប៉ុណ្ណោះ។

ចំណែកប្រជាពលរដ្ឋដែលអាស្រ័យផ្លូវនេះ បាននាំគ្នាមកតវ៉ានាពេលនេះ គឺដោយសារតែលោកឧកញ៉ា លឹម ទា ឡេង បានធ្វើរបងហើយបានកាយ​ដីដែលនៅរាបស្មើទៅជាប្រឡាយធ្វើឲ្យរាំងស្ទះក្នុងការចេញចូលរបស់ពួកគាត់។

បន្ទាប់ពីមានការប៉ះទង្គេចពាក្យសំដីគ្នារួចមក លោក ផេង សុធី បានដឹកនាំក្រុមការងារចុះទៅកន្លែងកើតហេតុ ហើយបានបញ្ជាក់ប្រាប់សារព័ត៌មានថា បើតាមមើល​តាមប្លង់ដី​បានបញ្ជាក់ពីមុនយូរមកហើយ គឺជាដីស្រែនិងប្រឡាយទេ តែក្រោយពីមានការអភិវឌ្ឍ និងរីកចម្រើនមកទល់ពេលនេះ គឺដីទាំងនេះបានក្លាយជាដីក្រុង ជាដីលំនៅដ្ឋានអស់ទៅហើយ។

លោក ផេង សុធី បន្ទាប់បានបញ្ជាក់ប្រវត្តិដីនេះពីមុនរួចមក ក៏បានធ្វើការសម្របសម្រួលគ្នា ដោយឲ្យភាគីសមាគមចិន កាយដីលប់ប្រឡាយឲ្យស្មើវិញ ដែលជាដីរបស់រដ្ឋ​ទុក​ជាផ្លូវ ជូនប្រជាពលរដ្ឋប្រើប្រាស់ដូចធម្មតាវិញ។ ចំណែកភាគីសមាគមចិន ក៏បានយល់ព្រមកាយអាចម៍ដីលប់ប្រឡាយព្រមទាំងប្រើគ្រឿងចក្រកិនដីឲ្យរាបស្មើវិញ ជាការបញ្ចប់រឿងទំនាស់នេះ៕