(ភ្នំពេញ)៖ ក្រុមហ៊ុន អេស ស៊ី ជី ដែលជាក្រុមហ៊ុនអន្តរជាតិ​ដ៏ធំមួយក្នុងតំបន់អាស៊ាន បានបញ្ចេញរបាយការណ៍​លទ្ធផលប្រតិបត្តិ​ការរបស់ខ្លួន សម្រាប់ការីបរិច្ឆេទឆ្នាំ​២០១៥ កន្លងទៅ តាមរយៈ​សេចក្តី​ប្រកាសព័ត៌មាន​មួយ​ ដែលបានផ្សព្វផ្សាយ​នៅថ្ងៃព្រហស្បតិ៍នេះ ។

យោងតាមសេចក្តីប្រកាសព័ត៌មាននោះ ក្នុងឆ្នាំ​២០១៥ ក្រុមហ៊ុន អេស ស៊ី ជី ​រកប្រាក់ចំណេញបានច្រើនជាងឆ្នាំ២០១៤ រហូតដល់ ៣៥% ដោយសារការរីកចម្រើននៃអាជីវកម្មផ្សេងៗរបស់​ខ្លួន ហើយ បានឲ្យថា នឹងបន្តផ្តោតលើ​ការ​អភិវឌ្ឍផលិតផលថ្មីៗប្រកបដោយភាពច្នៃប្រឌិត និងនិរន្តរភាព ដើម្បីផ្គត់ផ្គង់តម្រូវការរបស់អតិថិជនក្នុងតំបន់អាស៊ាន ។
លោក​ Roongrote Rangsiyopash ប្រធាន និងអគ្គនាយកក្រុមហ៊ុន អេស ស៊ី ជី បានឲ្យឹងថា សម្រាប់ឆ្នាំ២០១៥ទាំងមូល សរុបចំណូលពីការលក់នៅទូទាំងពិភពលោក គឺមានចំនួន ៥១.៧១៩ ពាន់លានរៀល (១២.៨៣៥ លានដុល្លារអាមេរិក) ដែលជាការថយចុះ ១០% ពីឆ្នាំមុន ដោយសារតម្លៃប្រេងធ្លាក់ចុះ ។ ប៉ុន្តែ ប្រាក់ចំណេញសរុបក្នុងឆ្នាំ២០១៥ បានកើនឡើងទៅដល់ ៥.៣៤១ ពាន់លានរៀល (១.៣២៥ លានដុល្លារអាមេរិក) ដែលជាការកើនឡើងរហូតដល់ ៣៥% ធៀបនឹងឆ្នាំ២០១៤ ។

លោក Roongrote Rangsiyopash បានបន្ថែម​៉យើងកំពុងបន្តធ្វើការវិនិយោគនៅក្នុងតំបន់អាស៊ាន ដូចការគ្រោងទុក ដើម្បីបំពេញតាមតម្រូវការរបស់អតិថិជនក្នុងតំបន់ ហើយរោងចក្រស៊ីម៉ង់ត៍នៅក្នុងប្រទេស​ឥណ្ឌូនេស៊ីបានចាប់ផ្តើមដំណើរការហើយ កាលពីខែវិច្ឆិកា ឆ្នាំ២០១៥ កន្លងទៅ ខណៈដែលរោងចក្រ​ស៊ីម៉ង់ត៍ ដែលកំពុងសាងសង់ក្នុងប្រទេសមីយ៉ាន់ម៉ា និងប្រទេសឡាវ គ្រោងនឹងចាប់ផ្តើមដំណើរការក្នុងឆ្នាំ២០១៦ និង២០១៧ រៀងគ្នា ។ ការវិនិយោគថ្មីៗទាំងនេះ គឺដើម្បីគាំទ្រការពង្រីកទីផ្សាររបស់យើង​ក្នុងតំបន់អាស៊ាន និងបំពេញតាមតម្រូវការកើនឡើងរបស់អតិថិជន ។ យើងជឿជាក់ថា តំបន់អាស៊ាននឹងរីកលូតលាស់​យ៉ាង​ឆាប់រហ័ស ហើយទីផ្សារនៅក្នុងប្រទេសកម្ពុជា ឡាវ មីយ៉ាន់ម៉ា និងវៀតណាម នឹងរីកចំរើនឡើងដោយសារ​សហគមន៍សេដ្ឋកិច្ចអាស៊ាន"    ។

យោងតាមសេចក្តីប្រកាសព័ត៌មានដដែល គិតត្រឹមថ្ងៃទី៣១ ធ្នូ ឆ្នាំ២០១៥ ទ្រព្យសកម្មសរុបរបស់ក្រុមហ៊ុន អេស ស៊ី ជី នៅទូទាំងពិភពលោក គឺស្មើនឹងទឹកប្រាក់ ៥៦.៦៦៥ ពាន់លានរៀល (១៤.១៣៦ លានដុល្លារអាមេរិក) ខណៈដែលទ្រព្យសកម្មសរុបរបស់ក្រុមហ៊ុន អេស ស៊ី ជី​ ក្នុងតំបន់អាស៊ាន (លើកលែងប្រទេសថៃ) មានចំនួន ១២.០២០ ពាន់លានរៀល (២.៩៩៩ លានដុល្លារអាមេរិក) ស្មើនឹង ២១% នៃទ្រព្យសកម្មប្រមូលផ្តុំសរុប ។

ដោយឡែកនៅក្នុងប្រទេសកម្ពុជាវិញ គិតត្រឹមចុងត្រីមាសទី៤ ឆ្នាំ២០១៥ ក្រុមហ៊ុន អេស ស៊ី ជី មានទ្រព្យសកម្មសរុប ​ស្មើនឹង ១.២៣០ ពាន់លានរៀល (៣០៧ លានដុល្លារអាមេរិក) ដែលជាការកើនឡើង ១៩% ធៀបនឹងឆ្នាំមុន ហើយចំណូលពី​ការលក់សរុបនៅកម្ពុជា សម្រាប់ឆ្នាំ២០១៥ទាំងមូល គឺ​ស្មើនឹងចំនួនទឹកប្រាក់ ៥៨៦ ពាន់លានរៀល (១៤៥ លានដុល្លារអាមេរិក) ដែលជាការកើនឡើង ១៧% ធៀបនឹងឆ្នាំមុន ដែលបណ្តាលជាចម្បងមកពី ការរីកចំរើននៃអាជីវកម្ម​ស៊ីម៉ងត៍ បេតុងលាយស្រេច និងសេវាភ័ស្តុភារ ។

គួរកត់សម្គាល់ផងដែរថា កាលពីពេលថ្មីៗនេះ ក្រុមហ៊ុន SCG Concrete Roof (Cambodia) ដែលជា​ក្រុមហ៊ុនបុត្រសម្ព័ន្ធមួយរបស់ អេស ស៊ី ជី បានក្លាយជាក្រុមហ៊ុនផលិតក្បឿងបេតុង ដំបូងគេនៅកម្ពុជា ដែល​ទទួលបានវិញ្ញាបនបត្រទទួលស្គាល់គុណភាពអន្តរជាតិ ISO 9001:2008 ។

បន្ថែមពីនេះទៀត កាលពី​ថ្ងៃ​ទី១៦ មករា កន្លងទៅ ក្រុមហ៊ុនបានផ្តួចផ្តើមឲ្យមានការប្រកួតបាល់ទាត់ជាលក្ខណៈមិត្តភាពរវាង ក្រុមជើងខ្លាំងមួយរបស់ថៃគឺ SCG Muangthong United និងក្រុម K-Cement Cambodian All Stars ដែលជាក្រុមប្រមូលផ្តុំកំពូលតារាបាល់ទាត់ល្បីៗក្នុងលីកកម្ពុជា ។ ការប្រកួតនេះ គឺជាផ្នែកមួយនៃ​ព្រឹត្តិការណ៍បាល់ទាត់អាស៊ាន ដែលផ្តួចផ្តើមដោយក្រុមហ៊ុន អេស ស៊ី ជី ហៅថា SCG Muangthong United ASEAN Tour ឆ្នាំ២០១៦ ដើម្បីរឹតចំណងមិត្តភាព​រវាងប្រទេសថៃ និងកម្ពុជា ក៏ដូចជាអបអរសាទរខួប៦៥ឆ្នាំ នៃទំនាក់ទំនងការទូតកម្ពុជា-ថៃ ។

គួរបញ្ជាក់ថា ទឹកប្រាក់ចំនួន ៥ម៉ឺនដុល្លារ ដែលប្រមូលបាន​ពីការលក់សំបុត្រចូលទស្សនាការប្រកួត ការលក់វត្ថុអនុស្សាវរីយ៍ និងប្រាក់បរិច្ចាកបន្ថែមពីក្រុមហ៊ុនផ្ទាល់ នឹងប្រគល់ទៅដល់មន្ទីរពេទ្យគន្ធបុប្ផា នាពេលឆាប់ៗខាងមុខនេះ ដើម្បីចូលរួមសកម្មភាពមនុស្សធម៌ ៕