(ព្រៃវែង)៖ ស្នងការដ្ឋាននគរបាលខេត្តព្រៃវែង បានចេញសេចក្ដីបំភ្លឺ ចំពោះករណីសាកសពបុរសម្នាក់ នៅស្រុកបាភ្នំ ដោយបញ្ជាក់ថា សាកសពនេះ គឺជាការធ្វើអត្ដឃាតដោយខ្លួនឯង ហើយសាកសពត្រូវបានបូជាក្រោយអាជ្ញាធរ និងសមត្ថកិច្ចប្រកាសរកសាច់ញាតិមិនឃើញ។ នេះបើតាមសេចក្ដីបំភ្លឺ ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅល្ងាចថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២០។

ស្នងការដ្ឋាននគរបាលខេត្តព្រៃវែង បានឲ្យដឹងថា កាលពីថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២០ នៅចំណុចក្រោមដើមអំពិលទឹកបារាំង ស្ថិតក្នុងភូមិគោកសណ្ដែក ឃុំរក្សជ័យ ស្រុកបាភ្នំ ខេត្តព្រៃវែង បានប្រទះឃើញសពឈ្មោះ ធា រ៉ាម៉ុក ភេទប្រុស អាយុ៣០ឆ្នាំ ដេកផ្កាប់មុខស្លាប់ដោយមានខ្សែចំណង (ទុយោទឹក) រឹតចងជាប់នឹងបំពង់កមួយកំណាត់ រីឯខ្សែមួយកំណាត់ទៀតចងភ្ជាប់នឹងមែកឈើកម្ពស់៤ម៉ែត្រពីដី (ជនរងគ្រោះអាចរើបំរាស់ពេលធ្វើសកម្មភាព ចងកទម្លាក់ខ្លួនពីមែកឈើ ចុះមកក្រោម បណ្ដាលឲ្យដាច់ខ្សែចំណងធ្លាក់ស្លាប់)។

ផ្អែកតាមលទ្ធផលកោសល្យវិច្ច័យរបស់សមត្ថកិច្ចជំនាញ និងគ្រូពេទ្យ អាចសន្និដ្ឋានបានថា ជនរងគ្រោះបានធ្វើអត្តឃាតដោយចងកសម្លាប់ខ្លួនពិតប្រាកដមែន។ ដោយឡែក មុនពេលដែលសាកសពត្រូវបូជា ស្នងការនគរបាលខេត្ត បានបញ្ជាឲ្យប៉ុស្ដិ៍នគរបាលរដ្ឋបាល ធ្វើការផ្សព្វផ្សាយតាមមូលដ្ឋាន និងស្នើប្រព័ន្ធផ្សព្វផ្សាយជួយផ្សព្វផ្សាយ ប៉ុន្ដែពុំមានជនណាម្នាក់មកទំនាក់ទំនងទទួលសពយកទៅធ្វើបុណ្យនោះទេ។

ក្រោយមកដោយស្ថានភាពសពហើម និងមានក្លិនស្អុយ សមត្ថកិច្ចជំនាញស្នើសុំការអនុញ្ញាតពីអភិបាលស្រុកបាភ្នំ សម្រេចឲ្យបូជាសពតែម្ដង។ បន្ទាប់ពីបូជាសពរួច ទើបមានសាច់ញាតិមកទំនាក់ទំនងរើសយកអដិ្ឋធាតុ ក្នុងនោះមានម្នាក់ជាម្ដាយមីង និងម្នាក់ជាជីដូន៕

ខាងក្រោមនេះ ជាសេចក្ដីបំភ្លឺរបស់ស្នងការដ្ឋាននគរបាលខេត្តព្រៃវែង៖