(បន្ទាយមានជ័យ)៖ លោកស្រីឧញ៉ាហេមចិត្តាមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភ ម៉ៅ ម៉ាទ្បៃ កែ គឹមយ៉ាន ប្រធានកិត្តិយសសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ ខេត្តបន្ទាយមានជ័យ បានដឹកនាំក្រុមការងារយកកូនឈើចម្រុះចំនួន ១,២០០ដើម នៅក្នុងបរិវេណប្រាសាទបន្ទាយឆ្មារ ខេត្តបន្ទាយមានជ័យ។

ពិធីនេះបានធ្វើឡើងនាថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២០ម្សិលមិញ ស្ថិតនៅចំណុចរម្យណីយ៍ដ្ឋានអាងជើងគ្រុស ក្នុងភូមិបន្ទាយឆ្មារជើង ឃុំបន្ទាយឆ្មារ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ដោយមានការអញ្ជើញចូលរួមពីសំណាក់អាជ្ញាធរខេត្ត កងកម្លាំងទាំង៣ប្រភេទ ព្រមទាំងអាជ្ញាធរមូលដ្ឋានជាច្រើនផងដែរ។

ក្នុងឱកាសនោះលោកស្រី ម៉ៅម៉ាទ្បៃ កែ គឹមយ៉ាន បានថ្លែងថា ការរៀបចំដាំកូនឈើជាច្រើនដើម តាមបរិវេណប្រាសាទ ដើម្បីរាំងទឹកជួយលើកកម្ពស់សោភ័ណភាពបរិស្ថាន និងការទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ ដែលគេចូលមកកម្សាន្ត ក្នុងបរិវេណប្រសាទបន្ទាយឆ្មារ ផងដែរ។

បន្ថែមពីនេះលោកស្រី ក៏បានផ្តាំផ្ញើរដល់ប្រជាពលរដ្ឋដែលនាំគ្នាមកកម្សាន្តនៅទីនេះ មេត្តាជួយថែរក្សាអនាម័យបរិស្ថាន ឱ្យបានល្អជាពិសេសសូមប្រមូលកាកសំណល់សំរាមដែលខ្លួនបានបរិភោគរួច សូមវេចខ្ចប់ទុកដាក់ទាំងនោះដាក់នៅក្នុងធុងសំរាមឱ្យបានត្រឹមត្រូវជាដើម៕