(ឧត្តរមានជ័យ)៖ លោក ឃិន ញ៉ាណ អភិបាលរងខេត្តឧត្តរមានជ័យ បានជំរុញដល់មន្ត្រីជំវិញខេត្ត ដែលបានកាន់កាប់ទ្រព្យសម្បត្តិរដ្ឋ ត្រូវខិតខំការពារគ្រប់គ្រង និងថែរក្សាទ្រព្យសម្បត្តិរដ្ឋ ទាំងនោះប្រកបដោយការទទួលខុសត្រូវខ្ពស់ តាមរយៈការកត់ត្រាទ្រព្យសម្បត្តិរដ្ឋឱ្យបានត្រឹមត្រូវ និងគ្រប់ជ្រុងជ្រោយ ស្របតាមតាមបែបបទ នៃបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ តាមនីតិវិធី និងការណែនាំរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដើម្បីធ្វើឱ្យការគ្រប់គ្រងប្រកបដោយសក្កិសិទ្ធភាព និងគណនេយ្យភាព។

ការជំរុញបែបនេះរបស់លោក ឃិន ញ៉ាណ ធ្វើឡើងក្នុងឱកាសដែលលោកអញ្ជើញជាតំណាងលោក ប៉ែន កុសល្យ អភិបាលខេត្តឧត្តរមានជ័យ និងលោក ម៉ាក់ ចាន់តារា អនុប្រធាននាយកដ្ឋាន សារពើភណ្ឌ ទ្រព្យសម្បត្តិរបស់រដ្ឋ បើកកិច្ចប្រជុំត្រួតពិនិត្យ ផ្ទៀងផ្ទាត់ការរៀបចំធ្វើបញ្ជីសារពើភណ្ឌណ្ឌទ្រព្យសសម្បត្តិរដ្ឋឆ្នាំគោល (២០១៩) និងជំរុញការធ្វើបណ្ណកម្មសិទ្ធ របស់អង្គភាពនានាទូទាំងខេត្តឧត្ដរមានជ័យ ដោយមនការចូលរួមពីអស់លោក លោកស្រី ជាប្រធានមន្ទីរ អង្គភាពជុំវិញខេត្តជាច្រើនរូបទៀត។

ជាមួយគ្នានេះដែរ លោក ឃិន ញ៉ាណ បានថ្លែងថា កិច្ចប្រជុំត្រួតពិនិត្យការរៀបចំបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋឆ្នាំគោល គឺលោកស្នើសុំឱ្យមន្ទីរ អង្គភាព រដ្ឋបាលខេត្ត-ក្រុង-ស្រុក ឃុំសង្កាត់ត្រូវយកចិត្តទុកដាក់ខ្ពស់ ចំពោះទ្រព្យសម្បត្តិរដ្ឋ ជាពិសេសដីរដ្ឋដែលមិនទាន់បានចុះក្នុងសៀវភៅបញ្ជី សារពើភណ្ឌ ទ្រព្យសម្បត្តិរដ្ឋ ត្រូវប្រញាប់យកមកចុះបញ្ឱ្យស្របតាមនីតិវិធីហិរញ្ញវត្ថុ ដើម្បីជាវាងពីការរំលោភកាន់កាប់ខុសច្បាប់ ឬបាត់បង់ជាយថាហេតុ ដូច្នេះអង្គភាពទាំងអស់ត្រូវត្រៀមលក្ខណៈ និងត្រូវរៀបចំសៀវភៅបញ្ជីសារពើភណ្ឌឆ្នាំគោល (ឆ្នាំ ២០១៩) របស់ខ្លួនឱ្យបានឆាប់រហ័ស ដើម្បីដាក់ឆ្លងគណៈកម្មការធ្វើការត្រួតពិនិត្យ៕