(រតនគិរី)៖ អភិបាលរងខេត្ត និងជាប្រធានលេខាធិការដ្ឋាន នៃគណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀនខេត្តរតនគិរី លោក លន់ សុភាព បានលើកឡើងក្នុងកិច្ចប្រជុំផ្សព្វផ្សាយស្តីពី លទ្ធផលត្រួតពិនិត្យគ្រឿងញៀនឆមាសទី១ និងលើកទិសដៅអនុវត្តបន្តឆមាសទី២ ឆ្នាំ២០២០ ដែលបានប្រារព្ធធ្វើឡើងនៅសាលប្រជុំសាលាខេត្តនាព្រឹកថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២០នេះថា ក្នុងរយៈពេលឆមាសទី១ ឆ្នាំ២០២០កន្លងមកនេះ គណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀនខេត្ត បានអនុវត្តការបង្ក្រាបបទល្មើស គ្រឿងញៀនខុសច្បាប់សរុបចំនួន ៣៩លើក ស្មើនឹង ២៩ករណី។

លោកបន្តថា ក្នុងចំណោម ២៩ករណីនេះ មានករណីជួញដូរចែកចាយ២៣ករណី និងករណីប្រើប្រាស់០៦ករណី ព្រមទាំងបានចាប់ឃាត់ខ្លួនមុខសញ្ញាជនសង្ស័យចំនួន ១០៦នាក់ ក្នុងនោះស្រី ១៥នាក់ដែលមានសញ្ជាតិខ្មែរចំនួន ៨៩នាក់ ស្រី១១នាក់ និងសញ្ជាតិវៀតណាមចំនួន ១៧នាក់ ស្រី ០៤នាក់។ សារធាតុញៀនប្រភេទមេតំហ្វេតាមីន(WY) ចំនួន ០២គ្រាប់, ទូរស័ព្ទដៃចំនួន ៧៩គ្រឿង, រថយន្តចំនួន ០៣គ្រឿង, ម៉ូតូចំនួន ៤២គ្រឿង, ដាវសាំម៉ួរ៉ៃចំនួន ១០ដើម, អាវុធកែច្នៃចំនួន ០៧ដើម, ជញ្ជីងថ្លឹងគ្រឿងញៀនចំនួន ០៤គ្រឿង, ប្រាក់រៀលចំនួន ៣.៦៧៦.៥០០រៀល, ប្រាក់ដុល្លារចំនួន ៥០ដុល្លារ, ប្រាក់ដុងចំនួន ៩០០.០០០ដុង និងឧបករណ៍សម្រាប់សេពគ្រឿងញៀនមួយចំនួនទៀត។ បច្ចុប្បន្នមុខសញ្ញាជនសង្ស័យរួមនឹងវត្ថុតាងខាងលើ ត្រូវបានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត។

បើប្រៀបធៀបរយៈពេលដូចគ្នាក្នុងឆ្នាំ២០១៩ និងឆ្នាំ២០២០ ឃើញថា បទល្មើសជួញដូរ ចែកចាយ និងប្រើប្រាស់គ្រឿងញៀនកើនជាងឆ្នាំ២០១៩ ចំនួន៤ករណី ស្មើនឹង១៦% និងសកម្មភាពបង្ក្រាបកើនជាងឆ្នាំ២០១៩ ចំនួន ១៤លើក ស្មើនឹង៥៦%។

នាយឧត្តសេនីយ៍ ម៉ក់ ជីតូ អគ្គលេខាធិការរងនៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងជាអគ្គស្នងការរងនគរបាលជាតិតំណាងនាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ ដែលបានអញ្ជើញជាអធិបតីភាពក្នុងកិច្ចប្រជុំនាឱកាសនេះ បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះលទ្ធផលដែលគណៈកម្មាធិការខេត្តសម្រេចបាន ប្រកបដោយឆន្ទៈមោះមុត ក្នុងស្មារតីទទួលខុសត្រូវខ្ពស់ ហើយទទួលបានការអបអរសាទរគាំទ្រ និងមានការចូលរួមយ៉ាងក្លៀវក្លាពីប្រជាពលរដ្ឋ។

បន្ថែមលើនេះទៀត នាយឧត្តមសេនីយ៍ ម៉ក់ ជីតូ បានជំរុញអាជ្ញាធរមូលដ្ឋានគ្រប់ជាន់ថ្នាក់ត្រូវបន្តយកចិត្តទុកដាក់លុបបំបាត់ ឲ្យបានទាំងស្រុងនូវ រាល់បទល្មើសជួញដូរ ប្រើប្រាស់គ្រឿងញៀននៅតាមសហគមន៍ក្នុងដែនសមត្ថកិច្ចរបស់ខ្លួន។ មុននឹងអនុវត្តច្បាប់ សមត្ថកិច្ចទាំងអស់ត្រូវតែជៀសឱ្យបានដាច់ខាតនូវកុំ៤គឺ កុំពាក់ព័ន្ធ, កុំនៅពីក្រោយ ធ្វើជាបង្អែក, កុំបន្ធូរបន្ថយ និងកុំអន្តរាគមន៍ ក្នុងករណីបទល្មើសគ្រឿងញៀន៕