(ត្បូងឃ្មុំ)៖ លោកបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ នៅព្រឹកទី២៦ ខែសីហា ឆ្នាំ២០២០នេះ បានដឹកនាំក្រុមការងារចម្រុះ រួមមានលោក ជុំ ស ប្រធានសាលាដំបូងខេត្ត លោក ឡុង ហុកម៉េង ព្រះរាជអាជ្ញារខេត្ត ថ្នាក់ដឹកនាំសាលាខេត្ត មន្ទីរជុំវិញខេត្ត កងកម្លាំងទាំង៣ប្រភេទ អាជ្ញាធរស្រុកពញាក្រែក ធ្វើការចុះត្រួតពិនិត្យ និងបើកកិច្ចប្រជុំនៅសាលប្រជុំសាខាគយ និងរដ្ឋាករប្រចាំច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងផ្លុង ពាក់ព័ន្ធនឹងបញ្ហាដីធ្លីតាមបន្ទាត់ព្រំដែនកម្ពុជា-វៀតណាម ក្នុងឃុំត្រពាំងផ្លុង ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ និងស្រុកមេមត់ ដែលភាគីទាំងពីរ មិនទាន់ធ្វើពិធីប្រគល់ទទួលនៅឡើយ។

លោកបណ្ឌិត ជាម ច័ន្ទសោភ័ណ បានលើកឡើងថា កិច្ចប្រជុំនាពេលនេះដើម្បីផ្សព្វផ្សាយ និងពង្រឹងការថែរក្សាសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈជូនបងប្អូនប្រជាពលរដ្ឋ ពិសេសពិនិត្យ ពិភាក្សារៀបចំដាក់ផែនការ សុំអនុសាសន៍ និងប្រតិបត្តិការទប់ស្កាត់ការទន្ទ្រានចូលកាន់កាប់ដោយខុសច្បាប់លើដីសំណល់ពីការបោះបង្គោលព្រំដែនរវាងកម្ពុជា-វៀតណាម ក្នុងភូមិសាស្ត្រ ស្រុកពញាក្រែក និងស្រុកមេមត់ ដែលភាគីទាំងពីរមិនទាន់ធ្វើពិធីប្រគល់ទទួលនៅឡើយនោះ។

ក្នុងឱកាសនោះ លោកបណ្ឌិត ជាម ច័ន្ទសោភ័ណ បានចាត់ឲ្យក្រុមការងារត្រូវកំណត់អត្តសញ្ញាណឲ្យបានជាក់លាក់នូវអ្នកតវ៉ាដោយខុសច្បាប់ អ្នកញុះញ៉ង់ និងមេខ្លោងដែលនៅពីក្រោយរឿងនេះ ដើម្បីឈានទៅវែកមុខយកមកចាត់ការទៅតាមនីតិវិធីច្បាប់ បញ្ចប់បញ្ហាឲ្យបានឆាប់ ព្រោះថានៅទីនេះជាចំណុចដ៏ក្តៅគគុក ដោយកន្លងមកអ្នកនយោបាយមួយចំនួនតូចនោះ បានយកទីតាំងនេះ ដើម្បីកេងចំណេញនយោបាយជារើយៗ។

លោកបណ្ឌិតអភិបាលខេត្ត បញ្ជាក់ថា ក្នុងនាមអាជ្ញាធរមានសមត្ថកិច្ចទាំងអស់ មិនត្រូវប្រងើយកន្តើយនោះឡើយ ឲ្យតែមានការញុះញង់បំផុសបំផុលប្រជាពលរដ្ឋឃើញបទល្មើសជាក់ស្តែង ត្រូវតែចាប់ឃាត់ខ្លួនតែម្តង រួចត្រូវសុំគោលការណ៍ពីសំណាក់ស្ថាប័នតុលារការ ដោយមានការចូលរួមសហការបានយ៉ាងល្អពីសំណាក់លោក ជុំ ស ប្រធានសាលាដំបូងខេត្ត និងលោក ឡុង ហុកម៉េង ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត ដែលកន្លងមកបានចូលរួមដោះស្រាយជាបន្តបន្ទាប់ ជុំវិញបញ្ហារំលោភយកដីធ្លីដោយខុសច្បាប់ ក្នុងខេត្តត្បូងឃ្មុំ។

ក្នុងនាមគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តត្បូងឃ្មុំ លោកបណ្ឌិត ជាម ច័ន្ទសោភ័ណ បានចាត់ឲ្យរដ្ឋបាលស្រុក និងកងកម្លាំងវរការពារព្រេំដែន ត្រូវធ្វើវេទិការសាធារណៈ បន្តផ្សព្វផ្សាយដល់ ប្រជាពលរដ្ឋ ឲ្យយល់ច្បាស់ជ្រួតជ្រាបជុំវិញបញ្ហាដីធ្លីនេះ។ ជាពិសេសបានដាក់បទបញ្ជារឲ្យកងកម្លាំងទាំង៣ អាជ្ញាធរស្រុក និងអ្នកពាក់ព័ន្ធទាំងអស់ត្រូវតែថែរក្សាឲ្យខានតែបាននូវការចូលកាន់ កាប់ដី ដោយខុសច្បាប់ ពីសំណាក់ជនខិលខូច ក៍ដូចជាប្រទេសជិតខាង សូម្បីតែ១មីលីម៉ែត្រក៍ដោយ ត្រូវតែធ្វើឲ្យខានតែបាន ដោយម៉ឺងម៉ាត់ និងម៉ត់ចត់បំផុត។

លោកបណ្ឌិត ជាម ច័ន្ទសោភ័ណ សង្ឃឹមថា សេនាធិការររបស់លោក ត្រូវមានទំនួលខុសត្រូវឲ្យបានច្បាស់លាស់ ដូចលោកតែម្តងគឺមានទំនួលខុសត្រូវចំពោះសម្តេចតេជោ ហ៊ុន សែន សម្តេចក្រឡាហោម ស ខេង និងឧបនាយករដ្ឋមន្ត្រី ជា សុផា រ៉ាដូចគ្នា។ ដោយឡែក បើបងប្អូនប្រជាពលរដ្ឋដែលខ្វះដី និងមិនមានដីពិតប្រាកដនោះ ត្រូវស្នើសុំមករដ្ឋបាលខេត្ត ដើម្បីរៀបចំឲ្យបងប្អូន នូវដីសម្បទានសង្គមកិច្ច តាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំដ៏ឆ្នើម។

ជាមួយគ្នានោះ លោកបណ្ឌិតអភិបាលខេត្ត បានឧបត្ថម្ភថវិការផ្ទាល់ខ្លួន ជូនកងកម្លាំងដែលឈរជើងប្រចាំការនៅតំបន់នោះមួយចំនួនផងដែរ ដែលជាការលើកទឹកចិត្តដល់បងប្អូន ខិតខំបំពេញការងារយ៉ាងសស្រាក់សស្រាំជូនជាតិមាតុភូមិនៃយើង៕