(អង់គ្លេស)៖ ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់របស់អង់គ្លេស បានព្រមានដល់អឺរ៉ុបថា ក្រុមឧទ្ទាម ISIS បានប្រើប្រាស់​​លិខិតឆ្លងដែនស៊ីរី និង​អ៊ីរ៉ាក់ក្លែងក្លាយ ដើម្បីរត់ពន្ធក្រុមជីហាដ ចូលទៅកាន់ទឹកដីអឺរ៉ុប ចំពេលដែលវិបត្តិ​ជន​ភៀសខ្លួនកំពុងតែផ្ទុះឡើងនេះបើយោងតាម ការចេញផ្សាយរបស់​ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃ​ទី២៨ ខែមករា។

ក្រុមជ្រុលនិយមមួយនេះ បានហូរចូលទៅកាន់ទឹកដីអឺរ៉ុបតាមរយៈជនភៀសខ្លួន ដោយនៅក្នុងនោះពួកគេបាន​ប្រើ​ប្រាស់អត្តសញ្ញាណថ្មី ដែលគេចពីការត្រួតពិនិត្យនៅតាមព្រំដែន ហើយគោលដៅរបស់ពួកគេគឺធ្វើភេរវកម្មនៅតំបន់​អឺរ៉ុប ទៅតាមផែនការឬការបញ្ជាពី ទីបញ្ជាការនៅក្នុងប្រទេសស៊ីរី និងអ៊ីរ៉ាក់។ នេះជាការបញ្ជាក់របស់ក្រុមស៊ើប​ការណ៍សម្ងាត់របស់អង់គ្លេស។

មន្ត្រីជាន់ខ្ពស់របស់ក្រុមស៊ើប​ការណ៍សម្ងាត់របស់អង់គ្លេស បានបង្ហើបឲ្យដឹងថា ក្រុមជីហាដទាំងនោះ បានទៅជួប​ក្រុម ISIS  នៅតំបន់ Raqqa ដើម្បីទទួលការបណ្ដុះបណ្ដាលជំនាញ បន្ទាប់មកពួកគេក៏ទទួលបានលិខិតឆ្លងដែន​ក្លែងក្លាយ រួចចាប់ផ្ដើមបេសកកម្ម ដោយបន្លំខ្លួននៅក្នុងក្រុមជនភៀសខ្លួន ដើម្បីចូលទៅកាន់ទឹកដីអឺរ៉ុប និង​អង់គ្លេស៕