(ភ្នំពេញ)៖ គណៈកម្មាធិការអចិន្រ្តៃយ៍សភា នៃបណ្តាប្រទេសនិយាយភាសាបារាំងចំនួន ១៥ បាននិងកំពុងបើកកិច្ចរបស់ខ្លួននៅទីក្រុង សៀមរាបអង្គរ។ កិច្ចប្រជុំ «សភានិយាយភាសាបារាំង» នេះ នឹងត្រូវធ្វើឡើងរយៈពេល ២ថ្ងៃ គឺថ្ងៃទី២៨-២៩ ខែមករា ឆ្នាំ២០១៦។

កិច្ចប្រជុំនេះ ធ្វើឡើងក្រោមអធិបតីភាពសម្តេចពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា ហើយក៏មានការអញ្ជើញចូលរួមពីតំណាងរាស្រ្ត មកពីគណបក្សសង្រ្គោះជាតិ រួមមានលោក កឹម សុខា និងលោក​ យ៉ែម បុញ្ញរិទ្ធ...ជាដើម។
កិច្ចប្រជុំ​នឹងជជែកអំពីតួនាទី​ស្ត្រី ​ជា​តំណាងរាស្ត្រ តួនាទី​របស់​យុវជន​​ប្រទេស​និយាយ​ភាសា​បារាំង គម្រោង​អភិវឌ្ឍ​ពហុ​សភា ​នៃ​ប្រទេស​និយាយ​ភាសា​បារាំង ត្រួតពិនិត្យ​ស្ថានភាព​នយោបាយ​នៅក្នុង​តំបន់​ និងប្រទេស​និយាយ​ភាសា​បារាំង​។​ល​។

ថ្លែងបើកកិច្ចប្រជុំ សម្តេច ហេង សំរិន បានបង្ហាញជំនឿចិត្តថា សភានិយាយភាសាបារាំង នឹងបង្ហាញជានិច្ចនូវតឹកតាងជាសក្ខីកម្ម នៃកម្លាំងសាមគ្តីភាព និងកិច្ចសហប្រតិបត្តិការក្នុងរង្វង់មហាគ្រួសារ នៃបណ្តាប្រទេស ដែលប្រើប្រាស់ភាសាបារាំងដើម្បីរួមគ្នាដាក់ចេញ នូវសំណូមពរសមស្រប និងជាក់ស្តែងនានា សម្រាប់ជួយដល់សភា នៃប្រទេសនីមួយៗ ក្នុងការគាំទ្រដល់រដ្ឋាភិបាល ជម្នះរាល់ឧបសគ្គ និងការលំបាកនានា។

សម្តេចប្រធានរដ្ឋសភាកម្ពុជា ក៏បានបង្ហាញជំនឿមុតមាំថា ដំណើរការ នៃកិច្ចប្រជុំរបស់គណៈកម្មាធិការអចិន្ត្រៃយ៍លើកនេះនឹងសម្រេច បានលទ្ធផលល្អប្រសើរ អាស្រ័យដោយមានការចូលរួមយ៉ាងសកម្ម និងទទួលខុសត្រូវខ្ពស់របស់អ្នកចូលរួមទាំងអស់៕