(ភ្នំពេញ)៖ យោងតាមរបាយការណ៍ ពីនាយកដ្ឋានសណ្តាប់ធ្នាប់ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ប្រាប់ឲ្យដឹងថា នៅថ្ងៃទី២៧ ខែមករា ឆ្នាំ​២០១៦ម្សិលមិញ មាន​ករណីគ្រោះថ្នាក់​ចរាចរណ៍ នៅ​ទូទាំងប្រទេស​កើតឡើងចំនួន៩លើក ក្នុងនោះយប់៦លើក, បណ្តាលឲ្យ​មនុស្ស​ស្លាប់២នាក់ ​អ្នករងរបួសធ្ងន់៨នាក់ និងរងរបួសស្រាល៦នាក់។

នៅក្នុង​ហេតុការណ៍គ្រោះថ្នាក់​ចរាចរណ៍ទាំង៩លើក​នេះ បណ្តាលឲ្យខូចខាតយានយន្ត សរុបចំនួន ១៨គ្រឿង រួមមានម៉ូតូចំនួន ១២គ្រឿង រថយន្តធុនតូចចំនួន៤គ្រឿង និងរថយន្តធុនធំចំនួន២គ្រឿង ហើយ​មូល​ហេតុដែល​បណ្តាល ឲ្យ​កើតមានករណីគ្រោះថ្នាក់ ចរាចរណ៍ ​រួមមាន ល្មើសល្បឿន ៣លើក ,ប្រជែងគ្រោះថ្នាក់ ៤លើក ,មិនប្រកាន់ស្តាំ ១លើក និងបត់គ្រោះថ្នាក់  ១លើក ។ ក្នុងនោះ​អ្នក​មិន​ពាក់មួក​សុវត្ថិភាព ពេល​គ្រោះថ្នាក់​ចរាចរណ៍ ១៥នាក់ ​(​យប់ ១៤នាក់) ។

ប្រពព័ត៌មានដដែលបានបញ្ជាក់ទៀតថា នៅថ្ងៃទី​២៧ ខែមករា ឆ្នាំ​២០១៦​ ​​លទ្ធិផលត្រួតពិនិត្យអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកឃើញថា យាន​យន្តដែលល្មើស​សរុប​ទូទាំងប្រទេស​មាន ចំនួន ៦៨៦៨គ្រឿង ក្នុងនោះបានធ្វើ​ការអប់រំ​ចំនួន ៣៤៣៩គ្រឿង ​និងពិន័យ​សរុប ៣៤២៩គ្រឿង ៕