(អេស៊ូល)៖ កូរ៉េខាងជើង ត្រូវបានគេរាយការណ៍មកថា បាននឹងកំពុងតែរៀបគ្រោង បាញ់សាកល្បង​មីស៊ីល​រយៈ ចម្ងាយឆ្ងាយជាថ្មី ម្ដងទៀត នៅក្នុងសប្ដាហ៍នេះ តាមតែអាចធ្វើទៅបាន ដែលការបាញ់សាកល្បងនេះ ត្រូវបានគេ​​មើលឃើញថាជាការបាញ់គំរាមជាថ្មី ដល់ពិភពលោក ជាពិសេសគឺបណ្ដាប្រទេសដែល​មិនមែនជាមិត្តរបស់​កូរ៉េ​ខាង​ជើង នេះបើយោងតាមការចេញផ្សាយ របស់ទីភ្នាក់ងារ ព័ត៌មាន ចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃទី២៨ ខែមករា ឆ្នាំ​២០១៦។

ទីភ្នាក់ងារព័ត៌មានជប៉ុនក្យូដូ បានចេញផ្សាយថា រូបភាពដែលថតបានដោយផ្ដាយរណបបានបង្ហាញថា កូរ៉េខាងជើង បាននឹងកំពុងតែ រៀបចំគ្រោងបាញ់សាកល្បងមីស៊ីល​នៅ​តំបន់ Tongchang-ri ស្ថិតនៅឆ្នេរ​សមុទ្រ​ភាគខាងលិច។

គួរបញ្ជាក់ផងដែរថា បច្ចុប្បន្នកូរ៉េខាងជើង ត្រូវបានអង្គការសហប្រជាជាតិ (UN) និងបណ្ដាប្រទេស​ជាច្រើន ដែល​ជា​បច្ចារមិត្តជាពិសេស គឺលោកខាងលិច បាននាំគ្នាដាក់ទណ្ឌកម្ម ព្រោះតែកម្មវិធីអាវុធនុយក្លេអ៊ែរ ប៉ុន្តែ​កូរ៉េខាងជើង មិនខ្វល់ ដោយកាលពីថ្ងៃទី០៦ ខែមករា កន្លងទៅនេះ បានបំផ្ទុះសាកល្បងគ្រាប់បែកអ៊ីដ្រូសែន ដែលត្រូវបាន​គេ​ហៅថា ជាការបាញ់សាកល្បងអាវុធនុយក្លេអ៊ែរលើកទី៤៕