(បន្ទាយមានជ័យ)៖ អាជីវករ​លក់ដូរ​ម្នាក់ ត្រូវ​ចោរ​បាញ់​១​គ្រាប់​ប្លន់​គម្រាមយក​ម៉ូតូ ២០១៥ មួយគ្រឿង​ បានសម្រេច​កាលពី​វេលា​ម៉ោង​៨​៖៣០​នាទី យប់​ថ្ងៃទី​២៧ ខែមករា ឆ្នាំ​២០១៦ នៅ​ខាងជើងផ្សារអគ្គ​ថ្មី មុខ​ផ្សារ​ត្រី កណ្តាល​ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ​។​ ​

ជនរងគ្រោះ​មានឈ្មោះ សូត នី អាយុ​៥៧​ឆ្នាំ ជា​អាជីវករ​លក់ដូរ ក្នុង​នៅ​ផ្សារ​អគ្គ​ថ្មី រស់នៅភូមិ បា​លិ​លេ​យ្យ​១ សង្កាត់​/​ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ​។​ ​

សាក្សី​នៅក្បែរ​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹង​ថា មុនពេល​កើតហេតុ ម្ចាស់​ម៉ូតូ រវល់​នៅក្នុង​ផ្ទះ​រៀបចំទុកដាក់របស់របរ ភ្លាមនោះចោរ​បានមក​កាច់​សោ​ម៉ូតូ ដែល​ម្ចាស់​ចត​ចោល​ខាងមុខ​តូប​លក់ដូរ ម្ចាស់ផ្ទះ ឃើញ​ក៏បាន​រត់​មក​ក្រៅ​ហើយ​ស្រែក​ឲ្យ​គេ​ជួយ និង​ស្រែក​ចោរៗ​តែ​ពេលនោះ​ចោរ​បាន បាញ់​១ គ្រាប់​ដើម្បី គំរាម និង​និយាយ​ថាបើ​នៅតែ​ស្រែក​គេ​នឹង​បាញ់​សម្លាប់ចោល រួច​ចោរ​ក៏បានទាញ​ម៉ូតូ ជិះរត់​បាត់ទៅ​។​

អធិការ​នរគ​បាល​ក្រុង​ប៉ោយប៉ែត លោក អ៊ុ សុផល បាន​ឲ្យ​ដឹងថា ពិតជា​មាន​ករណី​ចោរ​កាច់ សោ​ម៉ូតូរបស់​ពលរដ្ឋ​មែនពេលនោះ ក្រុមចោរបានបាញ់គម្រាម ម្ចាស់ម៉ូតូ និងប្រជាពលរដ្ឋក្បែរនោះ តែគ្មានអ្នកណារងរបួសឡើយ  ។ ​

ក្រោយកើតហេតុ និងរហូតមកដល់ព្រឹកថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៦នេះ កម្លាំងនគរបាល ក្រោមការបញ្ជាផ្ទាល់ពីលោកស្នងការ បាននិងកំពុង ចុះស្រាវជ្រាវបន្ត ដើម្បីតាមចាប់ជនល្មើស៕