(ពោធិ៍សាត់)៖ លោក ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ និងជាប្រធានគណៈបញ្ជាការឯកភាពខេត្ត ដោយបានការសម្របសម្រួលពីលោក កូយ កាន់យ៉ា ព្រះរាជអាជ្ញានៃអយ្យការអមសលាដំបូងខេត្ត បានដឹកនាំកម្លាំងបញ្ជាផ្ទាល់ ឆ្មក់ចូលបង្ក្រាបទីតាំង Game Online និងភ្នាល់បាល់មួយកន្លែង ឃាត់ខ្លួនមេការ និងមនុស្សប្រុសស្រី ចំនួន០៧នាក់។

ប្រតិបត្តិការខាងលើធ្វើឡើង នាវេលាម៉ោង ០៧៖៥០នាទីយប់ ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២០ នៅចំណុចផ្ទះល្វែងជួល ស្ថិតក្នុងភូមិបន្ទាយដីក្រោម សង្កាត់បន្ទាយដី ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់។

សេចក្តីរាយការណ៍ពីភ្នាក់ងារ Fresh News បានឱ្យដឹងថា ប្រតិបត្តិការនេះកម្លាំងបានធ្វើការឃាត់ខ្លួនមេការ និងមនុស្សប្រុសស្រី បានចំនួន០៧នាក់ រួមមាន៖
ទី១៖ ឈ្មោះ វ៉ា សុខពិសី ភេទស្រី អាយុ១៥ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិអូរសំព័រ ឃុំព័រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ។
ទី២៖ឈ្មោះ ឆន គួន ភេទស្រី ១៧ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិអូរសំព័រ ឃុំអូរសំព័រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ។
ទី៣៖ សុខ ចំរើន ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិវៀតណាម ជាមេការ រស់នៅភូមិ រាំងទិល ឃុំរាំងទិល ស្រុកកណ្ដៀងខេត្តពោធិ៍សាត់។
ទី៤៖ ឈ្មោះ សួន សុនិត ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិព្រៃទទឹង ឃុំត្រាំងមាកាក ស្រុកអង្គស្នួល ខេត្តកណ្ដាល។
ទី៥៖ ឈ្មោះ តែ ហៃរិទ្ធ ភេទប្រុស អាយុ៦១ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិពាលញែក២ សង្កាត់ផ្ទះព្រៃ ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់។
ទី៦៖ ឈ្មោះ រី ណា ភេទស្រី អាយុ២៨ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិពាលញែក១ សង្កាត់ផ្ទះព្រៃ ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ ។
ទី៧៖ ឈ្មោះ គឹម សួរ ភេទប្រុស អាយុ៣៦ឆ្នាំ ជនជាតិខ្មែររស់នៅភូមិពាលញែក១ សង្កាត់ផ្ទះព្រៃ ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់។
ចំពោះម្ចាស់អាជីវកម្មគ្មានច្បាប់នេះ មិនទាន់ដឹងថាជារបស់អ្នកណានៅឡើយទេ គ្រាន់តែដឹងថាម្ចាស់ផ្ទះជួល មានឈ្មោះ សឿន សុខចំរើន ភេទប្រុស អាយុ២៧ឆ្នាំ រស់នៅភូមិសង្កាត់ខាងលើ។

ក្នុងប្រតិបត្តិការនេះកម្លាំងបានដកហូតវត្ថុតាងរួមមាន៖ ផ្ទាំងអេឡិចត្រូនិចសម្រាប់ចាក់រលិច៧ផ្ទាំង ស្មើនឹង៧គ្រឿង, ទូរទស្សន៍ចំនួន៥គ្រឿង តូច៣គ្រឿង និងធំ២គ្រឿង, លុយខ្មែរ ១,៣៨៥,០០០រៀល លុយដុល្លារ៧៥ដុល្លារ, កុំព្យូទ័រ៥គ្រឿង, តុសរសេរ២, ទូរក្លេសេ១, ទូរស័ព្ទ៨គ្រឿង, កាមេរ៉ាសុវត្ថិភាព១ឈុត ៤គ្រាប់, ម៉ូតូ៤គ្រឿង, កង្ហារ៤គ្រឿង។

បច្ចុប្បន្នមេការ និងមនុស្សប្រុសស្រីទាំង០៧នាក់ ត្រូវបានបញ្ជូនទៅកាន់អធិការក្រុង ដើម្បីស្រាវជ្រាវរកប្រភព និងបន្តនីតិវិធីច្បាប់៕