(កំពង់ចាម)៖ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មាធិការប្រយុទ្ធប្រឆាំងការជួញដូរមនុស្សខេត្ត បានចាត់ទុកអំពើជួញដូរមនុស្ស និងអំពើ ធ្វើអាជីវកម្មផ្លូវភេទ គឺជាឧក្រិដ្ឋកម្មមួយដ៏ធ្ងន់ធ្ងរ ដែលសមត្ថកិច្ចជំនាញត្រូវសហការជាមួយអយ្យការអមសាលាដំបូងខេត្តកំពង់ចាម បង្កើនការទប់ស្កាត់ និងបង្ក្រាប កាន់តែម៉ឺងម៉ាត់បំផុត។

លោក អ៊ុន ចាន់ដា បានលើកឡើងដូចនេះ នាព្រឹកថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២០នេះ នៅសណ្ឋាគារភ្នំប្រុសខេត្តកំពង់ចាម ក្នុងសិក្ខាសាលាស្ដីអំពីកិច្ចរបស់មន្ត្រីនគរបាល យុត្តិធម៌ ក្នុងសំណុំរឿងជួញដូរមនុស្ស និងអំពើធ្វើអាជីវកម្មផ្លូវភេទ។

លោក អ៊ុន ចាន់ដា បានថ្លែងប្រកាន់ជំហរដាច់ខាតទៀតថា អយ្យការអមសាលាដំបូងខេត្តកំពង់ចាម និងក្រុមការងារជំនាញនៃលេខាធិការដ្ឋាន ប្រយុទ្ធប្រឆាំងការជួញដូរមនុស្ស ក្នុងការប្រយុទ្ធប្រឆាំងនឹងអំពើជួញដូរមនុស្ស និងអំពើធ្វើអាជីវកម្មផ្លូវភេទ ដោយបង្កើនការទប់ស្កាត់ និងស្វែងរកបទល្មើស និងបង្ក្រាបកាន់តែម៉ឺងម៉ាត់ និងប្រុងប្រយ័ត្នជានិច្ច មិនអនុញ្ញាតឱ្យជនល្មើស អន្តរការី (មេខ្យល់) ទាំងឡាយណាមានឱកាសពង្រីកសកម្មភាព បង្កភាពរងគ្រោះដល់ប្រជាពលរដ្ឋនោះទេ។

ជាមួយគ្នានេះលោក អ៊ុន ចាន់ដា បានអំពាវនាវឱ្យកងកម្លាំងប្រដាប់អាវុធគ្រប់លំដាប់ថ្នាក់ក្នុងខេត្ត ក៏ដូចជាអាជ្ញាធរក្រុង-ស្រុក សូមអង្កេត និងធ្វើការកត់សម្គាល់នូវទំនោរ នៃទម្រង់ក្នុងការជួញដូរមនុស្ស និងអាជីវកម្មផ្លូវភេទ ក្នុងសម័យបច្ចេកវិទ្យាដែលមេខ្យល់ ជនរងគ្រោះ អាណាព្យាបាលរបស់ជនរងគ្រោះ និងជនល្មើសបានធ្វើការទាក់ទង គ្នាតាមប្រព័ន្ធសង្គម ឬក្នុងទម្រង់ផ្សេងៗទៀត ដែលបញ្ជៀសពីការតាមដាន ឬក្រសែភ្នែករបស់អាជ្ញាធរ។

លោកអភិបាលខេត្ត ក៏បានបញ្ជាក់ផងដែរថា អំពើជួញដូរមនុស្ស និងអំពើរធ្វើអាជីវកម្មផ្លូវភេទ គឺជាឧក្រិដ្ឋកម្មមួយដ៏ធ្ងន់ធ្ងរ ពោលគឺជនរងគ្រោះមួយចំនួន ដែលធ្លាក់ចូលក្នុងអន្ទាក់នៃឧក្រិដ្ឋកម្មនេះ គឺអាចប្រឈមនឹងការបាត់បង់សតិ ញៀនគ្រឿងញៀន ក្លាយជាស្រី្តបម្រើសេវាផ្លូវភេទ និងកាន់តែអាក្រក់ជាងនេះទៅទៀត គឺការបាត់បង់អាយុជីវិតតែម្តង។

ស្ថិតក្នុងឱកាសនោះលោក វង្ស ប៊ុនវិសុទ្ធ ព្រះរាជអាជ្ញាអមអយ្យការសាលាដំបូងខេត្តកំពង់ចាម បានថ្លែងថា បញ្ហាជួញដូរមនុស្ស និងអំពើធ្វើអាជីវកម្មផ្លូវភេទមិនមែនជា បញ្ហាផ្តាច់មុខរបស់ស្ថាប័នអយ្យការ ឬស្ថាប័នអនុវត្តច្បាប់ ស្នងការដ្ឋាន បញ្ជាការដ្ឋានគណៈកម្មាធិការ ឬរដ្ឋបាលខេត្តតែឯងនោះទេ ប៉ុន្តែវាជាបញ្ហារួមទាំងអស់គ្នា ហើយទាមទារការចូលរួមឱ្យកាន់តែសកម្មពីគ្រប់ភាគី និងតួអង្គដែលពាក់ព័ន្ធក្នុងគោលដៅការពារប្រជាពលរដ្ឋនៅក្នុងខេត្ត ជាពិសេសជាងនេះទៅទៀត គឺការពារស្រ្តី និងកុមារដែលពួកគេជាជនដែលងាយរងគ្រោះ និងងាយធ្លាក់ក្នុងអន្ទាក់របស់ពួកមេខ្យល់ និងជនល្មើសនៃអំពើជួញដូរមនុស្ស និងអំពើធ្វើអាជីវកម្មផ្លូវភេទ។

លោកព្រះរាជអាជ្ញាបន្តថា ដ្បិតបញ្ហានេះជាបញ្ហារួម ប៉ុន្តែទ័ពជួរមុខដែលមានមុខងារសំខាន់ជាងគេក្នុងវិធានការបង្ក្រាបនោះ គឺកងកម្លាំងទាំងពីរ ស្នងការដ្ឋាន និងបញ្ជាការដ្ឋាន។ ហេតុនេះហើយទើបក្នុងនាមព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តកំពង់ចាម សម្រេចក្នុងការផ្តួចផ្តើមរៀបចំសិក្ខាសាលានេះឡើងដើម្បីបំពាក់ បំប៉នទាំងបច្ចេកទេសផ្នែកច្បាប់ និងស្មារតី ដល់កងកម្លាំងដែលជាមន្ត្រីនគរបាលយុត្តិធម៌។

ជាមួយគ្នានោះដែរលោកព្រះរាជអាជ្ញា បានគូសបញ្ជាក់ថា សំណុំរឿងនៃករណីជួញដូរមនុស្ស និងធ្វើអាជីវកម្មផ្លូវភេទភាគច្រើន គឺជនរងគ្រោះនិងជនសង្ស័យជាបុគ្គល ដែលជាប់ខ្សែស្រឡាយគ្នា ឬជាអ្នករស់នៅភូមិ ឃុំជាមួយគ្នា ហើយស្រុកចំនួន០៣ ដែលតែងតែប្រឈមនឹងករណីជួញដូរនេះ គឺស្រុកចំការលើ ស្រុកស្ទឹងត្រង់ និងស្រុកកងមាស៕