(មណ្ឌលគិរី)៖ ទីតាំងដីផ្ទះមួយកន្លែង ដែលប្រជាពលរដ្ឋមួយគ្រួសារបានរស់នៅក្បែរទំនប់លើ ស្ថិតនៅភូមិដោះក្រមុំ សង្កាត់សុខដុម ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី តាំងពីឆ្នាំ២០០១ រហូតមកទល់ពេលនេះ ត្រូវបានក្រុមអាជ្ញាធរខេត្ត និងក្រុង ធ្វើការរារាំងមិនឱ្យពួកគាត់សាងសង់ផ្ទះសង់អំពីឈើនោះឡើយ។ លោក នូ សារ៉េន អាយុ៤៨ឆ្នាំ និងប្រពន្ធឈ្មោះ ស៊ឹម យ៉ុន អាយុ៤៥ឆ្នាំ បានរៀបរាប់ប្រាប់ថា កាលពីឆ្នាំ២០០១ ពួកគាត់បានមករស់នៅលើទីតាំងដី ដែលមានទំហ៊ំ ៤៤x២០ម៉ែត្រ (ប្រភេទដីចំណិតត្រសក់) ក្បែរទំនប់លើ ក្នុងភូមិដោះក្រមុំ សង្កាត់សុខដុម ក្រុងសែន​មនោរម្យ ខេត្តមណ្ឌលគិរី។ ពួកគាត់រស់ទីនេះ មិនផលប៉ះពាល់អ្វីនោះឡើយ គឺរស់នៅដូចគ្រួសារដទៃទៀតជាច្រើន ដែលបានមករស់នៅជុំវិញទំនប់លើ និងទំនប់ក្រោម​ក្នុងក្រុងសែន​មនោរម្យនេះ។

លោកបានបន្តទៀតថា នៅឆ្នាំ២០០៨ មានក្រុមគណៈកម្មការរបស់សាលាខេត្ត និងឃុំ បានចុះមកវាស់វែងដើម្បីធ្វើការកំណត់ព្រំ ក្នុងនោះគណៈកម្មការខេត្ត បានសម្រេចឲ្យពួក​គាត់មានសិទ្ធិរស់នៅ​លើដីនេះ រហូតមកដល់ឆ្នាំ២០១៤ សាលាសង្កាត់សុខដុម បានចេញលិខិតទទួលស្គាល់ និងបញ្ជាក់ជាលាយល័ក្ខអក្សរទៀតផង តែពេលនេះនៅក្នុងឆ្នាំ២០១៥ និងឆ្នាំ២០១៦នេះ នៅពេល​ដែល​ផ្ទះ​​របស់របស់ពួកគាត់ ចាស់បាក់បែកទ្រុឌទ្រោមខ្លាំងពេក ពួកគាត់ក៏ចាប់ផ្តើមសាងសង់ផ្ទះអំពីឈើ តែត្រូវបានសាលាក្រុងមានទាំងកងកំលាំងសមត្ថកិច្ច មកធ្វើការរារាំងមិនឱ្យគ្រួសារគាត់ធ្វើ​ការសាងសង់នោះឡើយ គេថាដីនេះជាដីចំណីរបស់បឹងទំនប់លើទៅវិញ។

គ្រួសារលោក នូ សារ៉េន បានលើកឡើងថា បច្ចុប្បន្ននេះនៅទីតាំងជុំវិញបឹងទំនប់ក្រោម និងបឹងទំនប់លើ កំពុងត្រូវបានគ្រួសារអ្នកមាន​អំណាចនៅក្នុងខេត្តនេះជាច្រើនគ្រួសារ នាំគ្នាមកចាក់ដីបង្ហៀរចូលទៅប៉ះពាល់ផ្ទៃដីបឹងបុរាណទាំងពីរនេះ ឱ្យកាន់តែរួមតូចទៅៗ សង់វីឡា ផ្ទះថ្មស្កឹមស្កៃ គ្មានក្រុមអាជ្ញាធរ​ណាហានទៅរំខាននោះឡើយ។ ដោយឡែកគ្រួសារគាត់មួយគ្រួសារនេះ បើទោះបីក្រុមគណៈកម្មការខេត្តនៅឆ្នាំ២០០៨ បានធ្វើការសម្រេចឱ្យគាត់រស់នៅហើយនោះ តែមកដល់ពេលនេះ​ត្រូវបានគេធ្វើការរារាំងមិនឱ្យសាងសង់ទៅវិញ។ គ្រួសារលោក នូ សារ៉េន បានសំណូមពរដល់អាជ្ញាធរខេត្តក្រុង ជាពិសេស សូមមេត្តាសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជួយដោះស្រាយដល់គ្រួសារពួកគាត់ដោយក្តីអនុគ្រោះផង ដើម្បីបានសាងសង់ផ្ទះសំរាប់ស្នាក់អាស្រ័យដូចគ្រួសារគេ។ ម៉្យាងវិញទៀតគ្រួសាររបស់ពួកគេ កំពុងមានជំងឺប្រចាំកាយជាច្រើនដូចជា ផ្សិតក្នុងខួរក្បាល រលាកស្រោមខួរក្បាល ទឹកដក់ក្រោមសួត កូនកណ្តុរក្នុងពោះវៀន ជំងឺជាច្រើនមុខនេះ គឺរង់ចាំតែស្លាប់ប៉ុណ្ណោះ។

លោក ឡុង វិបុល អភិបាលក្រុងសែនមនោរម្យ បានថ្លែងនៅរសៀលថ្ងៃទី២៧ ខែមករា ឆ្នាំ២០១៦នេះថា ក្រុមការងារក្រុងបានធ្វើការហាមឃាត់សំណង់នោះមែន ពីព្រោះដីនេះជាដីចំណីបឹងទំនប់លើរបស់រដ្ឋ ដែលកាលពីមុនគ្រួសារនេះ បានមកសុំរដ្ឋរស់នៅ ដោយសារតែការចង់បាន ស្រាប់តែគ្រួសារមួយនេះលែងចេញពីទីនេះតែម្តង។ គាត់បានបន្តថា «លោកនូ សារ៉េន ក៏ជាមន្រ្តីរាជការមួយរូប​ដែរ មុននឹងសាងសង់​មិនគួរគាត់លួចសាងសង់នោះទេ បើមានឯកសារដីធ្លីនេះ គួរគាត់ស្នើសុំគោលការណ៍ទៅជំនាញ ដើម្បីបំពេញបែបបទដើម្បីសាងសង់លំនៅដ្ឋាននេះទើបត្រឹមត្រូវ។

លោក ស្វាយ សំអ៊ាង អភិបាលរងខេត្តមណ្ឌលគិរី បានថ្លែងប្រាប់ថា គ្រួសារមួយនេះកាលពីមុន គឺបានមកសុំដីទីតាំងនេះរស់នៅមែន តែដល់ពេលរស់នៅយូរឆ្នាំទៅ ស្រាប់តែដេញលែងចេញ។ លោកថា «ទាំងនេះវាក៏ជាការលោភលន់របស់មនុស្ស» តែលោកពុំបានបញ្ជាក់ថា កាលពីពេលគាត់មកសុំរស់នៅដីទីនេះ កាលនោះថា បានធ្វើជាលាយល័ក្ខអក្សរជាមួយអាជ្ញាធរ ឬយ៉ាងណានោះដែរ៕