(ភ្នំពេញ)៖ លោក George EDGAR ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុប ប្រចាំប្រទេសកម្ពុជា នៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០១៦នេះ បានថ្លែងថា លោកមានសេចក្ដីសោមនស្សរីករាយជាខ្លាំង ដែលបានឃើញការចូលរួមចំណែកដ៏ធំធេង និងប្រកបដោយប្រសិទ្ធភាពជាវិជ្ជមានរបស់អ៉ីនធឺណិតកាហ្វេ EU-CCJ កន្លងមកនេះ ។

លោកបានលើកឡើងនៅក្លឹបអ្នកកាសែតទៀតថា «ខ្ញុំសង្ឃឹមថាអ៉ីនធឺណិតកាហ្វេ EU-CCJ នឹងបន្តដើរតួនាទីយ៉ាងសំខាន់ ពោលគឺមិនត្រឹមតែជាវេទិកាដ៏មានសារប្រយោជន៍ ដែលអ្នកសារព័ត៌មានកម្ពុជាអាចស្វែងរកព័ត៌មាន និងប្រាស្រ័យទាក់ទងជាមួយនិពន្ធនាយករបស់ខ្លួន និងអ្នកសារព័ត៌មានផ្សេងទៀតនៅក្នុងតំបន់ និងក្នុងពិភពលោកប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងដើរតួនាទី ជាមជ្ឈមណ្ឌលបណ្តុះបណ្តាលកុំព្យូទ័រ និងអ៉ីនធឺណិតសម្រាប់អ្នកសារព័ត៌មានផងដែរ»

ទន្ទឹមនឹងនោះ ប្រធានក្លឹបអ្នកកាសែតកម្ពុជា លោក ប៉ែន បូណា បានឲ្យដឹងថា អ៉ីនធឺណិតកាហ្វេនៃក្លឹបអ្នកកាសែតកម្ពុជា ដែលគាំទ្រដោយសហភាពអឺរ៉ុបនេះ បានផ្តល់ដល់អ្នកសារព័ត៌មានកម្ពុជា នូវសេវាអ៉ីនធឺណិតដែលវាសំខាន់ណាស់ សម្រាប់ការងារប្រចាំថ្ងៃរបស់ពួកគាត់ គឺពួកគាត់អាចស្វែងរកព័ត៌មានអាចប្រាស្រ័យទាក់ទង ជាមួយមិត្តរួមអាជីព និងប្រភពព័ត៌មានផ្សេងៗ ព្រមទាំងជួយបង្កើនចំណេះដឹងរបស់គាត់ផងដែរ។ លោកថ្លែងបន្ដថា «ខ្ញុំមានមោទនភាពយ៉ាងខ្លាំង ចំពោះកិច្ចសហប្រតិបត្តិការរវាងសហភាពអឺរ៉ុប និងក្លឹបអ្នកកាសែតកម្ពុជា កិច្ចសហប្រតិបត្តិការនេះមានសារប្រយោជន៍យ៉ាងខ្លាំង ចំពោះអ្នកសារព័ត៌មានកម្ពុជា»

លោកថ្លែងបន្ដថា ប្រព័ន្ធផ្សព្វផ្សាយបានដើរតួនាទីយ៉ាងសំខាន់ នៅក្នុងការផ្សព្វផ្សាយព័ត៌មានដល់ប្រជាជនកម្ពុជាទូទៅ និងជាពិសេសចំពោះអ្នកតាក់តែងគោលនយោបាយ ដូចនេះហើយអ្នកសារព័ត៌មាន ចាំបាច់ត្រូវមានលទ្ធភាពខ្ពស់បំផុតក្នុងការទទួលបានព័ត៌មាន។

សូមបញ្ជាក់ថា ការប្រើប្រាស់កុំព្យូទ័រ និងអ៉ីនធឺណិត នៅអ៉ីនធឺណិតកាហ្វេ EU-CCJ គឺពុំគិតថ្លៃឡើយ អ្នកសារព័ត៌មានអាជីព និងនិស្សិតផ្នែកបណ្តាញផ្សព្វផ្សាយព័ត៌មានទាំងអស់ អាចប្រើប្រាស់បានដោយសេរី ដោយបើកចាប់ពីថ្ងៃចន្ទ ដល់ថ្ងៃសុក្រ ចាប់ពីម៉ោង ៨៖០០-១២៖០០នាទីថ្ងៃត្រង់ និង១៤៖០០-១៧៖៥០នាទី៕