(កំពង់ចាម)៖ កម្លាំងកងរាជអាវុធហត្ថខេត្ដកំពង់ចាម ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី សោ សាវឿន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត បានបើកប្រតិបត្តិការបង្ក្រាប ករណីជួញដូរ និងប្រើប្រាស់គ្រឿងញៀន២ករណី នៅឃុំអូរម្លូ និងឃុំបែកអន្លូង ស្រុកស្ទឹងត្រង់ ដោយចាប់ខ្លួនបានជនសង្ស័យចំនួន៥នាក់ និងដកហូតបានថ្នាំញៀនមួយចំនួនធំ។

ថ្លែងប្រាប់បណ្ដាញព័ត៌មាន Fresh News នៅថ្ងៃទី២០ ខែសីហា ឆ្នាំ២០២០នេះ លោកឧត្តមសេនីយ៍ត្រី សោ សាវឿន បានបញ្ជាក់ថា ប្រតិបត្តិការនេះធ្វើឡើងនៅថ្ងៃទី១៨ ខែសីហា ដោយកម្លាំងជំនាញរបស់លោក ចាប់ខ្លួនបានជនសង្ស័យចំនួន៥នាក់ រួមមាន ទី១៖ឈ្មោះ ភន អ៉ឹម អាយុ៤១ឆ្នាំ, ទី២៖ឈ្មោះ មួន ម៉ី អាយុ២៤ឆ្នាំ, ទី៣៖ឈ្មោះ ហ៉ី តួ អាយុ៣៦ឆ្នាំ, ទី៤៖ឈ្មោះ រើន ណារ៉ង អាយុ២១ឆ្នាំ និងទី៥៖ឈ្មោះ អឿង រដ្ឋា អាយុ២២ឆ្នាំ។

ក្នុងប្រតិបត្តិការនេះ កម្លាំងជំនាញដកហូតបាន ម្សៅក្រាមពណ៌ស (មេតំហ្វេតមីន) ចំនួន៣៥កញ្ចប់, ប្រភេទ WY ៣៣០គ្រាប់, ទូរស័ព្ទដៃចំនួន០៤គ្រឿង និងរថយន្ត០១គ្រឿង។ បច្ចុប្បន្នកម្លាំងជំនាញកំពុងចាត់ការតាមនីតិវិធី ដើម្បីបញ្ជូនទៅសាលាដំបូងខេត្ត៕