(បន្ទាយមានជ័យ)៖ អាជ្ញាធរខេត្តបន្ទាយមានជ័យ និងក្រុងប៉ោយប៉ែតបានចុះពិនិត្យផ្លូវដែលរងការខូចខាតមួយខ្សែប្រវែង ១៥គីឡូម៉ែត្រ ស្ថិតនៅភូមិទួលប្រាសាទ និងភូមិចាន់គីរី សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ដើម្បីត្រៀមជួសជុលសម្រួលឲ្យប្រជាពលរដ្ឋធ្វើដំណើរបានងាយស្រួលជាបណ្ណោះអាសន្ន រួចហើយឲ្យអ្នកជំនាញបច្ចេកទេសចុះមកសិក្សា ដើម្បីកសាងជាផ្លូវបេតុង ឬជាផ្លូវក្រាលកៅស៊ូនារដូវប្រាំងខាងមុខនេះ។

ការចុះត្រួតពិនិត្យផ្លូវដែលរងការខូចខាតនេះ ធ្វើឡើងនារសៀលថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២០ ក្រោមវត្តមានលោក គឹង វណ្ណៈ អភិបាលរងខេត្តបន្ទាយមានជ័យ និងលោក គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែត លោក សាន ស៊ានហូ ប្រធានក្រុមប្រឹក្សាក្រុងប៉ោយប៉ែត ពោលគឺបន្ទាប់ពីមានការចង្អុលបង្ហាញពីលោកឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយខេត្តបន្ទាយមានជ័យ។

លោក គឹង វណ្ណៈ បានប្រាប់អ្នឲ្យដឹងថា ដោយមានការចង្អុលបង្ហាញពីលោកឧត្តមឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ផ្លូវដែលខូចខាតប្រវែង ១៥គីឡូម៉ែត្រ មានគម្រោងជួសជុលឡើងវិញក្នុងពេលខាងមុខនេះ។ កំណាត់ផ្លូវ១ខ្សែនេះជាច្រើនកន្លែងបានរងការខូចខាតយ៉ាងខ្លាំង ដោយសារទឹកភ្លៀងប្រជាពលរដ្ឋពិបាកក្នុងការធ្វើដំណើររឆ្លងកាត់។

តាមការអះអាងរបស់ប្រជាពលរដ្ឋបានឲ្យដឹងថា ផ្លូវនេះវាមានសារៈសំខាន់ណាស់ជាផ្លូវសរសៃឈាមអ្នករស់នៅសង្កាត់ប៉ោយប៉ែត សម្រាប់យកកសិផលយកទៅលក់នៅទីផ្សារ ពិសេសអ្នកជំងឺត្រូវការផ្លូវ១ខ្សែនេះខ្លាំងណាស់ ក្នុងនោះក៏មានប្រជាពលរដ្ឋបានសំណូមពរដល់អាជ្ញាធរក្រុង និងខេត្តមេត្តាជួយជួសជុលផ្លូវនេះជាបន្ទាន់ផង ដើម្បីពលរដ្ឋបានប្រើប្រាស់បានឡើងវិញ។

លោក គឹង វណ្ណៈ និងមន្ត្រីពាក់ព័ន្ធបានចុះពិនិត្យវាយតម្លៃផ្លូវ១ខ្សែនេះ ក៏ដូចជាផ្លូវផ្សេងៗទៀតដែលរងការខូចខាត និងលំបាកដល់ការប្រើប្រាស់ ដើម្បីស្វែងរកដំណោះស្រាយហើយអស់លោកបានលើកសំណើទៅថ្នាក់លើ ដើម្បីរកប្រភពថវិកាយកមកជួសជុលផ្លូវនេះ នៅពេលខាងមុខនេះឲ្យបានស្អាតឡើងវិញមិនឲ្យយូរឡើយ៕