(សៀមរាប)៖ នាឱកាសឈប់សម្រាកសងថ្ងៃចូលឆ្នាំខ្មែរនេះ ព្រឹត្តិការណ៍កម្សាន្តពិសេសមួយត្រូវបានរៀបចំឡើងនៅក្រុងសៀមរាប គឺកម្មវិធីប្រកួត «មាន់អាំងឆ្ងាញ់សៀមរាប» ប្រឡងរកថ្វីដៃចុងភៅតំណាងក្រុង-ស្រុកទាំង១២ នៃខេត្តសៀមរាប រំលេចបាននូវទស្សិយភាពកាន់តែសប្បាយ ញ៉ាំងព្រឹត្តិការណ៍កម្សាន្តឱ្យកាន់តែអធិកអធម។

ពិធីបើកការប្រកួតមាន់អាំងឆ្ងាញ់សៀមរាបនេះ ធ្វើឡើងនៅបរិវេណសួនច្បារព្រះរាជដំណាក់ក្រុងសៀមរាប នាល្ងាចថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២០ ក្រោមអធិបតីភាពសម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយខេត្តសៀមរាប ក្នុងនោះក៏មានការចូលរួមពីតំណាងសហព័ន្ធយុវជនកម្ពុជាខេត្តសៀមរាប សមាជិក-សមាជិកាក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់នៃស្ថាប័ន មន្ទីរ អង្គភាពជុំវិញខេត្ត អភិបាលក្រុង-ស្រុក និងមន្ត្រីរាជការយ៉ាងច្រើនកុះករ។

លោក ង៉ូវ សេងកាក់ ប្រធានមន្ទីរទេសចរណ៍ខេត្តសៀមរាប បានឱ្យដឹងថា នេះជាពិធីដ៏សំខាន់មួយក្នុងចំណោមកម្មវិធីទាំង ៩ របស់កម្មវិធី «សម្រាកសៀមរាប» ហើយក៏ជាវិញ្ញសារដ៏សំខាន់មួយ ក្នុងការស្វែងរកអត្តសញ្ញាណម្ហូបដែលមានរសជាតិឆ្ងាញ់ (ម្ហូបប្រចាំត្រកូល) នៅក្នុងខេត្តសៀមរាប។

លោកប្រធានមន្ទីរបានបន្តថា តាមការពិនិត្យវាយតម្លៃ និងការដាក់ពិន្ទុពីសមាគមន៍ចុងភៅកម្ពុជា ដែលការដាក់ពិន្ទុនោះផ្អែកលើរបៀបចម្អិន រស់ជាតិ សោភ័ណភាព និងការប្រើរយៈពេលខ្លី។

ក្នុងពិធីនោះមានចុងភៅមកពីតំណាង ១២ក្រុង-ស្រុក បានចូលរួម ហើយជាលទ្ធផលក្រុមចុងភៅតំណាងមកពី៖
* ស្រុកបន្ទាយស្រី ជាប់ចំណាត់ថ្នាក់លេខ ១
* ស្រុកសូទ្រនិគម ជាប់ចំណាត់ថ្នាក់លេខ ២
* ក្រុងសៀមរាប ជាប់ចំណាត់ថ្នាក់លេខ ៣។

សម្រាប់ពានរង្វាន់ក្នុងការប្រកួតនោះ រួមមាន៖
* ក្រុមលេខ១ ទទួលបានពាន ១ ប័ណ្ណសរសើរ ១ និងទឹកប្រាក់ ២លានរៀល
* ក្រុមលេខ២ ទទួលបានពាន ១ ប័ណ្ណសរសើរ ១ និងទឹកប្រាក់ ១.៥លានរៀល
* ក្រុមលេខ៣ ទទួលបានពាន ១ ប័ណ្ណសរសើរ ១ និងទឹកប្រាក់ ១លាន៕