(ភ្នំពេញ)៖ នាឱកាសឈប់សម្រាករយៈពេលវែងនេះ លោក ប៊ុន សំបូរ រដ្ឋលេខាធិការទីស្តីការគណរដ្ឋមន្រ្តី និងក្រុមគ្រួសារបានអញ្ជើញចូលរួមជួបសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋ រស់ក្នុងសង្កាត់បឹងធំ ខណ្ឌកំបូល រាជធានីភ្នំពេញ និងផ្ដល់ជូនអំណោយសប្បុរសធម៌ ដល់បងប្អូនពលរដ្ឋដែលរងផលប៉ះពាលពីជំងឺកូវីដ១៩ ចំនួន១៥២គ្រួសារ ដោយក្នុងមួយគ្រួសារ ទទួលបានអង្ករ ទឹកត្រី ទឹកស៉ីអ៉ីវ សារុង ក្រមា មី និងថវិកាមួយចំនួនផងដែរ។

បន្ថែមពីនេះលោកបានណែនាំបងប្អូនចូលរួមការពារខ្លួន កុំឲ្យកើតជំងឺកូវីដ១៩ និងជំងឺគ្រុនឈាម ខណៈរដូវនេះជារដូវវស្សា ដែលងាយស្រួលក្នុងការកើតជំងឺគ្រុនឈាម ដែលបណ្ដាលមកពីមូសខ្លាញីខាំ និងរួមគ្នាលុបបំបាតជម្រកមូសផងដែរ។

ក្នុងឱកាសជួបសំណេះសំណាលជាមួយបងប្អូន ប្រជាពលរដ្ឋនេះលោក ប៊ុន សំបូរ ក៏បានពាំនាំការសួរសុខទុក្ខពីសំណាក់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដីនៃកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា, សម្តេចពញាចក្រី ហេង សំរិន ប្រធានកិត្តិយសគណបក្សប្រជាជនកម្ពុជា និងជាប្រធានរដ្ឋសភា និងសម្តេចវិបុលសេនាភក្តី សាយ ឈុំ អនុប្រធានគណបក្ស និងជាប្រធានព្រឹទ្ធសភា ជូនដល់ពលរដ្ឋដែលចូលរួមផងដែរ។

ទោះបីសម្តេចទាំង៣ មិនអាចអញ្ជើញមកផ្ទាល់ក្តី ក៏ជានិច្ចកាលសម្តេចតែងតែផ្តែផ្តាំ តាមក្រុមការងារបក្សឲ្យសួរសុខទុក្ខបងប្អូន និងពាំនាំនូវការនឹករលឹកចំពោះបងប្អូនជានិច្ច។

សូមជម្រាបថា កម្មវិធីខាងលើនេះរៀបចំឡើង ដោយសារការសហការរួមគ្នាជាមួយមិត្តភក្តិដែលមាន៖
លោក Paul Shum ជាវិនិយោគិនមកពីហុងកុង ដែលលោកតែងតែចូលរួមកម្មវិធីមនុស្សធម៌នានាក្នុងសង្គម, សហការរួមចំណែកពីលោក Larry Kao ក្រុមហ៊ុន Manhattan រួមទាំងក្រុមការងារជាច្រើនផងដែរ។

លោក ប៊ុន សំបូរ បានឲ្យដឹងថា «ដូចបងប្អូនបានជ្រាបហើយថា កាលជួបគ្នាលើកមុនខ្ញុំបាននិយាយពីវិធានការប្រយុទ្ធប្រឆាំងនឹងកូវីដ១៩ ដូចជា៖ ការធ្វើចត្តាឡីស័ក, ការតាមដានសុខភាពផ្ទាល់ខ្លួន (ពិនិត្យកំដៅខ្លួន), ការអនាម័យពិសេសលាងដៃឲ្យបានញឹកញាប់, ពាក់ម៉ាស, មានក្រម៉ាតាមខ្លួន និងខ្ទប់ច្រមុះមាត់ពេលក្អក ឬកណ្តាស។ ដូចបងប្អូនបានដឹងហើយថា អ្វីដែលគិតស្មានមិនដល់ និងមិនអាចព្យាករណ៍ជាមុនបាននោះគឺ ការផ្ទុះនូវជំងឺកូវីដ១៩ ដែលជាជំងឺរាតត្បាតសកល និងបានបង្កផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរបំផុត សម្រាប់ពិភពលោកទាំងមូល»។

លោកបានបន្ដថា ដោយឡែកនៅកម្ពុជាក៏ទទួលរងឥទ្ធិពលពី ការផ្ទុះឡើងនៃជំងឺនេះប៉ះពាល់ខ្លាំង ទៅលើវិស័យសេដ្ឋកិច្ច-សង្គម និងជីវភាពរស់នៅរបស់ប្រជាជន ប៉ុន្តែទោះយ៉ាងនេះក្តីកម្ពុជា នៅតែរក្សាបានស្ថិរភាព នយោបាយ សន្តិសុខ សណ្តាប់ធ្នាប់សង្គម ប្រជាជនបានរស់នៅប្រកបដោយភាពសុខក្សេមក្សាន្ត។

លោកបានបន្ថែមថា ការឆ្លងរាតត្បាតនៃជំងឺកូវីដ១៩ នៅកម្ពុជាបានកើតមានឡើង តាមរយៈការនាំចូលពីក្រៅ ដែលរហូតមកដល់ពេលនេះ នៅតែអាចគ្រប់គ្រងបាន មិនឲ្យមានការរីករាលដាលឆ្លងចូលក្នុងសហគមន៍ មិនមានអ្នកស្លាប់ និងមិនមានការបិទប្រទេសឡើយ។

លោក ប៊ុន សំបូរ ឲ្យដឹងទៀតថា ស្ថិតក្នុងកាលៈទេសៈដ៏លំបាកនេះ រាជរដ្ឋាភិបាលបានដាក់ចេញ ផែនការយុទ្ធសាស្រ្តផ្តោតទៅលើមុខព្រួញ៤គឺ៖
១៖ ការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ដើម្បីទប់ស្កាត់ការឆ្លង និងការការពារអាយុ ជីវិតរបស់ប្រជាជន។
២៖ ការរក្សាលំនឹងជីវភាពប្រជាជន ពិសេសសម្រាប់ប្រជាជនក្រីក្រ និងក្រុមជនងាយរងគ្រោះ ព្រមទាំងអ្នកបាត់បង់ការងារ ដើម្បីធ្វើឲ្យពួកគេអាចមានលទ្ធភាព វិលទៅរកជីវភាពធម្មតាវិញ នៅពេលផុតពីជំងឺនេះ។
៣៖ ការខិតខំជួយឲ្យអស់លទ្ធភាព ដើម្បីធ្វើឲ្យធុរកិច្ច និងអាជីវកម្មអាចរស់បាន និងរក្សាការងារ ពិសេសការរក្សា និងជំរុញសកម្មភាព សេដ្ឋកិច្ចក្នុងស្រុក និងការត្រៀមខ្លួនក្រោយពេលដែល ជំងឺកូវីដ-១៩ស្រាកស្រាន្ត ដើម្បីជ្រោងសេដ្ឋកិច្ចឲ្យងើបឡើងវិញបានឆាប់រហ័ស។
៤៖ ការរក្សាឲ្យបាននូវសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងស្ថិរភាពសង្គម។

លោកបានបន្ដថា ក្នុងការប្រយុទ្ធជំងឺកូវីដ១៩រាជរដ្ឋាភិបាលបានបែងចែក សមរភូមិប្រយុទ្ធជា៣មុខព្រួញគឺ៖ ការប្រយុទ្ធនឹងការឆ្លងចូលពីខាងក្រៅ,
ការប្រយុទ្ធទប់ស្កាត់មិនឲ្យឆ្លងពីអ្នកមានជំងឺ ទៅអ្នកមិនទាន់មានជំងឺ, ការបន្តព្យាបាលអ្នកឆ្លងឲ្យបានជាសះស្បើយ។ រាជរដ្ឋាភិបាលតាមរយៈធនាគារឯកទេសវីង បាននិងកំពុងបើកផ្តល់ប្រាក់ឧបត្ថម្ភ របស់រាជរដ្ឋាភិបាលដល់បងប្អូនកម្មករនិយោជិតសរុបចំនួន ១៩៣,៥៨៥នាក់ ដែលត្រូវចំណាយថវិកាសរុបចំនួន ៣១,៦៣១,៦៧៤,២៤០រៀល ប្រហែលនឹង៨លានដុល្លាអាមេរិក, កម្មករនិយោជិតចូលរួមការ បណ្តុះបណ្តាលជំនាញទន់ពី ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈចំនួន៣៩,០០៦នាក់។

លោកបន្ថែមថា កម្ពុជាខិតខំពង្រឹងវិស័យកសិកម្ម សម្រាប់តម្រូវការក្នុងស្រុក និងការនាំចេញទៅកាន់ទីផ្សារក្នុងតំបន់ និងលើពិភពលោកដែលជាការចូលរួមមួយផ្នែក ដល់ចង្វាក់ផ្គត់ផ្គង់ ដែលកំពុងតែជួបបញ្ហា។ កម្លាំងពលកម្មដែលបាត់បង់ការងារ ក្នុងវិស័យឧស្សាហកម្ម និងសេវាកម្ម អាចវិលត្រឡប់មកចូលរួមក្នុង វិស័យកសិកម្ម ដើម្បីទទួលបានការងារធ្វើ និងបង្កើតមុខរបរក្នុងវិស័យកម្មវិញ ការដាំដុះដំណាំរួមផ្សំ ការចិញ្ចឹមសត្វ និងវារីប្បកម្មកំពុងមានសន្ទុះរីកចម្រើនថ្មីគួរឲ្យកត់សម្គាល់។

លោកបញ្ជាក់ថា ជាមួយគ្នានេះរាជរដ្ឋាភិបាលបានលើកទឹកចិត្តប្រជាជនឲ្យមានឆន្ទៈគាំទ្រផលិតផលក្នុងស្រុករបស់ខ្លួន ដើម្បីឲ្យតម្លៃ និងជួយផ្សព្វផ្សាយផលិតផល របស់កម្ពុជាឲ្យកាន់តែទូលំទូលាយថែមទៀត។

លោកឲ្យដឹងទៀតថា ប្រទេសកម្ពុជា និងចិនបានពិភាក្សាបញ្ចប់ និងត្រៀមចុះកិច្ចព្រមព្រៀង ពាណិជ្ជកម្មសេរីកម្ពុជា-ចិន នៅពេលឆាប់ៗខាងមុខនេះ។ កិច្ចព្រមព្រៀងនេះនឹងផ្តល់ប្រយោជន៍សំខាន់ ដល់ប្រទេសទាំងពីរ គឺការបើកច្រកទីផ្សារផ្នែកពាណិជ្ជកម្មទំនើប, ការកំណត់លក្ខខណ្ឌលើពាណិជ្ជកម្ម សេវាកម្ម, កិច្ចសហប្រតិបត្តិការ និងជំរុញការវិនិយោគ, កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងបច្ចេកទេស និងគំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវ, ការធ្វើពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិច ផ្នែកវិវាទ និងនីតិកម្ម។

លោកថា កិច្ចព្រមព្រៀងនេះបានផ្តល់ឱកាស កាន់តែធំសម្រាប់កម្ពុជាក្នុងការនាំផលិតផល ទៅកាន់ប្រទេសចិនដោយមិនជាប់ពន្ធ។ ទំនិញរបស់កម្ពុជាប្រមាណ៣៤០មុខ មានប្រមាណ៩៥% នឹងលែងជាប់ពន្ធ មុខទំនិញប្រមាណជា៥%ទៀត នឹងត្រូវលែងជាប់ពន្ធដែរ ក្នុងរយៈពេល១០ឆ្នាំខាងមុខ។ ការនាំទំនិញចេញរបស់កម្ពុជា ទៅកាន់ប្រទេសចិន នឹងកើនឡើងប្រមាណ២៥%បន្ថែមទៀត ក្រៅពីប្រទេសចិន និងកូរ៉េ ខាងត្បូង កម្ពុជាក៏បានគ្រោងធ្វើកិច្ចចរចាស្តីពី កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ជាមួយប្រទេសផ្សេងៗទៀតដូចជា៖ ប្រទេសអង់គ្លេស, អាមេរិក, ជប៉ុន, ម៉ុងហ្គោលី, ឥណ្ឌា និងសហភាពសេដ្ឋកិច្ចអឺរ៉ាសី ដែលមានសមាជិកចំនួន៥គឺ ប្រទេសអាមេនី, បេឡារុស, កាហ្សាក់ស្ថាន, កៀហ្ស៊ីស៊ីស្ថាន និងសហព័ន្ធ រុស្សី។

លោកបញ្ជាក់ថា ក្នុងពេលដែលកំពុងប្រយុទ្ធទប់ស្កាត់ ការចម្លងវីរុសកូវីដ១៩យ៉ាងសកម្ម មជ្ឈមណ្ឌលជាតិ ប្រយុទ្ធនឹងជំងឺគ្រុនចាញ់ ប៉ារ៉ាស៊ីតសាស្រ្ត និងបាណកសាស្រ្តរ បស់ក្រសួងសុខាភិបាល បានធ្វើសេចក្តីជូនព័ត៌មានបញ្ជាក់ថា មកទល់ពេលនេះ មានករណីសង្ស័យជំងឺគ្រុនឈាម (CHIKUNNGUNYA) សរុបចំនួន១,៧០០ ករណី ដែលបានកើតឡើងនៅខេត្តចំនួន១៥។ នេះជាបញ្ហាសុខភាពសាធារណៈថ្មីមួយទៀត ដែលជាការប្រឈមទៅនឹងហានីភ័យ អាចឲ្យមានការឆ្លងពីម្នាក់ទៅម្នាក់ តាមរយៈមូសខ្លាញីខាំ ជាពិសេសខាំនៅពេលថ្ងៃលើមនុស្សម្នាក់ ហើយមនុស្សម្នាក់នោះ បានចល័តពីកន្លែងមួយទៅកន្លែងមួយទៀត តាមមធ្យោបាយធ្វើដំណើរផ្សេងៗ និងតាមទីកន្លែងដែលបរិស្ថានរស់នៅគ្មានអនាម័យ រួចចម្លងទៅមនុស្សម្នាក់ទៀត និងបន្តរាលដាលពី គ្រួសារមួយទៅគ្រួសារមួយ និងពីភូមិឃុំមួយទៅភូមិឃុំមួយ។

ជំងឺនេះអាចកើតលើមនុស្សគ្រប់វ័យមិនថា ក្មេងឬមនុស្សចាស់នេះទេ។ ទោះបីជាក្រសួង សុខាភិបាលបានបញ្ជាក់ថា ជាទូទៅជំងឺគ្រុនឈាម មិនបណ្តាលឲ្យអ្នកជំងឺស្លាប់បាត់បង់ជីវិត ឬ ក៏មានហានិភ័យបណ្តាលឲ្យស្លាប់ក្នុងកម្រិតទាបក្តី ប៉ុន្តែយើងទាំងអស់គ្នាត្រូវតែ មានការប្រុងប្រយ័ត្នកម្រិតខ្ពស់ មិនអាធ្វេសប្រហែសបានជាដាច់ខាត។

លោកបន្ថែមថា ដើម្បីចូលរួមទប់ស្កាត់ និងការពារសុខភាពប្រជាពលរដ្ឋទាំងអស់ ឲ្យជៀសផុតពីការកើត ឬឆ្លងជំងឺគ្រុនឈាមយើងត្រូវ៖

១៖ រៀបចំផ្ទះសម្បែងឲ្យមានខ្យល់ចេញចូលល្អ និងមានពន្លឺថ្ងៃគ្រប់គ្រាន់ និងប្រកាន់ខ្ជាប់ខ្ជួននូវ វិធានការអនាម័យក្នុងការរស់នៅ។
២៖ ប្រើថ្នាំអាបែតដាក់ក្នុងពាង ឬអាងដែលរក្សាទឹកទុកប្រើប្រាស់ប្រចាំថ្ងៃ ដើម្បីសម្លាប់ដង្កូវទឹក ព្រោះការដាក់ថ្នាំអាបែត អាចកំចាត់មូសខ្លាបាន៣៣%។
៣៖ ណែនាំប្រជាពលរដ្ឋឲ្យសម្រាន្តនៅក្នុងមុងជានិច្ច ទោះយប់ក្តី ថ្ងៃក្តី បើបានមុងជ្រលក់ថ្នាំនោះរឹតតែល្អ។ ចំពោះការស្លៀកពាក់ ត្រូវណែនាំឲ្យស្លៀកពាក់ខោជើងវែង ពាក់អាវដៃវែង ការពារមូសខាំ និងជៀសវាងការអង្គុយលេងនៅទីងងឹត។
៤៖ ក្នុងករណីមានរោគសញ្ញាក្តៅខ្លួនខ្លាំងភ្លាមៗ ត្រូវប្រញាប់ប្រញាល់ នាំអ្នកជំងឺទៅរកសេវាពិនិត្យ៕