(ភ្នំពេញ)៖ ការស្ទង់មតិមួយដែលរៀបចំឡើងដោយអង្គការខុមហ្វ្រែល ជុំវិញការចាប់ខ្លួនលោក រ៉ុង ឈុន ក្នុងសំណុំព្រំដែន បានបិទបញ្ចប់ហើយនៅវេលាម៉ោង ១២៖៥៥នាទីរសៀលថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២០នេះ។ ការស្ទង់មតិនេះ បានបង្ហាញនូវការគាំទ្រយ៉ាងច្រើនលើសលុបក្នុងការចាប់លោក រ៉ុង ឈុន។ អ្នកសម្តែងមតិបានអះអាងថា ការចាប់លោក រ៉ុង ឈុន មិនមែនជារឿងរំលោភច្បាប់ និងសិទ្ធិមនុស្សនោះឡើយ ពោលគឺរឿងត្រឹមត្រូវតាមច្បាប់។

អង្គការខុមហ្វ្រែល ដែលជាអង្គការក្រៅរាជរដ្ឋាភិបាលឃ្លាំមើលការអនុវត្តន៍លទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្សនៅកម្ពុជា បានរៀបចំការស្ទង់មតិមួយលើបណ្តាញសង្គមហ្វេសប៊ុកជុំវិញការចាប់ខ្លួនរបស់លោក រ៉ុង ឈុន។

ការស្ទង់មតិនេះ ខុមហ្វ្រែល បានដាក់ឱ្យអ្នកលេងបណ្តាញសង្គមហ្វេសប៊ុកបោះឆ្នោតដោយមានជម្រើសពីរ។ ជម្រើសទី១ «ការចាប់លោក រ៉ុង ឈុន រំលោភច្បាប់ និងសិទ្ធិ» និងជម្រើសទី២ «ការចាប់លោក រ៉ុង ឈុន មិនរំលោភច្បាប់ និងសិទ្ធិ»

ការស្ទង់មតិនេះត្រូវបានធ្វើឡើងរយៈពេល ៧ថ្ងៃ ដោយចាប់ផ្តើមនៅម៉ោង ១២៖៥៥នាទីរសៀលថ្ងៃអាទិត្យ ទី៩ ខែសីហា ហើយបញ្ចប់នៅម៉ោង ១២៖៥៥នាទីរសៀលថ្ងៃអាទិត្យ ទី១៦ ខែសីហា ឆ្នាំ២០២០នេះ។

រយៈពេល៧ថ្ងៃនេះ អ្នកដែលបានចូលរួមបោះឆ្នោតសម្តែងមតិមានចំនួន ១៣,៦០០នាក់។ ក្នុងនោះអ្នកបោះឆ្នោតគាំទ្រថា «ការចាប់លោក រ៉ុង ឈុន ជារឿងត្រឹមត្រូវមិនរំលោភច្បាប់ និងសិទ្ធិមនុស្ស» មានរហូតដល់ទៅជាង១ម៉ឺននាក់ ស្មើនឹង ៧៩ភាគរយ ខណៈអ្នកបោះឆ្នោតគាំទ្រថា «ការចាប់លោក រ៉ុង ឈុន ជារឿងរំលោភច្បាប់ និងសិទ្ធិ» មានត្រឹមតែជិត ៣ពាន់នាក់ ស្មើនឹងប្រមាណ ២១ភាគរយប៉ុណ្ណោះ។

អ្វីដែលនាំឱ្យអ្នកលេងបណ្តាញសង្គមហ្វេសប៊ុកចាប់អារម្មណ៍ និងហួសចិត្តនោះ ខុមហ្វ្រែល ដែលតែងតែអួតអះអាងថា ខ្លួនជាអង្គការមានសុក្រឹត្យភាពនោះ បែរជាឈប់ដាក់ការស្ទង់មតិឱ្យនៅលើកំពូលនៃទំព័រហ្វេសប៊ុករបស់ខ្លួន (Pin to Top) ក្រោយពេលឃើញការស្ទង់មតិនេះផ្ទុយពីបំណងចង់បានរបស់ខ្លួន។

ក្នុងរយៈពេលប៉ុន្មានថ្ងៃមុនពេលការស្ទង់មតិមានសន្ទុះគាំទ្រទៅលើជម្រើសថា «ជារឿងរំលោភច្បាប់ និងសិទ្ធិ» គេក៏ដាក់ការស្ទង់មតិនៅលើកំពូលផេក តែក្រោយពេលឃើញការស្ទង់មតិមានសន្ទុះមកខាងជម្រើសថា «មិនរំលោភច្បាប់ និងសិទ្ធិមនុស្ស» ក្នុងរយៈពេលពីរថ្ងៃចុងក្រោយនេះ គេបែរជាលែងដាក់ការស្ទង់មតិនេះឱ្យនៅលើកំពូលផេកទៅវិញ។

ខុមហ្វ្រែល អង្គការដែលទទួលបានជំនួយថវិកាធ្វើសកម្មភាពពីបរទេស ត្រូវបានគេកត់សម្គាល់ឃើញថា តែងបានធ្វើសកម្មភាពប្រឆាំង និងជំទាស់ចំពោះរាជរដ្ឋាភិបាល ហើយគាំទ្ររាល់សកម្មភាពដែលមានចេតនាបង្កភាពចលាចលនៅក្នុងសង្គម។ ទោះសកម្មភាពបានស្តែងយ៉ាងនោះក្តី តែអង្គការនេះតែងអួតថាខ្លួន មានភាពអព្យាក្រឹត្យដោយមិនមានការលំអៀងណាមួយនោះឡើយ។

តាមរយៈទង្វើលាក់បាំងលើការស្ទង់មតិនេះ វាជាភស្តុតាងមួយទៀតស្តែងឱ្យឃើញច្បាស់ពីភាពមិនអព្យាក្រឹត្យក្នុងការធ្វើសកម្មភាពរបស់អង្គការមួយនេះ។

លោក រ៉ុង ឈុន ត្រូវបានសមត្ថកិច្ចចាប់ខ្លួននៅថ្ងៃទី៣១ ខែកក្កដា ហើយត្រូវបានចៅក្រមសម្រេចចោទប្រកាន់ពីបទ «ញុះញង់បង្កឲ្យមានភាពវិកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម» តាមមាត្រា៤៩៥ នៃក្រមព្រហ្មទណ្ឌ នៃព្រះរាជាណាចក្រកម្ពុជា និងយកទៅឃុំខ្លួននៅពន្ធនាគារព្រៃសជាបណ្តោះអាសន្ន។

តាមរយៈការស្ទង់មតិនេះ បានបង្ហាញថា ប្រជាពលរដ្ឋខ្មែរច្រើនលើសលុបគាំទ្រចំណាត់ការរបស់រាជរដ្ឋាភិបាលកម្ពុជា ចំពោះទង្វើមានបំណងទុច្ចរិតរបស់លោក រ៉ុង ឈុន ដែលប៉ុនប៉ងបង្កចលាចល និងអស្ថេរភាពនៅក្នុងសង្គមកម្ពុជា។ ប្រជាពលរដ្ឋខ្មែរលើសលុបនៅតែស្រឡាញ់ និងផ្តល់តម្លៃខ្ពស់បំផុតចំពោះសុខសន្តិភាព និងស្ថេរភាពសង្គមដែលជាបុព្វលក្ខខណ្ឌដ៏ចម្បងមិនអាចខ្វះបានក្នុងការអភិវឌ្ឍប្រទេសជាតិ កសាងសេដ្ឋកិច្ចសង្គម និងប្រជាជាតិខ្មែរឱ្យកាន់តែរុងរឿង។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ក្នុងពិធីបើកសម្ពោធសួនទឹក «ហ្គាឌិនស៊ីធី» របស់ឧកញ៉ា លី យ៉ុងផាត់ នៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២០នេះ បានទាមទារឱ្យអង្គការខុមហ្វ្រែល វិទ្យុបរទេសផ្សាយជាខេមរភាសា ព្រមទាំងអង្គការសង្គមស៊ីវិលធ្វើការងារលើសិទ្ធិមនុស្ស ត្រូវផ្សព្វផ្សាយនូវលទ្ធផលស្ទង់មតិមួយនេះ។

សម្តេចតេជោ បានចាត់ទុកអង្គការ និងក្រុមវិទ្យុបរទេសផ្សាយជាខេមរភាសាជា «តិរិច្ឆាន» បើពួកគេមិនផ្សាយលទ្ធផលស្ទង់មតិនេះទេនោះ៕