(ភ្នំពេញ)៖ បន្ទាប់ពីមានឧបទ្ទវហេតុបាក់ដងសន្ទូច ហេីយធ្លាក់ផ្ទាំងបេតុង សង្កត់លេីមនុស្ស បណ្តាលឱ្យ មានអ្នកស្លាប់ ៥នាក់ និងរងរបួសធ្ងន់-ស្រាល ៤នាក់ នៅក្នុងការដ្ឋានសំណង់អគារមួយកន្លែង ស្ថិតក្នុងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី ១២ ខែសីហា ឆ្នាំ២០២០កន្លងទៅនោះ, សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានសម្តែងនូវការសោកស្តាយយ៉ាងក្រៃលែងជាមួយក្រុមគ្រួសារជនរងគ្រោះ។

ព្រមជាមួយគ្នានោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក៏បានចាត់មន្ត្រីក្រោមឱវាទចូលរួមរំលែកទុក្ខ និងចូលបុណ្យសពជនរងគ្រោះ ដែលបានធ្វើបុណ្យនៅស្រុកកំណើត និងចុះសួរសុខទុក្ខ នាំយកអំណោយផ្តល់ជូនអ្នករងរបួសដែលកំពុងសម្រាកព្យាបាល នៅមន្ទីរពេទ្យ ។

ក្នុងឱកាសនោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានចាត់ឱ្យលោកស្រី ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា ជួបសួរសុខទុក្ខជាមួយក្រុមគ្រួសារអ្នករងរបួសធ្ងន់ ១នាក់ ដែលបានដឹកបញ្ជូនមកព្យាបាលរបួសនៅមន្ទីរពេទ្យព្រះកុសុមៈ រាជធានីភ្នំពេញ និងផ្តល់អំណោយមនុស្សធម៌ កាលពីថ្ងៃសុក្រ ទី ១៤ ខែសីហា ឆ្នាំ២០២០។

ចំណែកឯ លោកវេជ្ជ. អ៊ុយ សំអាត នាយកនាយកដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយ នៅថ្ងៃសៅរ៍ ទី ១៥ ខែសីហា ឆ្នាំ ២០២០នេះ បានអញ្ជេីញចូលរួមបុណ្យសពជនរងគ្រោះចំនួន៤នាក់ នៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ព្រមទាំងចុះសួរសុខទុក្ខ អ្នករងរបួសធ្ងន់ ១នាក់ នៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-ជប៉ុន (មន្ទីរពេទ្យខេត្តបន្ទាយមានជ័យ), អ្នករងរបួសស្រាល ១នាក់ នៅមន្ទីរពេទ្យបង្អែកក្រុងប៉ោយប៉ែត និងអ្នករងរបួសស្រាល ១នាក់ទៀត សម្រាកព្យាបាលនៅគេហដ្ឋាន ។

រីឯ លោកវេជ្ជ. អ៊ុយ សំអុន នាយករងនាយកដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយ បានអញ្ជេីញចូលរួមបុណ្យសពជនរងគ្រោះ ១នាក់ (កំពុងមានផ្ទៃពោះ ៨ខែ) នៅភូមិស្វាយជួរ ឃុំចំការអណ្តូង ស្រុកចំការលើ ខេត្តកំពង់ចាម កាលពីថ្ងៃសុក្រ ទី ១៤ ខែសីហា ឆ្នាំ ២០២០ ម្សិលម៉ិញនេះ។

ក្នុងឱកាសនោះ គណៈប្រតិភូទាំងអស់ បានពាំនាំប្រសាសន៍របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលផ្តាំផ្ញើរំលែកទុក្ខយ៉ាងក្រៀមក្រំ និងក្តីសោកស្តាយយ៉ាងក្រៃលែង ចំពោះឧបទ្ទវហេតុខាងលើដែលបណ្តាលឱ្យមានសោកនាដកម្មដ៏ធ្ងន់ធ្ងរនេះ។

ទន្ទឹមនឹងនេះ គណៈប្រតិភូ បានផ្តាំផ្ញើដល់អ្នករងរបួសទាំងអស់ សូមអនុវត្តតាមការណែនាំរបស់គ្រូពេទ្យ ថែទាំសុខភាពឱ្យបានល្អ និងជូនពរឆាប់បានជាសះស្បើយឡើងវិញ ព្រមទាំងបួងសួងដល់វិញ្ញាណក្ខន្ធសព បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។

សូមបញ្ជាក់ថា កាកបាទក្រហមកម្ពុជា បានចូលរួមបុណ្យសពទាំង ៥រូប ដោយគ្រួសារសពនីមួយៗទទួលបានគ្រឿងឧបភោគបរិភោគ និងបច្ច័យចំនួន ៥លានរៀល និងឧបត្ថម្ភដល់អ្នករងរបួសធ្ងន់ ២នាក់ ក្នុងម្នាក់ៗ ថវិកា ៥លានរៀល និងឃីតអ្នកជំងឺ ១ឃីត សម្រាប់អ្នករងរបួសស្រាល ២នាក់ ក្នុងម្នាក់ៗថវិកា ២លានរៀល និងឃីតអ្នកជំងឺ ១ឃីត៕