(ភ្នំពេញ)៖ លោក ចន ឃែរី (John Kerry) រដ្ឋមន្រ្តីក្រសួងការបរទេសសហរដ្ឋអាមេរិក បានចាកចេញពីប្រទេសកម្ពុជាហើយ នៅម៉ោង៥៖២០ល្ងាច ថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៦នេះ បន្ទាប់ពីបានបំពេញទស្សនកិច្ច សម្រេចតាមការគ្រោងទុករបស់ខ្លួន រយៈពេល២ថ្ងៃនៅកម្ពុជា។

អំឡុង២ថ្ងៃនេះ លោក ចន ឃែរី បានជួបជាមួយ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ជួបជាមួយលោកឧបនាយករដ្ឋមន្រ្តី ហោ ណាំហុង រដ្ឋមន្រ្តីក្រសួងការបរទេស និងថ្នាក់ដឹកនាំគណបក្សប្រឆាំងនៅកម្ពុជា ។ ក្រៅពីនោះ លោកក៏បានទស្សនានៅសារមន្ទីរជាតិ និងជួបជាមួយតំណាងសង្គមស៊ីវិលនៅកម្ពុជាផងដែរ មុននឹងលោកធ្វើសន្និសីទកាសែតមួយ នៅសណ្ឋាគារឡឺរ៉ូយ៉ាល់។

អំឡុងទស្សនកិច្ចនេះ លោក ចន ឃែរី បានកោតសរសើរអំពីការអភិវឌ្ឍនៅប្រទេសកម្ពុជា ដែលលោកនិយាយថា ប្រទេសនេះតូចប៉ុន្តែអភិវឌ្ឍយ៉ាងឆាប់រហ័ស ហើយថាប្រទេសកម្ពុជា ជាតំបន់សក្តានុពលមួយ សម្រាប់ទាក់ទាញ វិនិយោគិនអាមេរិកថែមទៀត។

ទោះជាយ៉ាងនេះក្តី នៅក្នុងអំឡុងជួបជាមួយថ្នាក់ដឹកនាំនៅកម្ពុជារបស់ លោក ចន ឃែរី ក៏បានលើកឡើងអំពីបញ្ហាសមុទ្រចិនខាងត្បូង រួមទាំងស្ថានភាពនយោបាយទូទៅ។ លោកលើកឡើងអំពីការបោះឆ្នោត និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។

ទស្សនកិច្ចរបស់ប្រមុខការបរទេស នៃប្រទេសមហាអំណាចមួយនេះ បានបង្ហាញឱ្យឃើញអំពីទំនាក់ទំនងសហប្រតិបត្តិការនិងសេដ្ឋកិច្ចរវាងប្រទេសទាំងពីរ។ នៅក្នុងជំនួបរវាងលោក ចន ឃែរី ជាមួយសម្តេចតេជោ ហ៊ុន សែន នៅព្រឹកមិញ សម្តេចក៏បានស្នើឱ្យសហរដ្ឋអាមេរិក លើកលែងការយកពន្ធគ្រប់មុខទំនិញពីកម្ពុជាផងដែរ។

ទស្សនកិច្ចរបស់ លោក ចន ឃែរី នាពេលនេះ ត្រូវបានក្រសួងការបរទេសអាមេរិកប្រកាសថា ធ្វើឡើងដើម្បីពិភាក្សាពីការរៀបចំជាមុន សម្រាប់កិច្ចប្រជុំកំពូលអាស៊ាន-អាមេរិក នៅ Sunnylands ក្នុងរដ្ឋកាលីហ្វនីញ៉ា នៅពាក់កណ្តាលខែក្រោយនេះ ដែលនៅទីនោះ លោក បារ៉ាក់ អូបាម៉ា ប្រធានាធិបតីអាមេរិក នឹងធ្វើជាម្ចាស់ផ្ទះ ទទួលស្វាគមន៍មេដឹកនាំអាស៊ាន។ សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន ក្នុងនាមប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក៏នឹងអញ្ជើញទៅចូលរួម នៅក្នុងកិច្ចប្រជុំដ៏សំខាន់មួយនេះផងដែរ៕