(ភ្នំពេញ)៖ មន្រ្តីនគរបាលម្នាក់ ដែលជិះម៉ូតូទៅយាមប្រចាំការ​នៅការដ្ឋានសំណង់​ព្រះវិហារ តាមប្រឡាយទឹក ស្ថិតនៅភូមិត្រ​ពាំងរំចេក សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ជាប់ព្រំប្រទល់​ខណ្ឌដង្កោ ត្រូវបានក្រុមចោរ​មានគ្នា៣នាក់ ចេញមកស្ទាក់ ហើយបាញ់ប្លន់​យកម៉ូតូមួយគ្រឿង​ទៅបាត់ដោយ​សុវត្ថិភាព នៅចន្លោះម៉ោង៧ទៅម៉ោង៨ យប់ថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៦នេះ ។

ភ្នាក់ងារ Fresh News បានរាយការណ៌ថា ជនរងគ្រោះជាមន្រ្តីនគរបាលនៅស្នងការដ្ឋាន​នគរបាល​រាជធានីភ្នំពេញ បានបើក​ម៉ូតូមួយគ្រឿង ម៉ាកសេ១២៥ សេរីឆ្នាំ២០១៣ ពាក់ស្លាកលេខ ភ្នំពេញ​1BR-5389។​

មុនពេលកើតហេតុ ជនរងគ្រោះ បានជិះម៉ូតូដោយស្ពាយកាំភ្លើងមួយដើមយកទៅជាមួយ លុះពេលជិះជិតដល់កន្លែងកើតហេតុ ជាកន្លែងយាមប្រចាំការដែលនៅជាប់ព្រំប្រទល់ ខណ្ឌដង្កោនោះ ក៏លេច មុខជនសង្ស័យ៣នាក់ អង្គុយចាំនៅលើភ្លឺប្រឡាយ ប្រដាប់ដោយកាំភ្លើង ចេញមកស្ទាក់ ហើយភ្ជង់ បាញ់២គ្រាប់ប្លន់យកម៉ូតូបើកគេចដោយសុវត្ថិភាព ។

តាមសេចក្តីរាយការណ៌ ជនរងគ្រោះក៏បាញ់ត្រឡប់ទៅវិញដែរ តែករណីនេះមិនបណ្តាលឲ្យជនរងគ្រោះរងរបួសនោះទេ។

ក្រោយកើតហេតុ កម្លាំងនគរបាល និងកម្លាំងអាវុធហត្ថ ជាច្រើននាក់ បានចុះទៅជួយអន្តរាគមន៌ភ្លាមៗផងដែរ ៕