(ភ្នំពេញ)៖ ប្រជាពលរដ្ឋជាច្រើនគ្រួសារ រស់នៅតាមបណ្តោយផ្លូវវេងស្រេង ក្នុងសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ជាច្រើននាក់ បាននាំគ្នារត់ប្រសេចប្រសាច ដោយខ្លះរហូតខំជញ្ជូនឥវ៉ាន់ចេញពីផ្ទះ ក្រោយមានករណីឆ្លងចរន្តភ្លើង បណ្តាលឲ្យឆេះកាប៉ីនភ្លើងយ៉ាងខ្លាំង នៅវេលាម៉ោង ៧យប់ថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៦នេះ ។

ភ្នាក់ងារ Fresh News បានរាយការណ៍ថា ក្រោយមានករណីនេះកើតឡើង ក្រុមប្រជាពលរដ្ឋ រួមសហការជាមួយអាជ្ញាធរ និងសមត្ថកិច្ចមូលដ្ឋាន បាននាំគ្នា យកបំពង់ពន្លត់អគ្គិភ័យទៅបាញ់ពន្លត់អស់ជាច្រើនបំពង់ទាន់ពេលវេលា ខណៈរថយន្តពន្លត់អគ្គិភ័យ ក៏បានទៅដល់កន្លែងកើតហេតុផងដែរ។

នៅពេលឆាបឆេះ ប្រជាពលរដ្ឋមួយគ្រួសារ ដែលលក់ឥវ៉ាន់នៅខាងក្រោមបង្គោលភ្លើងនោះ មានការភ័យយ៉ាងខ្លាំង ថាអាចឆេះផ្ទះរបស់ពួកគេ តែសំណាងល្អជួយបាញ់ពន្លត់ទាន់។ នៅរសៀលថ្ងៃនេះ ផ្ទះប្រជាពលរដ្ឋ ចំនួន៤ខ្នង ត្រូវបានឆាបឆេះ ស្ថិតនៅតាមផ្លូវលេខ៣៧១សង្កាត់បឹងទំពុន ខណ្ឌមានជ័យ ៕