(ភ្នំពេញ)៖ នៅថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៦នេះ លោក ផៃ ស៊ីផាន មន្រ្តីជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជា និងជាអ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្រ្តី បានផ្តល់បទសម្ភាសន៍ពីទីក្រុង Beirut នៃសាធារណរដ្ឋ លីបង់ ស្តីពីលទ្ធផលនៃទស្សនកិច្ចផ្លូវការរបស់លោក ចន ឃេរី មកកាន់កម្ពុជា រយៈពេល២ថ្ងៃ នៅកម្ពុជា។

Fresh News: «តើឯកឧត្តមយល់ឃើញយ៉ាងដូចម្តេចដែរ ចំពោះលទ្ធផលនៃទស្សនកិច្ចផ្លូវការរបស់ ឯកឧត្តម ចន ឃេរី នេះ?»

លោក ផៃ ស៊ីផាន៖ សូមអរគុណ ! ទស្សនកិច្ចផ្លូវការរបស់ថ្នាក់ដឹកនាំការងាររបស់ ស.រ.អា មកកាន់កម្ពុជា ដែលមានជំនួបជាមួយនឹងសម្តេចតេជោ សែន ឯ.ឧ ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង គឺមិនត្រឹមតែបង្ហាញនូវភាពស្និតស្នាលសមភាគីប៉ុណ្ណោះទេ ក៏ប៉ុន្តែជាការបង្ហាញនូវវត្ថុបំណង និងកិច្ចការពារផលប្រយោជន៍ របស់ប្រទេសទាំងពីរ ស.រ.អា និងកម្ពុជា មានលក្ខណៈស្នើភាពគ្នា នៃប្រទេសអធិបតេយ្យ និងឯករាជ្យ ដើម្បីទំនាក់ទំនងល្អ និងសហប្រតិបត្តិការជិតស្និតនៃតម្លៃការពារ ផលប្រយោជន៍របស់ប្រជាជាតិទាំងសងខាង។ ជំនួបថ្នាក់កំពូលរវាងកម្ពុជា និងស.រ.អា នេះ ក៏ជាបរិបទសិក្សាជាប្រវត្តិសាស្ត្រនៃការងារទូត ដែលជាផលប្រយោជន៍ដល់គ្រប់ប្រជាពលរដ្ឋខ្មែរ ទោះបីជាមាននិន្នាការនយោបាយ ខុសគ្នាយ៉ាងណាក៏ដោយ។ ជំនួបកំពូលនេះផងដែរ ក៏អាចធ្វើឲ្យអ្នកនយោបាយ អ្នកវិភាគ ឬសាស្ត្រាចារ្យនយោបាយ វាយតម្លៃសារជាថ្មី ចំពោះការគិត ការសម្តែងមតិនៅក្នុងបរិបទកម្ពុជា និងសហរដ្ឋអាមេរិក។

នៅក្នុងទិដ្ឋភាពនយោបាយការបរទេសរបស់កម្ពុជា ដែលនាំដោយសម្តេចតេជោ បានដើរចំ និងលើមាគ៌ាដ៏ត្រឹមត្រូវ ពីអ្វីដែលរដ្ឋធម្មនុញ្ញ បានចែង និងចង្អុលបង្ហាញយ៉ាងច្បាស់នៃមូលដ្ឋានគ្រឹះ និងតម្លៃឯករាជ្យ អព្យាក្រិត្យ និងអធិបតេយ្យជាតិ។ នៅក្នុងបរិបទនេះ ខ្ញុំបានលឺអ្នកដើរតួរជាអ្នកវិភាគ នយោបាយ បានចោទប្រកាន់ថា កម្ពុជាពុំមាននយោបាយការបរទេសជាក់លាក់ ចម្លើយរបស់ខ្ញុំនៅពេលនេះ គឺអ្វីដែលបានលឺ និងដឹងទាំងអស់គ្នា ពីការលើកឡើងរបស់ ឯ.ឧ ចន ឃេរី តាមរយៈមន្ត្រីជាន់ខ្ពស់ CNRP ដែលបញ្ជាក់ថា "ចង់មានទំនាក់ទំនងល្អជាមួយកម្ពុជា"។ បើជានិយាយជាផ្លូវការ គឺ ឯ.ឧ ចន ឃេរី ចង់ធ្វើការជាមួយរាជរដ្ឋាភិបាលសម្តេចតេជោសែន និងគណបក្សក្នុងអំណាច ដែលទទួលបានការគាំទ្រពីមហាជនភាគច្រើន។

នេះជាសារដ៏មានសារសំខាន់ និងខ្ពង់ខ្ពស់ណាស់សម្រាប់អ្នកនយោបាយ ក្រុមនយោបាយ ឬបុគ្គលណា និងអង្គការមិនមែនរដ្ឋាភិបាលណា ដែលព្យាយាមអូសទាញ សហរដ្ឋអាមេរិក ជាសត្រូវជាមួយនិងកម្ពុជា ឬជាចំណាប់ខ្មាំងដើម្បីផលប្រយោជន៍របស់ខ្លួន។ ជំនួបរបស់ ឯ.ឧ ចន ឃេរី ក៏បង្ហាញនូវតម្រូវការរបស់សហរដ្ឋអាមេរិក ជាមួយនិងកម្ពុជា ដើម្បីផលប្រយោជន៍របស់គេផងដែរ មិនតែប៉ុណ្ណោះជំនួបកំពូលនេះ ក៏បានបង្ហាញដល់ប្រជាពលរដ្ឋខ្មែរ ទោះបីគេមាននិន្នាការនយោបាយខុសជាមួយនិង CPP ឬ សម្តេចតេជោសែន យ៉ាងណាក៏ដោយ ក៏គេទទួលបាននូវភាពឯករាជ្យ និងអធិបតេយ្យភាពនៃប្រជាជាតិមួយ ដែលមហាជនខ្មែរខំប្រឹងប្រែង រំដោះ និងការពារ ចាប់តាំងពីថ្ងៃទី០៧ ខែមករា ១៩៧៩ មកម្ល៉េះ។

ជម្រើសដែលជាផលប្រយោជន៍ផ្តាច់មុខរបស់ខ្មែរ គឺខ្មែរជាអ្នកសម្រេច។ អាស្រ័យហេតុដូចនេះ បុគ្គលណាក៏ដោយ ក្រុម ឬអង្គការណាក៏ដោយ ត្រូវតែមានមោទនភាពជាប្រជាពលរដ្ឋសេរី និងឯករាជ្យ ក្នុងកិច្ចការពារផលប្រយោជន៍របស់ខ្មែរ។ លទ្ធផលនៃជំនួបកំពូលនេះ គឺបង្ហាញនូវការពិត ជាក់ស្តែង ហួសពីការមន្ទិល និងការវាយតម្លៃអត្តនោម័ត របស់បុគ្គល ឬក្រុមនយោបាយ ដែលគេរស់ជាមួយនិងអតីតភាពនៃយុគសម័យអាប់អោន។ ខ្ញុំជឿជាក់ថា អ្នកទាំងនោះ គេនិងភ្ញាក់ចេញពីអតីតភាពមកកាន់បច្ចុប្បន្នភាព នៃកិច្ចការបរទេសរបស់កម្ពុជា ដើម្បីផលប្រយោជន៍ខ្មែរតែមួយគត់ ដែលខ្មែររស់នៅជាមួយនិងពហុប៉ូលនយោបាយអន្តរជាតិ។

ខ្លួនខ្ញុំផ្ទាល់ សូមគោរព និងវាយតម្លៃខ្ពស់ចំពោះកិច្ចការបរទេស នៅក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចតេជោ និងប្រកបដោយថាមពលក្លៀវក្លា និងទន់ភ្លន់របស់ ឯ.ឧ ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង៕