(ពោធិ៍សាត់)៖ អភិបាលខេត្តពោធិ៍សាត់ លោក ម៉ៅ ធនិន បានប្រកាសទៅកាន់ប្រជាពលរដ្ឋ ប្រមាណ២៥០០នាក់ នៅសង្កាត់ព្រៃញី ក្រុងពោធិ៍សាត់ថា បើសិននរណាម្នាក់ ជួបបញ្ហាដោះស្រាយមិនចេញ និងជួបបញ្ហាខាងផ្នែកជីវភាពរស់នៅប្រចាំថ្ងៃនោះ សូមទាក់ទង និងមកជួបដោយផ្ទាល់ដើម្បីដោះស្រាយជូន។

ការថ្លែងរកដំណោះស្រាយរបស់អភិបាលខេត្តពោធិ៍សាត់ខាងលើនេះបានធ្វើឡើង នៅព្រឹក ថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៦ ក្នុងឱកាស ចុះទៅសំណេះសំណាល និងសួរសុខទុក្ខប្រជាពលរដ្ឋ ក្នុងសង្កាត់ព្រៃញី ប្រមាណ២៥០០នាក់។ លោក ម៉ៅ ធនិន  រំលឹកថាប្រទេស យើងធ្លាប់បានឆ្លងកាត់ជាច្រើនសម័យ និងដំណាក់កាលមកហើយ។ មាតុភូមិយើងធ្លាប់ឆ្លងកាត់នូវភាព រុងរឿងដ៏អស្ចារ្យពីបុរាណកាល ហើយក៏ធ្លាប់ធ្លាក់ក្នុងភ្លើងសង្រ្គាមផងដែរ។

ក្រោយពីថ្ងៃរំដោះ ៧ មករា ក្រោមការដឹកនាំរបស់សម្តេចទាំងបី សម្រេចបាននូវសមិទ្ធិផល ជាប្រវត្តិសាស្រ្តជាច្រើន ដូចជាៈ ការរំដោះ និងការពារការវិលត្រឡប់ របស់របបប្រល័យពូជសាសន៍ ប៉ុល ពត ការកាត់បន្ថយភាពក្រីក្រ ការអភិវឌ្ឍន៍ប្រទេសជាពិសេស នយោបាយ ឈ្នះឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បាននាំមកនូវសន្តិភាព ទូទាំងផ្ទៃប្រទេសជូន ប្រជាពលរដ្ឋរបស់យើង ដែលមិនធ្លាប់មានក្នុងប្រវត្តិសាស្រ្តកន្លងមក។ ដោយសារប្រជាពលរដ្ឋក្នុងខេត្តពោធិ៍សាត់ ៨៥%ជាកសិករ និងក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នោះសម្រាប់ខេត្តពោធិ៍សាត់ទាំងមូលទទួលបាននូវសមិទ្ធិផល ខ្នាតយក្ស ផ្នែកធារាសាស្ត្រចំនួនពីរគឺ៖ ទំនប់ធារាសាស្រ្តលេខ៣ និងលេខ៥ ដែលមានសមត្ថភាពស្តុកទឹកសម្រាប់ស្រោចស្រពប្រមាណ ៥០លានម៉ែត្រគូប និងទ្វារទឹកចំនួន ០២ កន្លែងទៀត គឺទ្វារទឹកដំណាក់អម្ពិល និងទ្វារទឹកចារឹក ដែលមានសមត្ថភាពស្រោចស្រព ផ្ទៃដីស្រែចំនួន ប្រមាណ១០ម៉ឺនហិកតា។ ថ្មីៗនេះរាជរដ្ឋាភិបាល បានសម្រេចលើកលែងពន្ធក្នុងការផ្ទេរមរតកដល់កូនចៅ ដែលទាំងនេះគឺជាការគិតគូរលើកស្ទួយជីវភាព ប្រជាពលរដ្ឋ ជាប់ជាប្រចាំរបស់សម្តេចតេជោនាយករដ្ឋមន្រ្តី ។

លោកអភិបាលខេត្តបានបន្តថា បច្ចុប្បន្នលោកកំពុងបំពេញតួនាទីពីរ គឺ៖ ទី១ តួនាទីរដ្ឋបាល គឺលោកមានភារកិច្ចបម្រើប្រជាពលរដ្ឋ ការពារសន្តិសុខ សុវត្ថិភាព និងធានាឲ្យប្រជាពលរដ្ឋរស់នៅ ក្នុងភាពសុខដុមរមនា និងការអភិវឌ្ឍ។ ទួនាទីទី២ គឺលោកជាសាច់ញាតិ បងប្អូន និងជាសមាជិកគ្រួសារ របស់ប្រជាពលរដ្ឋទាំង ៤៧ម៉ឺននាក់ ក្នុងខេត្តពោធិ៍សាត់ ដែលត្រូវជួយចែករម្លែកនូវសេចក្តីសុខ និង ទុក្ខលំបាកជាមួយគ្នា គ្រប់ពេលវេលា។

លោកអភិបាលខេត្តបានជម្រាបជូនដល់បងប្អូនប្រជាពលរដ្ឋថា«សូមឲ្យជួយផ្តល់ព័ត៌មាន ដល់លោកដោយផ្ទាល់តាមរយៈទូរស័ព្ទ ក្នុងករណីដែលមានមន្រ្តី ក៏ដូចជាកងកម្លាំងដែលអនុវត្តមិនបានត្រឹមត្រូវនូវតួនាទីភារកិច្ច របស់ខ្លួនឬក៏យកអំណាចទៅប្រព្រឹត្តខុសច្បាប់ ដើម្បីលោកចាត់វិធាន ការបានទាន់ពេលវេលា។ ដូចគ្នានេះ ប្រើសិនបើប្រជាពលរដ្ឋ ទាំងអស់មានបញ្ហាដែលដោះស្រាយមិនបាន ឬក៏បញ្ហាពាក់ព័ន្ធនឹងជីវភាព អាចទំនាក់ទំនងមកលោកដើម្បីជួយដោះស្រាយ បានគ្រប់ពេលវេលា ព្រោះលោកបានបញ្ជាក់ថា សូមឲ្យប្រជាពលរដ្ឋទាំងអស់ទទួលលោកជាសមាជិកក្នុងគ្រួសារតែមួយ ជាកូន ជាក្មួយ ជាបង ឬជាប្អូន។

ជាមួយគ្នានេះ លោកបានអំពាវនាវអោយប្រជាពលរដ្ឋចូលរួមអនុវត្តគោលនយោបាយ ភូមិ-ឃុំ មាន សុវត្ថិភាពជៀសអោយផុតពី គ្រឿងញៀន ល្បែងស៊ីសង និងគ្រឿងស្រវឹង ដែលជាប្រភពនៃអំពើហិង្សាក្នុង គ្រួសារ ជាពិសេសជាប្រភពនៃបទល្មើសផ្សេងផងដែរ។ គួរបញ្ជាក់ផងដែរថា  កម្មវិធីជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋនៅសង្កាត់ព្រៃញីនេះ ខាងសាលាខេត្តបានត្រៀមរៀបចំ ជួបជាមួយប្រជាពលរដ្ឋប្រមាណតែ ១៥០០នាក់ ប៉ុណ្ណោះ តែដោយសារទឹកចិត្តគោរពស្រឡាញ់ និងជឿជាក់លើការដឹកនាំរបស់ ប្រមុខរាជរដ្ឋាភិបាល ក៏ដូចជាអាជ្ញាធរខេត្ត  បានធ្វើអោយកម្មវិធីនេះមានប្រជាពលរដ្ឋចូលរួមលើសលប់ប្រមាណជាង ២៥០០នាក់។

ក្នុងពិធីនេះ លោក ម៉ៅ ធនិន អភិបាលខេត្តពោធិ៍សាត់ ផ្តល់នូវវត្ថុអនុស្សាវរីយ៍ដល់ប្រជាពលរដ្ឋទាំង ២៥០០នាក់ ក្នុងម្នាក់ៗទទួល បានសារុងចំនួន ០១៕