(កំពង់ឆ្នាំង)៖ នាថ្ងៃទី៩ ខែសីហា ឆ្នាំ២០២០នេះ ខេត្តកំពង់ឆ្នាំងប្រារព្ធពិធីក្រុងពាលីបញ្ចុះបឋមសិលាបើកការសាងសង់ ស្តូបអនុស្សាវរីយ៍ រណសិរ្សសាមគ្គីសង្គ្រោះជាតិ២ធ្នូ នៅក្នុងបរិវេណមណ្ឌលកុមារកំព្រាខេត្តកំពង់ឆ្នាំង ក្រោមអធិបតីភាពលោក ឈួរ ច័ន្ទឌឿន អភិបាលខេត្ត និងលោកស្រី ដោយមានការអញ្ជើញចូលរួមពីលោក ផាន់ ចាន់ដារ៉ា សមាជិកក្រុមប្រឹក្សាខេត្ត លោក អភិបាលរងខេត្ត និង ប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត រួមនិងអាជ្ញាក្រុងកំពង់ឆ្នាំងចូលរួមផងដែរ។

លោក ឈួរ ច័ន្ទឌឿន បានថ្លែងថា ការសាងសងស្តូបនេះឡើងក្នុងគោលបំណងដើម្បីរំលឹកគុណដល់អ្នកស្នេហាជាតិដែលបានពលីជីវិតក្នុងការតស៊ូរំដោះ ប្រទេសជាតិឱ្យរួចផុតពីរបបប្រល័យពូជសាសន៍ប៉ុលពត និងទុកជាទីតាំងប្រវត្តិសាស្រ្តសំរាប់កូនចៅជំនាន់ក្រោយបានសិក្សាបន្ថែម និងជារមណីដ្ឋានសំរាប់ប្រជាពលរដ្ឋខ្មែរដែលបានអញ្ជើញឆ្លងកាត់ខេត្តកំពង់ឆ្នាំង។

លោក ឈួរ ច័ន្ទឌឿន បានប្រសាន៍បន្តថាៈដោយបុព្វហេតុនៃការបង្កើតកំលាំងរណសិរ្សសាមគ្គីសង្រ្គោះជាតិ ២ឆ្នូនេះ ទើបធ្វើឱ្យប្រទេសកម្ពុជាមានសុខសន្តិភាពពេញបរិបូរណ៍ និងមានការអភិវឌ្ឍន៍ លើគ្រប់វិស័យក្នុងពេលបច្ចុប្បន្ន ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតដ៏ថ្លៃថ្លា របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ៕