(តាកែវ)៖ រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា លោក ឈិត សុខុន អមដំណើរដោយលោក ហូសេន មហាម៉ាត់ហ្វារីត ប្រធានអង្គការក្រុមប្រឹក្សាឥស្លាមអភិវឌ្ឍន៍កម្ពុជា និង អង្គការសម្ព័ន្ធបញ្ញវន្តមូស្លីមកម្ពុជា បានចុះជួបសំណេះសំណាលបងប្អូនខ្មែរមូស្លីមជាច្រើននាក់ ព្រមទាំងបានផ្ដាំផ្ញើឱ្យពលរដ្ឋមានការប្រុងប្រយ័ត្នខ្ពស់ចំពោះការឆ្លងមេរោគកូវីដ១៩ ដោយអនុវត្តន៍តាមវិធានការរបស់ក្រសួងសុខាភិបាល។

ថ្លែងផ្ដាំផ្ញើរយ៉ាងដូច្នេះរបស់លោករដ្ឋមន្ត្រី នៅគ្រាដែលលោកស្ថិតនៅក្នុងកម្មវិធីសម្ភោធដាក់ឲ្យប្រើប្រាស់បាសាំងទឹកចំនួន១៤បាសាំងទឹកផ្តល់ជូនព្រះវិហារឥស្លាម ចំនួន១៤ព្រះវិហារ ចំណុះឱ្យ១៤ភូមិ ស្មើនឹងទឹកប្រាក់៣៥០០០ដុល្លារ និងចែកកញ្ចប់អាហារ ថ្នាំពេទ្យដល់ប្រជាពលរដ្ឋរងផលប៉ះពាល់ដោយវិបត្តិកូវីដ-១៩ ចំនួន២០០គ្រួសារ ស្មើរទឹកប្រាក់ជាង ៦០០០ដុល្លារ ក្រោមការឧបត្ថមពីអង្គការដៃគូរឈ្មោះ Nouvelly optique មកពីប្រទេសបារាំង និង GPM, MVM ប្រទេសម៉ាឡេស៊ី នៅថ្ងៃទី៨ ខែសីហា ឆ្នាំ២០២០ម្សិលមិញនេះ ស្ថិតនៅភូមិចុងថ្នល់ សង្កាត់បារាយណ៍ ក្រុងដូនកែវ ខេត្តតាកែវ។

លោករដ្ឋមន្ត្រី បានសាទរចំពោះការខ្នះខ្នែងរបស់អង្គការ ដែលបានប្រឹងប្រែងរកជំនួយពីបរទេសមកជួយសហគមន៍ខ្មែរមូស្លីមបានយ៉ាងច្រើននៅតាមបណ្ដាភូមិស្រុកនានាជុំវិញប្រទេស ដែលនេះសបញ្ជាក់ឱ្យឃើញពីតម្លៃនៃសន្តិភាព ដែលផ្ដល់ឱកាសដល់ជនគ្រប់រូបរស់បានសំបូរសប្បាយក្នុងយុគ្គសម័យតេជោសែនសន្តិភាព។

លោករដ្ឋមន្ត្រីបានលើកឡើងពីរដ្ឋាភិបាល ក្នុងការផ្តល់សិទ្ធិសេរីភាពពេញលេញជូនសាសនិកឥស្លាមកម្ពុជា ចំពោះប្រណិបត្តិជំនឿសាសានា មិនរើសអើងពូជសាសន៍ ដោយកោតសរសើរ បងប្អូនខ្មែរឥស្លាមដែលបានគាំទ្របោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា គ្រប់អណត្តិទាំងអស់ ទីណាមានបងប្អូនសាសនិកឥស្លាម ទីនោះមានកាឈ្នះ កើនសន្លឹកឆ្នោតជាង៩៩% ដោយបងប្អូនឥស្លាមទាំងអស់បានគាំទ្រយ៉ាងពេញទំហឹងតែម្ដង។

លោករដ្ឋមន្ត្រីក៏បានផ្ដែផ្ដាំដល់ពលរដ្ឋទាំងអស់ត្រូវមានការប្រុងប្រយ័ត្នចំពោះវីរុសកូវីដ១៩ ដ្បិតស្រុកទេសយើងមិនមានការឆ្លងជាលក្ខណៈសហគមក្ដី ក៏តោងឱ្យពលរដ្ឋយើងទាំងអស់ ត្រូវអនុវត្តន៍តាមវិធាការណ៍របស់ក្រសួងសុខាភិបាលដដែល ដើម្បីបញ្ជៀសការឆ្លងណាមួយ។

លោក ហូសេន មហាម៉ាត់ហ្វារីត លើកឡើងបញ្ជាក់ថា «អរគុណសន្តិភាព» អរគុណសម្តេចតេជោ ហ៊ុន សែន ដែលបានដឹកនាំនាវាកម្ពុជាពីបាតដៃទទេរហូតមានរីកចំរើន ស្គាល់ការអភិវឌ្ឍន៍ស្ទើរគ្រប់វិស័យ ដែលនេះសបញ្ជាក់ឱ្យឃើញពីតម្លៃនៃការពលីកម្មដ៍ធំធេងរបស់សម្ដេចតេជោ ដែលបានដឹកនាំប្រទេសជាតិយើងឱ្យមានភាពរុងរឿងនេះឡើង និងបន្តរុងរឿងទៅមុខជាបន្តបន្ទាប់។

លោកបន្តថា ក្រោមការដឹកនាំដ៏ឈ្លៀសវៃរបស់ម្ដេចតេជោ ដែលបានបើកឱកាសទូលាយឱ្យមានសុខដុមនីយកម្មសាសនាបានល្អប្រសើរបំផុត ហើយការតម្លៃនេះ មានន័យធំធេងណាស់ សំរាប់សហគមមូស្លីមនៅកម្ពុជា និងជាគម្រូសំរាប់ពិភពលោក ដែលនេះពិតមានភាពកក់ក្ដៅសំរាប់សហគមឥស្លាមអន្តរជាតិក្នុងការផ្ដល់ទំនុកចិត្តមកលើរដ្ឋាភិបាល ក្នុងការចុះជួយផ្ដល់ជំនួយនានាជាបន្តបន្ទាប់។

លោក ហូសេន មហាម៉ាត់ហ្វារីត បានសន្យាថានឹងនៅតែបន្តគៀរគជំនួយពីបរទេសមកបន្ថែមទៀត ដើម្បីជួយដល់សហគមខ្មែរមូស្លីមឱ្យមានការរីកចំរើនឡើង ស្របតាមគោលនយោបាយអភិវឌ្ឍន៍ របស់រាជរដ្ឋាភិបាល ហើយលោក៏បានផ្ដាំផ្ញើពលរដ្ឋរដ្ឋខ្មែរមូស្លីមឱ្យមានការប្រុងប្រយ័ត្នចំពោះវីរុសកូវីដ១៩ផងដែរ៕