(រតនគិរី)៖ លោក ថង សាវុន អភិបាលខេត្តរតនគិរី នាថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២០នេះ បានចុះត្រួតពិនិត្យ និងពង្រឹងកម្លាំងជំនាញដែលឈរជើងនៅតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-វៀតណាម ក្នុងភូមិសាស្ត្រឃុំប៉ក់ធំ ឃុំប៉ក់ញ៉ៃ ស្រុកអូរយ៉ាដាវ ក្នុងគោលដៅពង្រឹងស្មារតីក្នុងការបំពេញតួនាទី ភារកិច្ចរបស់កងកម្លាំងសមត្ថកិច្ចពាក់ព័ន្ធនៅតាមព្រំដែន។

លោកអភិបបាលខេត្ត បានផ្ដាំផ្ញើដល់កងកម្លាំងឱ្យត្រូវខិតខំបង្ការ និងទប់ស្កាត់ការឆ្លងដែនខុសច្បាប់ និងការចម្លងមេរោគកូវីដ-១៩ ស្របតាមការណ៍ណែនាំរបស់ក្រសួងមហាផ្ទៃ និងក្រសួងសុខាភិបាលកម្ពុជា ក្រោយពីប្រទេសវៀតណាម ខេត្តដាណាង បានផ្ទុះករណីកូវីដ-១៩។

លោក ថង សាវុន បានបន្តណែនាំដល់កងកម្លាំងសមត្ថកិច្ចពាក់ព័ន្ធទាំងអស់ត្រូវអនុវត្តឲ្យបាននូវតួនាទី ភារកិច្ច និងគោលការណ៍ណែនាំអំពីវិធានការនានាពាក់ព័ន្ធនឹងការបង្ការ និងទប់ស្កាត់មេរោគកូវីដ-១៩ និងសហការឲ្យបានជិតស្និទ្ធជាមួយសមត្ថកិច្ចប្រទេសជិតខាង ក្នុងការងារផ្លាស់ប្តូរព័ត៌មានគ្នាទៅវិញទៅមកពីស្ថានភាពការឆ្លងរាលដាលមេរោគកូវីដ-១៩។

សូមជម្រាបថា សកម្មភាពនោះក៏មានការអមដំណើរដោយលោកអភិបាលរងខេត្ត មេបញ្ជការ មេបញ្ជាការរងកងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទផងដែរ៕